(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា ក្រសួងមហាផ្ទៃ នឹងចាត់វិធានទៅលើមន្រ្តីណា ដែលយកទ្រព្យសម្បត្តិរបស់អង្គភាព ទៅលក់បន្តឲ្យបុគ្គលផ្សេង ក្នុងនោះរាប់ទាំងការយករថយន្តពាក់ស្លាកលេខនគរបាលផងដែរ។

ការអះអាងបែបនេះរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានករណីបែកធ្លាយ មន្រ្តីផ្កាយ២ នៅក្រសួងមហាផ្ទៃម្នាក់ឈ្មោះ រស់ ឧស្សហ៍ បានលក់រថយន្តស្លាកលេខនគរបាលរបស់ខ្លួន ទៅលក់ឱ្យបុរសម្នាក់ ដែលក្រោយមកទើបដឹងថា ជាឈ្មួញជួញដូរគ្រឿងញៀន ដែលបង្រ្កាបដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញនាថ្មីៗនេះ។

លោក ខៀវ សុភ័គ បានថ្លែងថា «ក្រសួងមហាផ្ទៃនឹងចាត់វិធានក្តៅភ្លាម ដោយដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីចាត់ការលើមន្រ្តីរូបណា ដែលយកទ្រព្យសម្បត្តិ របស់អង្គភាពទៅលក់បន្តឲ្យបុគ្គលផ្សេងទៀត។ ការធ្វើបែបនេះ គឺជាការបំពានទៅលើកិច្ចសន្យារបស់អង្គភាព ដែលបានចែងថា មន្រ្តីនៅក្នុងអង្គភាព គ្មានសិទ្ធ លក់ ដូរទ្រព្យសម្បត្តិរបស់អង្គភាពទៅ ឲ្យអ្នកដទៃឡើយ។ បើរកឃើញថា មន្រ្តីរូបនោះ ប្រព្រឹត្តខុសទៅនឹងកិច្ចសន្យា អង្គភាព នឹងប្តឹងទៅតុលាការ ឲ្យចាត់ការតាម ច្បាប់ភ្លាម»។

លោក ខៀវ សុភ័គ បានបន្តថា ករណីមន្រ្តីអង្គភាពយកសម្បត្តិរបស់អង្គភាពទៅលក់ឲ្យអ្នកដទៃ គឺនៅមានច្រើនករណី ទៀតដូចនេះ លោកស្នើឲ្យមន្រ្តីនៅក្នុងអង្គភាពរូបណា ដែលដឹងខ្លួនថា បានប្រព្រឹត្តខុស ដោយមានការលក់ទ្រព្យសម្បត្តិរបស់អង្គភាព ត្រូវប្រញាប់ទៅដោះស្រាយជាបន្ទាន់ តែបើក្រសួងរកឃើញជាក់ស្តែងថា បានប្រព្រឹត្តខុសមែន ក្រសួងនឹងប្តឹងទៅតុលាការ ឲ្យចាត់ការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងនោះឡើយ។

កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅ មានករណីបង្រ្កាបគ្រឿងញៀន ដ៏ធំមួយ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតដល់មានមន្រ្តីអាវុធហត្ថម្នាក់បានស្លាប់ បន្ទាប់ពីក្រុមគ្រឿងញៀនទាំងនោះ បានបាញ់តដៃមកលើសមត្ថកិច្ច ដែលឡោមព័ទ្ធផ្ទះរបស់ពួកគេ ដែលបន្លំដាក់លក់ជ្រូកខ្វៃ។

ទោះជាយ៉ាងណា ប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានបាញ់សម្លាប់មេខ្លោងគ្រឿងញៀនវិញផងដែរ។ បន្ទាប់ពីបើកប្រតិបត្តិការបង្រ្កាបដ៏កក្រើកនេះ សមត្ថកិច្ចបានចាប់ខ្លួនបក្ខពួកជួញដូរគ្រឿងញៀន៥នាក់ ជាមួយនឹងការដកហូតកាំភ្លើងវែង-ខ្លី៦ដើម រឹបអូសរថយន្ត២គ្រឿង ម៉ូតូ៤គ្រឿង។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ គឺក្នុងចំណោមរថយន្ត២គ្រឿង ដែលរឹបអូសនោះមានរថយន្ត១គ្រឿង ម៉ាកអូឌី ដែលពាក់ស្លាកលេខនគរបាល 2-0621 ដែលជារថយន្តរបស់នគរបាល ដែលត្រូវបានគេអះអាងថា ជារបស់លោកឧត្តមសេនីយ៍ រស់ ឧស្សហ៍អគ្គាធិការរង នៃអគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាលនិងនគរបាល នៃក្រសួងមហាផ្ទៃ។

ករណីរបស់ លោក រស់ ឧស្សហ៍ ត្រូវបាន លោក ខៀវ សុភ័គ អះអាងថា នៅមិនទាន់មានការសម្រេចបែបណានៅឡើយទេ គឺរង់ចាំរបាយការណ៍ពីអគ្គស្នងការនគរបាលជាតិសិន បន្ទាប់ពីសមត្ថកិច្ចបានសាកសួរព័ត៌មានមួយចំនួនពីឧត្តមសេនីយ៍រូបនេះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី