ពិធីតាំងពិព័រណ៌ CES ២០១២ នឹងប្រព្រឹត្តទៅនៅដើមខែមករា ឆ្នាំ២០១២ ខាងមុខនេះនៅ
ក្នុងប្រទេសអាមេរិក។ ពិធីនេះអាចនិយាយបានថាគឺជាពិធីតាំងពិព័រណ៌មួយក្នុងចំណោម
ពិធីតាំងពិព័រណ៌បច្ចេកវិទ្យាធំបំផុតក្នុងពិភពលោក និងជាទីកន្លែងដែលបណ្តាក្រុមហ៊ុន
បច្ចេកវិទ្យាទាំងឡាយធ្វើការដាក់តាំងបង្ហាញនូវសមិទ្ធិផលថ្មីៗបំផុតរបស់ខ្លួនដែលនឹងធ្វើ
ចរាចរនៅពេលបន្ទាប់។ ដោយឡែកសំរាប់ក្រុមហ៊ុន Microsoft វិញបែរជាមិនបានបង្ហាញ
ពីអារម្មណ៍រំភើបចំពោះថ្ងៃនៃព្រឹត្តិការណ៍មួយនេះឡើយ ហើយក៏បានធ្វើការបញ្ជាក់ដែរថា
នៅក្រោយពេលដែលពិធីពិព័រណ៌លើកនេះត្រូវបានបញ្ចប់នោះ Microsoft នឹងដកខ្លួនចេញ
ពី CES ។
Microsoft អោយដឹងថា" មាគ៌ានៃការបង្ហាញវត្តមានសមិទ្ធិផលរបស់យើងខ្ញុំគឺមិនសមស្រប
ទៅនឹងកាលទេសៈនៃពិធីតាំងពិព័រណ៌ទៀតនោះឡើយ។ ប៉ុន្តែអ្វីដែលយើងខ្ញុំកំពុងតែធ្វើ
ក៏ព្រោះតែវាជាកិច្ចការដ៏ត្រឹមត្រូវបំផុត? រឺក៏នោះគ្រាន់តែជាទំលាប់ដែលយើងធ្លាប់ធ្វើពីមុន
មក? " ។ Microsoft បានចោទសួរខ្លួនឯងដូច្នេះគឺនៅមុនពេលធ្វើការសម្រេចចិត្តបញ្ចប់រាល់
ទំនាក់ទំនងដែលបានអូសបន្លាយជិត ២០ឆ្នាំជាមួយសមាគមន៍អ្នកប្រើប្រាស់អេឡិចត្រូនិច
(CEA) ដែលជាអង្គភាពប្រារព្ធធ្វើពិព័រណ៌ CES។ "យើងខ្ញុំនឹងនៅបន្តតាមដានមើល CES ត
ទៅទៀត ព្រោះវាគឺជាឱកាសដ៏មានតំលៃមួយក្នុងការស្វែងរកដៃគូ ក៏ដូចជាធ្វើទំនាក់ទំនង
ជាមួយអតិថិជននៅក្នុងវិស័យឧស្សាហកម្មដែល Microsoft កំពុងចូលរួម។ ប៉ុន្តែនឹងមិនមាន
ស្តុកណាមួយរបស់ក្រុមហ៊ុនត្រូវបានដាក់តាំង ក៏ដូចជាឱកាស keynote ណាមួយត្រូវបាន
ធ្វើឡើងនៅទីនេះទៀតនោះឡើយ"។
Microsoft ក៏បានធ្វើសេចក្តីប្រកាសបន្ថែមទៀតថា" keynote សំរាប់ CES ២០១២ នឹងមិនមាន
ពត៌មានអ្វីដែលថ្មីប្លែកនោះទេ វាគ្រាន់តែជាការវាយតំលៃបូកសរុបនៃលទ្ធផលដែលទទួល
បាននៅក្នុងឆ្នាំកន្លងមកប៉ុណ្ណោះ។ នាយកប្រតិបត្តិរបស់ Microsoft លោក Steve Ballmer នឹង
ធ្វើការណែនាំឧទ្ទេសនាមបន្តិចស្តីអំពីមូលដ្ឋានគ្រឹះ Windows Phone និងសាច់រឿងស្តីអំពី
វិស័យកំសាន្ត Xbox" ទន្ទឹមនឹង" រាល់អ្វីដែលជាកត្តាដែលជុំរុញអោយមានការរីកចំរើនសំរាប់
Windows, Office, Bing..."។ ដំណឹងស្តីអំពីការដកខ្លួនចេញរបស់ Microsoft ពីពិព័រណ៌ CES
ក៏ត្រូវបាន CEA ទទួលស្គាល់ជាផ្លូវការតាមរយៈការធ្វើសេចក្តីថ្លែងការណ៍មួយដែលទើបតែ
បានប្រកាសកាលពីពេលថ្មីៗនេះផងដែរ៕
ប្រភព៖ SlashGear, BGR
ដោយ៖ រដ្ឋា