តាកែវ ៖ អធិការនគរបាល ស្រុកទ្រាំង ខេត្តតាកែវ លោក ទៀង ម៉ាលី បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា កម្លាំងនគរបាល របស់លោក បានឃាត់ខ្លួន ជនបង្ក ជាបងថ្លៃ ដែលបានវាយ សម្លាប់ប្អូនថ្លៃ របស់ខ្លួន ជាបុគ្គលិកធនាគារ អេស៊ីលីដា សាខាផ្សារអង្គតាសោម កាលពីវេលា ម៉ោងជាង៩យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោយធ្វើការ ឡោមព័ទ្ធ និងដេញតាមអស់ រយះពេលប្រមាណ ជាង២ម៉ោង ក្រោយធ្វើសកម្មភាព ។

លោក ទៀង ម៉ាលី បានបញ្ជាក់ថា ក្រោយធ្វើសកម្មភាព សម្លាប់ប្អូនថ្លៃរបស់ខ្លួន ដោយវាយនឹងដំបង និងរឹតក រួចហើយ ជនសង្ស័យ ដែលជាមនុស្សមិនសូវគ្រប់ទឹកនោះ បានរត់គេចខ្លួន ទៅវាលស្រែ ភ្លាមៗនោះ លោកបានដឹកនាំកម្លាំង នគរបាល ទាំងថ្នាក់អធិការ និងឃុំ ចុះទៅឡោមព័ទ្ធ តែដោយសារ តែងងឹតមើលមិនឃើញ ក៏នៅតាមដាន នៅទីនោះដែលជនបង្ក កំពុងលាក់ខ្លួន។

លោកថា ក្រោយមកនៅ វេលាម៉ោងជាង៩យប់ថ្ងៃ ជនសង្ស័យបានរត់ចូលភូមិវិញ និងរត់ឡើងទៅលើផ្ទះ ដែលគ្មានមនុស្សនៅ ហើយ កម្លាំងនគរបាល របស់លោក បានធាក់ទ្វារចូល ទៅចាប់ខ្លួនតែម្តង។

បើតាមលោក ទៀង ម៉ាលី ក្រោយចាប់ខ្លួន និងព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ជនសង្ស័យ ស្ថិតក្រោមការឃុំខ្លួន នៅអធិការដ្ឋាន នគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា បុគ្គលិកធនាគារ អេស៊ីលីដា សាខាស្រុកផ្សារអង្គតាសោម ម្នាក់ត្រូវបានបងថ្លៃ ដែលមានសតិមិនគ្រប់ យកដំបង វាយ ហើយយកខ្សែរឹតក បណ្តាលឲ្យស្លាប់ ខណៈជនរងគ្រោះ បានយកបាយ សម្ល និងថ្នាំពេទ្យ ទៅឲ្យជនដៃដល់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង៧យប់ ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៤ ស្ថិតនៅក្នុង ភូមិកន្ទួត ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ។ អធិការនគរបាល ស្រុកទ្រាំង លោក ទៀង ម៉ាលី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ធុន រ៉ា ភេទប្រុស មានអាយុ ៣១ឆ្នាំ មានប្រពន្ធ និងកូន២នាក់ ចំណែកជនជនសង្ស័យដែលជាបងថ្លៃ ឈ្មោះ ទា រ៉ា ភេទប្រុស មានអាយុ២៩ឆ្នាំ ស្នាក់នៅក្នុង ភូមិឃុំកើត ហេតុខាងលើ។

លោក ទៀង ម៉ាលី បានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានទៅជាមួយ បងប្អូនម្នាក់ យកបាយ សម្ល និងថ្នាំពេទ្យទៅឲ្យជនសង្ស័យ ដែលជាបងថ្លៃ នៅផ្ទះក្បែរគ្នា បន្តិចក្រោយមកដឹងមានមូលហេតុអ្វី ស្រាប់តែ បងថ្លៃ មានសតិមិនគ្រប់នោះ មួរម៉ៅ រួចយកដំបងវាយ ទៅលើជនរងគ្រោះ និងបានយកខ្សែ រឹតក បណ្តាលឲ្យស្លាប់រួចរត់គេចខ្លួន ទើបត្រូវបានចាប់មកវិញ នៅជាង២ម៉ោងក្រោយ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល