ភ្នំពេញៈ បុរស២នាក់ រងរបួសបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯបុរស២នាក់ ទៀតរងរបួសធ្ងន់ និងនារី២នាក់ រងរបួសបន្តិចបន្តួចប៉ុណ្ណោះ ដោយសារតែរថយន្ត១គ្រឿង និងម៉ូតូ២ គ្រឿង ប៉ះគ្នាយ៉ាងពេញទំហឹង ក្រោយពេលកើតហេតុ រថយន្តព្យាយាមបើករត់គេច នគរបាលដេញតាម ឃាត់បាន រថយន្ត១គ្រឿងប៉ុណ្ណោះ ពុំទាន់ច្បាស់នៅឡើយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលចរាចរខណ្ឌ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់នោះ ពុំត្រូវបានស្គាល់ឈ្មោះនោះ ទេ អាយុប្រហែលជា២០ឆ្នាំ រីឯអ្នករួមដំណើរមានឈ្មោះ កែប ម៉ៃ ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិ អង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ (សម្រាកព្យាលនៅមន្ទីរពេទ្យកាល់ម៉ែត) អ្នកទាំង ៣ នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៩ ពាក់ស្លាកលេខកណ្តាល 1H-7686 រងការ ខូចខាត ស្ទើរតែទាំងស្រុង រីឯម៉ូតូ១គ្រឿងទៀត ម៉ាកសេ ១២៥ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៨ ពាក់ស្លាកលេខ កំពង់ចាម 1C-7891 បើកបរដោយបុរសពុំស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ (សម្រាកព្យាបាល នៅគ្លីនិក ឯកជន ម្តុំទួលគោក) រីឯអ្នករួមដំណើរទី១ ឈ្មោះ ស្រីម៉ុច អាយុ២២ឆ្នាំ មានមុខរបរ ជាកម្មការិនី ស្នាក់នៅ ផ្ទះជួល មានស្រុកកំណើត នៅខេត្តតាកែវ និងទី២ មានឈ្មោះ ស្រីម៉ៅ អាយុ២២ឆ្នាំ មានមុខជាកម្មការិនី ដូចគ្នា ស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំណើត នៅស្រុកអូររាំងឪ ខេត្តកំពង់ចាម ។ រីឯរថយន្តដែល ឃាត់បាននោះ ម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-4567 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។

នគរបាលដដែលបានបន្តថា មុនពេលកើតមានម៉ូតូ១គ្រឿង ស៊េរីឆ្នាំ២០០៩ ជិះគ្នា៣នាក់ តាមបណ្តោយ ផ្លូវខាងលើ ក្នុងទិសដីពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ មានម៉ូតូ១គ្រឿង ស៊េរីឆ្នាំ២០០៨ ជិះគ្នា ៣ នាក់ដែរ បើកចេញពីលិចរួចបត់ទៅជើង ស្របពេលនោះ ក៏មានរថយន្ត១គ្រឿង មកដល់ផងដែរបើកច្រាស ទិសជាមួយម៉ូតូស៊េរីឆ្នាំ២០០៩ មិនដឹងថា នរណាជាអ្នកប៉ះនរណានោះទេ បណ្តាលឲ្យ ចូលទៅរថយន្ត កិនមនុស្ស២នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ រីឯម៉ូតូត្រូវ បានចូលក្រោមរថយន្តអូស ប្រមាណជាជាង ១០ម៉ែត្រ ទើបខ្ទាតចេញ ហើយរថយន្ត ក៏ព្យាយាមបើកគេចទៅបាត់ លុះរហូតដល់សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ទើបនគរបាល ធ្វើការសហការណ៍គ្នា ឃាត់បានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយខាងលើ។

នគរបាលបានបន្តទៀតថា ក្រោយពេលកើតហេតុជនរងគ្រោះ ដែលរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយ សង្គ្រោះអាយុជីវិតបន្ទាន់ និងម្នាក់ទៀត ត្រូវបានរថយន្ត សង្គ្រោះដឹកយកទៅកាន់គ្លីនិកឯកជន ម្តុំទួលគោក ដើម្បីជួយព្យាបាលបន្ទាន់ផងដែរ រីឯនារី ២នាក់នោះ គ្រាន់តែរងរបួសបន្តិចបន្តួច ត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅព្យាបាលដោយខ្លួនឯង ចំណែកឯសព ត្រូវបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ខណ្ឌសែនសុខ ដើម្បីស្វែងរកក្រុមគ្រួសារ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងត្រូវប្រគល់ទៅការិយាល័យចរាចរជើងគោក រាជធានីយកទៅរក្សាទុក ដើម្បីរង់ ចាំដោះស្រាយគ្នាជាក្រោយ ។

នគរបាលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរខាងលើ ពុំទាន់ដឹងពីមូលហេតុច្បាស់លាស់ថា នរណាជាអ្នកបង្ក នោះទេ ហើយចំពោះរថយន្ត ដែលឃាត់បាននោះ ក៏ពុំទាន់ថា ពិតប្រាកដនៅឡើយដែរ រង់ចាំធ្វើការស្រាវ ជ្រាវបន្តជៀសវាងច្រឡំ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល