មានប្រភពពត៌មានចរចាមអារ៉ាមួយចំនួនចេញពីខាងក្រុមហ៊ុនផលិតគ្រឿងឧបករណ៍បរិក្ខារ
អេឡិចត្រូនិចក្នុងប្រទេសតៃវ៉ាន់ បានអោយដឹងថា Acer កំពុងតែធ្វើការផលិតនូវស្រឡាយ
ឧបករណ៍ Ultrabook ថ្មីមួយដែលមានអេក្រង់ទំហំ ១៥អ៊ីង ដែលភារកិច្ចផលិតនេះធ្លាក់ទៅ
លើក្រុមហ៊ុនមួយរបស់តៃវ៉ាន់មានឈ្មោះថា Pegatron Technology ជាមួយនឹងតួនាទីជា
ODM មានន័យថាក្រុមហ៊ុននេះទទួលខុសត្រូវទាំងស្រុងលើការរចនាម៉ូដ និងផលិតក្រោមការ
ណែនាំបង្ហាញដោយផ្ទាល់ពីភាគី Acer ។
បច្ចុប្បន្ន Acer មានស្រឡាយឧបករណ៍ Ultrabook មួយដែលមានឈ្មោះថា Aspire S3 មាន
អេក្រង់ទំហំ ១៣អ៊ីងនិងការធ្វើចរាចរក៏គួរសមផងដែរ។ បើយោងតាមការគ្រោងទុកថាក្នុង
កំឡុងរយៈពេលដល់ដំណាច់ឆ្នាំនេះ ក្រុមហ៊ុននឹងអាចលក់ Aspire S3 បានចំនួនចន្លោះពី
២៥០.០០០ ទៅ ៣០.០០០គ្រឿងនៅទូទាំងពិភពលោក។ ប្រហែលជាមកពីតួលេខនៃការ
លក់ចេញខ្ពស់បែបនេះហើយទើបជំរុញអោយ Acer សំរេចធ្វើការបញ្ចេញបន្ថែមនូវស្រឡាយ
នៃឧបករណ៍ Utrabook ថ្មីមួយទៀតដែលមានអេក្រង់ធំជាងមុននោះ។ ដោយឡែកប្រភព
ដដែលក៏បានអោយបន្ថែមទៀតថាឧបករណ៍ថ្មីនោះនឹងមានតំលៃត្រឹមតែ ៦៩៩ដុល្លាអាមេរិក
ប៉ុណ្ណោះ ដែលវាគឺជាតំលៃមួយដែលសមរម្យបំផុតបើធៀបជាមួយឧបករណ៍ Ultrabook របស់
ក្រុមហ៊ុនដទៃដែលកំពុងតែធ្វើចរាចរនៅលើទីផ្សារជាមួយតំលៃចាប់ពី ១០០០ដុល្លាអាមេរិក
ឡើងទៅនោះ។
ប្រសិនបើដំណឹងនេះជាការពិតនោះ Ultrabook ១៥អ៊ីង របស់ Acer នេះអាចនឹងមានវត្តមាន
ផងដែរនៅក្នុងពិធីតាំងពិព័រណ៌ CES ២០១២ ដែលនឹងប្រព្រឹត្តទៅនៅដើមឆ្នាំក្រោយនេះ៕
ប្រភព៖ SlashGear, DigiTimes
ដោយ៖ រស្មី