នគរបាលត្រួតពិនិត្យព្រំដែនថៃម្នាក់ បានបាញ់មិត្តរួមក្រុមរបស់ខ្លួន ចំនួន ៧នាក់ បណ្ដាល
អោយ ៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ បន្ទាប់មក បុរសនេះក៏ធ្វើអត្ដឃាត។
ប្រភពព័ត៌មានពីនគរបាល បានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលា
ម៉ោង ២២និង ៣០នាទី ក្នុងថ្ងៃទី ២៧ នៅខាងក្រោយមូលដ្ឋាននៃកងឆ្មាំព្រំដែនលេខ ៤៣
ស្ថិតនៅឃុំខ្វានម៉ាប្រៅ ស្រុកមួង ខេត្តផាថាលុង ប្រទេសថៃ។ លោក Yongsak Rattanadilok
មេបញ្ជាការនៃកងការពារព្រំដែននេះ បានអោយដឹងថា ហេតុការនេះបានកើតឡើងនៅពេល
ពួកគេជប់លៀងអបអរសមាជិកម្នាក់ក្នុងចំណោមពួកគេ ត្រូវបានដំឡើងឋានន្ដរស័ក្ដិជាពល
បាលត្រី។
ប៉ុន្ដែ ម្នាក់ក្នុងចំណោមពួកគេគឺនាយទាហាន Jaras Surasak អាយុ៥៦ឆ្នាំបានទៅដល់កន្លែង ផឹកស៊ីនោះ រួចបានប្រើកាំភ្លើងប្រភេទ HK33 បាញ់ទៅមនុស្សទាំង ៧នាក់នោះ បណ្ដាល
អោយស្លាប់ ៦នាក់ និងរងរបួសធ្ងន់ម្នាក់។
ក្រុមមន្ដ្រីដែលត្រូវបានសម្លាប់នោះ ត្រូវបានគេដឹងថា មានឈ្មោះ Sompong Kansuwan
អាយុ៥៧ឆ្នាំ, Surachet Srikaewfaek អាយុ ៥៤ឆ្នាំ, Somporn Poonsombat អាយុ ៥៣ឆ្នាំ,
Narong Tangsakul ៥២ ឆ្នាំ, Jitsutha Linkoe ៥០ឆ្នាំ, និង Somporn Boonchuay អាយុ ៥៧ឆ្នាំ។
ក្រុមមនុស្សដែលត្រូវបានគេបាញ់ប្រហារទាំងនោះ សុទ្ធតែត្រូវបានដំឡើងឋានន្ដរស័ក្ដិជា
មន្ដ្រីនៅក្នុងកងកម្លាំងនគរបាលនៃប្រទេសថៃ។ មន្ដ្រីនគរបាលម្នាក់ដែលបានរងរបួសនៅ
ក្នុងហេតុការណ៍នោះ មានឈ្មោះថា Manas Inkaew អាយុ ៣៩ឆ្នាំ កំពុងត្រូវបានសង្គ្រោះ
បន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្ដែមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងពីស្ថានភាពសុខភាព
យ៉ាងណានៅឡើយ។
បន្ទាប់ពីបានសម្លាប់មិត្តរួមក្រុម Jaras បានដើរទៅកាន់ប៉មយាម រួចក៏បានធ្វើអត្ដឃាតដោយ
កាំភ្លើងដែលខ្លួនបានប្រើប្រាស់ក្នុងការបាញ់ប្រហារនោះ។ បច្ចុប្បន្ន គេមិនទាន់ដឹងពីមូល-
ហេតុនៃអំពើរឃាតកម្មនេះនៅឡើយ ទោះជាយ៉ាងនេះក្ដី ក្រុមមន្ដ្រីបាននិយាយថា ទំនាស់
ផ្ទាល់ខ្លួនអាចជាមូលហេតុសំខាន់ បណ្ដាលអោយកើតមានអំពើរសាហាវបែបនេះ។
ក្នុងខណៈនោះដែរ លោក Veerasit Phetkhlai មេបញ្ជាការកងកម្លាំងនគរបាលជាតិនៃខេត្ត
ផាថាលុង បានអោយដឹងថា បញ្ហានេះកំពុងត្រូវបានក្រុមមន្ដ្រីជំនាញ ធ្វើការស៊ើបអង្កេត៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Infonet