ភ្នំពេញៈ ក្រោយពី កញ្ញា អ៊ឹង និមល បានយករូបថតជាច្រើនសន្លឹក ដែលនាងបានថត បង្ហាញភាពស្និទ្ធស្នាល ឱបថើបគ្នាយ៉ាងត្រេកត្រអាល ជាមួយ លោក ចន ច័ន្ទតារា នៅលើបណ្តាញទំនាក់ ទំនងសង្គម Facebook របស់នាងនោះមក បានធ្វើឲ្យទស្សនិកជនជាច្រើនគិតថា នាងបានសម្ងំបង្កាត់ ភ្លើងស្នេហាស្ងាត់ៗ ជាមួយគ្នាហើយការបង្ហោះរូបនោះ គឺជាចេតនារបស់នាងចង់បង្ហាញវត្តមាន ម្ចាស់ស្នេហ៍ពិត ដើម្បីច្រានចោលព័ត៌មានស្នេហា ជាមួយអ្នកផ្សេងធ្លាប់លេចឮកន្លងមក ។

កាលពីពេលថ្មីៗនេះ តារាសម្តែង និងជាតារាបង្ហាញម៉ូដ អ៊ឹង និមល បានបង្ហាញពីភាព ផ្អែមល្ហែមឱបថើបគ្នា នៅក្រោមស្បៃរាត្រី អមដោយអាងទឹក និងទេសភាពស្រស់បំព្រង ធ្វើឲ្យស្នេហារបស់ពួកគេ ទាំងពីរនាក់ កាន់តែផ្អែមល្ហែមត្រជាក់ជាមួយគ្នា ថែមមួយកម្រិតទៀត ។ សម្រាប់រឿងនេះ វាពិតជាចម្លែកណាស់ ព្រោះថា កន្លងមកតារាស្រីល្បីឈ្មោះ គួរសម កញ្ញា អ៊ឹង និមល មិនធ្លាប់បានបង្ហាញ សញ្ញាវិជ្ជមានជាមួយ ប្អូនប្រុសរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ដោយបើកចំហរឡើយ ។ តែផ្ទុយទៅវិញនាងបែរជា មានព័ត៌មានទំនាក់ទំនងស្នេហា ជាមួយបុរសផ្សេងទៅវិញ ។

ប្រភពពីអ្នកជិតដិត កញ្ញា អ៊ឹង និមល បានប្រាប់ឲ្យដឹងថា រឿងស្នេហារវាងអ្នកទាំងពីរនោះ មិនមែនជាការពិតឡើយ ពួកគេរាប់អានគ្នា ត្រឹមតែជាមិត្តភក្តិ រួមអាជីពតែប៉ុណ្ណោះ។ សម្រាប់ការថើប ឬកៀកកើយគ្នានេះ គ្មានអីធំដុំ ដល់ថ្នាក់ទាល់តែមានស្នេហាជាមួយគ្នា ទើបអាចធ្វើបែបនេះបានទេ គឺជារឿងធម្មតាសម្រាប់អ្នកសិល្បៈទាំងអស់ នៅពេលដែល ពួកគេជួបជុំគ្នា ក្រៅឆាក ។

ប្រភពដដែលបានប្រាប់ទៀតថា គ្រាន់តែឃើញបង្ហាញរូបភាព ទាំងនោះ ធ្វើឲ្យទស្សនិកជន យល់ច្រឡំ ហេតុដូចនេះ ហើយទើបគេចង់ ចេញមុខបកស្រាយ ជំនួសម្ចាស់សាម៉ីខ្លួនទាំងពីរនាក់ថា រឿងស្រឡាញ់គ្នា គឺមិនមែនជារឿងពិតនោះទេ ហើយក៏គ្មានថ្ងៃដែលពួកគេស្រឡាញ់គ្នា ដូចពាក្យចចាមអារ៉ាមនោះឡើយ គ្រាន់តែជាឆាកល្ខោនបន្លំភ្លែកមហាជន ដើម្បីទាញយកការ ចាប់អារម្មណ៍ប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល