ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀង នៅក្នុងស្រុកខ្មែរ បានចាប់ផ្ដើមលេចវត្តមានឡើងវិញ ជាបន្តបន្ទាប់ ក្រោយពីបាត់មុខអស់រយៈពេល យូរក្រែងមកហើយ។ កម្មវិធីប្រឡងចម្រៀង កំពុងតែទទួលបានការ គាំទ្រខ្លាំងគួរសម ត្រូវបានគេមើលឃើញថា ស្ថិតនៅក្នុងស្ថានីយទូរទស្សន៍ អប្សរា គឺកម្មវិធី "ផ្កាយរះក្នុងសួន" ជាការដឹកនាំរបស់ លោក ហ្វៃ សំអាង អ្នកផលិតកម្មវិធីវ័យចំណាស់ សម្បូរបទពិសោធន៍ ។ ដោយឡែក ក្នុងស្ថានីទូរទស្សន៍ CTN ក៏បានបង្កើតកម្មវិធីថ្មីមួយ ផ្ដល់ឱកាសឲ្យមហាជនទូទៅ មានទេពកោសល្យសិល្បៈ បញ្ចេញសមត្ថភាព ជាស្ពានដើរឆ្ពោះ ក្លាយទៅជាតារាល្បី គឺកម្មវិធី"សំនៀងចែងចាំង" ដែលទើបតែដំណើរការ បានប្រហែលជា៣សប្ដាហ៍ប៉ុណ្ណោះ។

យ៉ាងណាមិញ ងាកមកកាន់ស្ថានីយទូរទស្សន៍ ហង្សមាស ឯណេះវិញ ក៏បានសុំទិញសិទ្ធិ ពីអ្នកផលិតកម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក "The Voice" ដើម្បីធ្វើការជ្រើសរើស បេក្ខជន-បេកនារី ជាយុវវ័យ ក្នុងប្រទេសកម្ពុជា ដែលនឹងដំណើរការ ក្នុងខែមិថុនា ខាងមុខនេះហើយ ។ ជាការពិត កម្មវិធីប្រឡងចម្រៀង ដែលផលិតដោយកូនខ្មែរសុទ្ធសាធ លើកញ្ចក់ទូរទស្សន៍ស៊ីធីអិន កំពុងតែពេញនិយមគួរសម គឺមានកំពូលតារាចម្រៀងស្រី ល្បីយូរឆ្នាំ អ្នកនាង ម៉េង កែវពេជ្ជតា លោក សូរ ស្រណោះ លោក ឃុន សិទ្ធិស័ក្តិ កញ្ញា ហង្ស សុជាតា ធ្វើជាគណៈកម្មការឲ្យពិន្ទុ ដល់បេក្ខជន និងបេក្ខនារី។

កម្មវិធីប្រឡងចម្រៀង "សំនៀងចែងចាំង" បានដំណើរការ អស់រយៈពេលបីសប្ដាហ៍ មកហើយ។ រីឯការប្រកួតវិញ ក៏ស្វិតស្វាញប្រៀបបាននឹង សមរភូមិក្ដៅគគុក ឈុតឆាកប្រយុទ្ធ ស៊ីសាច់ហូតឈាម លើវេទិការតន្ត្រី បង្កើតជាផ្ទាំងទស្សនីយភាព ដ៏គួរឲ្យចង់តាមដាន ។ អ្វីដែលគួរឲ្យទាស់ភ្នែក និងទាស់ត្រចៀកបំផុត គឺការឲ្យដំបូន្មាន របស់គណៈកម្មការមួយរូប គឺ លោក ឃុន សិទ្ធិស័ក្តិ ជាអ្នកបានបញ្ចប់ ការសិក្សាផ្នែក បរិញ្ញាបត្រតន្រ្តី និង សូរសំឡេង ពិសេសជាអនុបណ្ឌិត ពីក្រៅប្រទេសទៀតផង ដែលការដាក់ពិន្ទុ របស់លោក មានភាពសិ្វត កំណាញ់ជាងគេ ។ កាន់តែហួសចិត្តជាងនេះ គឺលោកហាក់បីដូចជា មិនសូវដឹងពីបច្ចេកទេសច្រៀងប៉ុន្មានទេ ប៉ុន្តែបែរជាឲ្យដំបូន្មាន ទៅបេក្ខជន-បេក្ខនារីទៀត ធ្វើឲ្យអ្នកប្រឡង ចង់វិលវល់អស់ហើយ។

ដោយឡែក សម្រាប់ប្រិយមិត្ត ក្នុងហ្វេសប៊ុកឯណោះវិញ មិនបានត្រឹមតែរិះគន់ លោក ឃួន សិទ្ធិស័ក្ដិទេ ថែមទាំងជេរប្រទិចលោកទៀតផង ។ អ្នកលេងហ្វេសប៊ុកម្នាក់ មានគណនីដាក់ឈ្មោះថា "Meng you" បានបញ្ចេញមតិរិះគន់ លោក ឃួន សិទ្ធិស័ក្ដិ ថា ជាគណៈកម្មការ មិនស្គាល់តិចនិច(បច្ចេកទេសច្រៀង) ក៏ឡើងជាគណៈកម្មការឲ្យពិន្ទុគេដែរ ។

ជាការពិតអ្នកឡើងប្រឡង តែងតែចង់បានការកែតម្រូវ ពីគណៈកម្មការ មិនមែនត្រូវការ ការបន្ទោសបង្អាប់ បែបមិនសូវឲ្យតម្លៃ លើមនុស្សដូចគ្នាយ៉ាងនេះទេ ។ ទោះជាយ៉ាងណា ទស្សនិកជនដែលបានតាមដាន ទស្សនាកម្មវិធីនេះ នឹងសង្ឃឹមថា លោក ឃួន សិទ្ធិស័ក្តិ នឹងកែប្រែនូវចំណុច អវិជ្ជមានទាំងនេះចោល និងរិះរកនូវអ្វីដែលល្អៗ ដើម្បីប្រាប់ទៅដល់ បេក្ខជន-បេក្ខនារី យកជាគំរូតាម ពេលឡើងផ្ដល់ពិន្ទុ លើកក្រោយៗទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល