បន្ទាយមានជ័យ ៖ ករណីភ្លើងប្រចណ្ឌ ឬជាស្នេហាត្រីកោណ ដែលបណ្តាលឲ្យនារីវ័យក្មេងម្នាក់រង របួសរលាកពេញខ្លួន ពេញផ្ទៃមុខ និងនារីពីរនាក់ផ្សេងទៀត រងរបួសតិចតួច ខណៈជនមិនស្គាល់មុខជះទឹកអាស៊ីតលើ ពេលកំពុងអង្គុយ ហូបគុយទាវ នៅផ្សារអគ្គថ្មី ស្ថិតក្នុង សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ ។

តាមសម្តីនគរបាល ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ស្ដ្រីរងគ្រោះមានឈ្មោះ តាំង មួយជូ ហៅម៉ី អាយុ ៣០ឆ្នាំ មានមុខរបរលក់ផ្លែឈើ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។នៅមុនពេលកើតហេតុគេបានឃើញ នារីរងគ្រោះមកអង្គុយហូបគុយទាវ ក្រោយបន្ដិចគេបានឃើញស្ដ្រីវ័យកណ្ដាលម្នាក់ មិនស្គាល់អត្ដសញ្ញាណបានកាន់ដបទឹក អាស៊ីតមកចាក់ និងជះលើនារីរងគ្រោះ រួចក៏បានគេចខ្លួនបាត់តែម្ដង ។ នារីរងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក មង្គល បុរីភ្លាមៗ ដើម្បីធ្វើការសង្រ្គោះបន្ទាន់ ។

លោក អឹម សុភារៈ នាយប៉ុស្ដិ៍រដ្ឋ បាលសង្កាត់ប៉ោយប៉ែត បាននិយាយថា នៅកន្លែងកើតហេតុគេបានរកឃើញដបច្រកទឹកអាស៊ីតចំនួន ២ និងផ្ដិលដែក មួយព្រមទាំងកាបូបមួយផងដែរ ។

ប្រភពពីកន្លែងកើតហេតុ បាននិយាយថា នារីរងគ្រោះ មានទំនាក់ទំនង ជាមួយនឹងបុរសម្នាក់ ឈ្មោះធី ដែលបុរសរូបនេះមានប្រពន្ធ និងថែមទាំងមានកូនទៀតផង ។ នារីរងគ្រោះគេសង្ស័យថា ជាប្រពន្ធចុងឬស្រី លួចលាក់របស់បុរសឈ្មោះ ធី នេះ ។

គេកំពុងសង្ស័យថា អ្នកដែលជះទឹក អាស៊ីតនោះ អាចជាប្រពន្ធដើមរបស់បុរស ឈ្មោះធី តែយ៉ាងណាក៏ដោយ នេះគ្រាន់ តែជាការសន្និដ្ឋានប៉ុណ្ណោះ រឿងពិតយ៉ាង ណាសមត្ថកិច្ចមូលដ្ឋានកំពុងបើកការ ស៊ើបអង្កេត និងស្រាវជ្រាវ ។

ស្ដ្រី២នាក់ផ្សេងទៀត ដែលអង្គុយ ហូបគុយទាវនៅក្បែរនារីរងគ្រោះ រងរលាកដោយទឹកអាស៊ីតដែរនោះមិនត្រូវបានគេបង្ហើបឲ្យស្គាល់ឈ្មោះនោះទេ ខណៈគេដឹងថា នារីរង គ្រោះកំពុងស្ថិតនៅក្នុងការជួយ សង្គ្រោះ ក្នុងមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ជប៉ុន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល