(ភ្នំពេញ)៖ គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៧៦២គ្រាប់ ត្រូវបានរកឃើញនៅក្នុងដំណាក់កាល សាងសង់ផ្លូវជាតិលេខ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មា ដែលលាតសន្ធឹងចាប់ពីក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រវែងជាង ១២៤គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៥៦នេះ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ស្អែកនេះ ក្រោយបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០១៥ ដោយចំណាយថវិកាប្រមាណ ៤៥លានដុល្លារអាមេរិក។

ផ្លូវជាតិលេខ៥៦ និងផ្លូវចូលទៅប្រាសាទបន្ទាយឆ្មា គឺជាផ្លូវដែលលាតសន្ធឹងតាមបណ្តោយព្រំដែនខ្មែរ-ថៃ ហើយជាតំបន់សមរភូមិប្រយុទ្ធរវាងខ្មែរ និងខ្មែរ ចាប់ពីដើមទសវត្សរ៍ឆ្នាំ៨០ រហូតដល់ចុងទសវត្សរ៍ឆ្នាំ៩០ មុនពេលមានការបង្រួបបង្រួម របស់នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេច។ ក្រសួងសាធារណការបានឲ្យដឹងការសាងសង់ផ្លូវមួយខ្សែនេះ គឺបានរកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះច្រើនជាងគេ ក្នុងប្រវត្តិសាស្រ្ត នៃការសាងសង់ផ្លូវ របស់ក្រសួងសាធាណការ។

ផ្លូវជាតិលេខ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មារ ប្រវែងសរុប ១២៤,២០គីឡូម៉ែត្រ ដែលក្នុងនោះមានផ្លូវជាតិលេខ៥៦ (តាមគន្លងវាងប្រាសាទ) ប្រវែង១១៣,៤៥គីឡូម៉ែត្រ ចាប់ពីក្រុងសិរី-សោភ័ណ ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងផ្លូវចូលប្រាសាទប្រវែង ១០,៧៥គីឡូម៉ែត្រ មានទទឹងសរុប១១ម៉ែត្រ ផ្ទៃនៃទ្រូងផ្លូវជាប្រភេទកំរាលថ្មស្រោចកៅស៊ូស្តើងពីរស្រទាប់ DBST មានទទឺង១០ម៉ែត្រ មានគន្លងផ្លូវ២ សម្រាប់រថយន្ត គន្លងនីមួយៗ មានទទឹង៣,៥០ម៉ែត្រ គន្លងពីរសម្រាប់ទោចក្រយានយន្ត គន្លងនីមួយៗមានទទឹង១,៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាងទទឹង០,៥០ម៉ែត្រ សាងសង់ស្ពាន២កន្លែង ប្រវែងសរុប៦៦ម និងសាងសង់លូគ្រប់ប្រភេទចំនួន១៦៨កន្លែង ប្រវែងសរុប២៤១៧ម៉ែត្រ។

គម្រោងស្ថាបនាផ្លូវ ទិសពាយ័ព្យផ្លូវជាតិលេខ៥៦ ចំណាយថវិកាសរុប ប្រមាណ៤៥លានដុល្លារអាមេរិក ដែលក្នុងនោះ ១៦លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីធនាគារអភិវឌ្ឍអាស៊ី ADB និង២៩លានដុល្លារអាមេរិកទៀត ជាកម្ចីឥណទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនសម្រាប់ការដោះមីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងដោះស្រាយផលប៉ះពាល់។ ផ្លូវនេះ បានចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១១ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០១៥។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យ Fresh News ដឹងថា ផ្លូវជាតិលេខ៥៦នេះ គឺជាផ្លូវយុទ្ធសាស្ដ្រយ៉ាងសំខាន់ តភ្ជាប់ខេត្តបន្ទាយមានជ័យ ទៅនឹងខេត្តឧត្តរមានជ័យ ព្រមទាំងជាផ្លូវផ្គត់ផ្គង់សមរភូមិ ដើម្បីឈរយ៉ាងរឹងមាំ និងយកប្រៀបការពារខ្សែក្រវាត់ព្រំដែនទិសពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានបន្តថា បន្ទាប់ពីសាងសង់រួច ផ្លូវជាតិលេខ៥៦នេះ នឹងក្លាយជាចំណងដៃដ៏ពិសិដ្ឋ ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការ នៃការដឹកជញ្ជូន និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ក្នុងការទំនាក់ទំនង និងការធ្វើដំណើររវាង ខេត្ដបន្ទាយមានជ័យ ឧត្តរមានជ័យ និងតំបន់ភូមិភាគខាងជើងទាំងមូល ព្រមទាំងតភ្ជាប់ទៅតំបន់ប្រាសាទព្រះវិហារ ដែលជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត ដ៏រុងរឿងរបស់កម្ពុជា ជាបេតិកភណ្ឌពិភពលោក និងជាទ្រព្យសម្បតិ្តដ៏មានតំលៃរបស់មនុស្សជាតិទាំងមូល។

លើសពីនេះទៀត ប្រជាពលរដ្ឋនៅខេត្ដបន្ទាយមានជ័យ ឧត្តរមានជ័យ អាចធ្វើដំណើរឆ្លងទៅខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦២ បន្តតាមផ្លូវជាតិលេខ៩ ឆ្លងស្ពានទន្លេមេគង្គ ឆ្ពោះទៅខេត្តស្ទឹងត្រែង នឹងអាចបន្តឆ្ពោះទៅរតនគីរី និងទៅព្រំប្រទល់វៀតណាម តាមផ្លូវជាតិលេខ៧៨ ឬក៏បន្តទៅព្រំប្រទល់ឡាវតាមផ្លូវជាតិលេខ៧ ផងដែរ។ផ្លូវនេះនឹងរួមចំណែកផងដែរ ដល់ការជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម លើកកំពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការធ្វើសមាហរណកម្មផ្ទៃក្នុងជាតិ និងដើម្បីពង្រឹងប្រៀបការពារបូរណភាពដែនដី ពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឲ្យបានរឹងមាំ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី