បាងកក៖ សមត្ថកិច្ចទទួល បន្ទុកផ្នែកបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យា ស្នើឲ្យក្រុមហ៊ុនផ្តល់
សេវាកម្មបណ្តាញ ទំនាក់ទំនងសង្គម របស់ជប៉ុន ផ្តល់ទិន្នន័យអ្នក ប្រើប្រាស់ក្នុងប្រទេសថៃ
តែមិនទាន់មាន ការឆ្លើយតប។

យោងតាមគេហទំព័រ Thai News នៅថ្ងៃ អង្គារ ទី ១៣ ខែ សីហា ឆ្នាំ ២០១៣ នេះបានឲ្យដឹង
ថា ឧត្តមសេនីយ៍ ភិស៊ីត ប៉ៅថងអ៊ីន មេបញ្ជាការទទួលបន្ទុក ផ្នែកបង្ក្រាបបទល្មើស ពាក់ព័ន្ធ
នឹងប្រព័ន្ធ បច្ចេកវិទ្យា បានថ្លែងថា ខណៈ នេះអង្គភាព របស់លោក បានដាក់លិខិតស្នើ ទៅ
កាន់ក្រុមហ៊ុន Naver Japan ដែលជាស្ថាបនិក កម្មវិធី Line ដែលជាកម្មវិធីផ្តល់សេវាកម្ម
បណ្តាញទំនាក់ទំនង សង្គម ឬ Social Network ឲ្យផ្តល់ទិន្នន័យ ឈ្មោះអ្នកប្រើប្រាស់ និង ការ
សន្ទាតាម Line ដើម្បីការពារការផ្តល់ព័ត៌មាន បង្កឲ្យមានផលប៉ះពាល់ សន្តិសុខជាតិ ព្រោះ
បច្ចុប្បន្នក្នុង ប្រទេសថៃ មានអ្នកប្រើប្រាស់ Line ច្រើនជាង ១៥ លាននាក់។

លោក ភិស៊ីត បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យសមត្ថកិច្ច ចាប់ផ្តើមធ្វើការគ្រប់គ្រង លើ
ប្រព័ន្ធ Online ជាពិសេសកម្មវិធី Line ព្រោះនៅពេលថ្មីៗនេះ មានអ្នកក្រុមអ្នកលេង បណ្តាញ
ទំនាក់ទំនងសង្គម បានបង្ហោះ និង ចែករំលែក ព័ត៌មានមិនពិត ជាហេតុធ្វើឲ្យសង្គមមាន ភាព
ចលាចល និង ប៉ះពាល់ដល់ សន្តិសុខជាតិ។

លោក ភិស៊ីត បានបន្ថែមទៀតថា ដើម្បីអនុវត្តន៍វិធានការនេះ ឲ្យមានប្រសិទ្ធិភាព អាជ្ញាធរ
នឹងធ្វើការស្រាវជ្រាវ ស្វែងរកជនណា ដែលបាន ចុច Like ឬ Share លើព័ត៌មានចចាមរាម
ពាក់ព័ន្ធនឹង សន្តិសុខជាតិ នឹងជាប់ទោស ព្រហ្មទណ្ឌ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល