កំពង់ចាម ៖ ជុំវិញរឿងរ៉ាវ ដែលត្រូវគេបង្ហោះ និងចែករំលែក តៗគ្នា តាមប្រព័ន្ធហ្វេសប៊ុក អំពីនារីក្រមុំ លក់ផ្លែឈើម្នាក់ នៅផ្សារ ខេត្តកំពង់ចាម ត្រូវជនមានអំណាច ចាប់យកទៅរំលោភ និងបន្តយកទៅឃុំឃាំង នៅពន្ធនាគារកាលពីឆ្នាំមុននោះ ត្រូវបានអភិបាល ខេត្តកំពង់ចាម លោក លន់ លឹមថៃ បានណែនាំទៅ ស្នងការនគរបាល ខេត្តកំពង់ចាម បើកការស៊ើបអង្កេត និងរកមូលហេតុពិត ហើយតាមចាប់ជនដៃដល់ យកទៅផ្តន្ទាទោស តាមផ្លូវច្បាប់។

ជុំវិញករណីនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាក់ថា ក្រោយពីមានការណែនាំ ពីសំណាក់ អភិបាលខេត្តរួចមក លោកបានបង្កើត មន្រ្តីនគរបាល ជំនាញមួយក្រុម ចុះធ្វើការស្រាវជ្រាវ លើករណីនេះ ដើម្បីរកឲ្យ ឃើញការពិត និងតាមស្វែង រកចាប់ខ្លួនជនបង្កពិតប្រាកដ ។

ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ បែន រ័ត្ន បានបន្តទៀតថា «រហូតមកដល់ពេលនេះ ខ្ញុំបានរៀបចំ ក្រុមការងារពិសេសមួយ ចុះស្រាវជ្រាវ រឿងនេះឡើងវិញ ដើម្បីរកឲ្យឃើញថាតើ អ្នកណាខុស អ្នកណាត្រូវ ហើយក៏បានទទួលការណែនាំ ពីអភិបាល អំពីនីតិវិធីដែលត្រូវធ្វើ អ្នកខុស មិនត្រូវយោគយល់ឡើយ»។ បើតាមលោកស្នងការ រឿងហេតុការណ៍ ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ ហើយវាមានរយះពេលមួយឆ្នាំ មកហើយ ។

យ៉ាងណាក៏ដោយ ស្រ្តីម្នាក់ដែលអះអាង ជាម្តាយ របស់នារីរងគ្រោះ បានចេញមុខ លើកឡើងថា រឿងនេះមិនពិត ហើយបានដាក់ពាក្យបណ្តឹង ទៅតុលាការ ដើម្បីជួយតាមរកជនដែល បង្កើតរឿងនេះឡើង។

អ្នកស្រី ផេង ផារ៉ាន់ អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិវាលវង់ សង្កាត់វាលវង់ ក្រុងកំពង់ ចាម កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ បានដាក់ពាក្យប្តឹង ចូលសាលាដំបូង ខេត្តកំពង់ចាម ឲ្យជួយ ស្រាវជ្រាវចាប់ ជនមិនស្គាល់មុខ និងបក្ខពួក ពីបទថា បានបរិហាកេត្តិ៍កូនស្រីរបស់គាត់ ជាសាធារណៈ តាមបណ្តាញសង្គម ហ្វេសប៊ុក កាលពីកំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១៤ ។

អ្នកស្រី ផេង ផារ៉ាន់ រៀបរាប់ក្នុងពាក្យបណ្តឹងថា កាលពីកំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១៤ មាន ជនមិនស្គាល់ឈ្មោះ និងបក្ខពួក បានធ្វើការបរិហាកេរ្តិ៍ មកលើកូនស្រីរបស់គាត់ ឈ្មោះ យ៉ុង យ៉ានិត ភេទស្រី អាយុ២៥ឆ្នាំ តាមរយៈការបង្ហោះព័ត៌មាន តាមបណ្តាញសង្គម ហ្វេសបុក ដោយប្រឌិតឡើង នូវរឿងរ៉ាវដូចខាងក្រោមនេះ ៖ នារីក្រមុំលក់ផ្លែឈើម្នាក់ នៅផ្សារតូចមួយ នៃជ្រុងផ្សារធំ នាខេត្តកំពង់ចាម បានឈ្លោះប្រកែកគ្នា រហូត មានអំពើហិង្សាកើតឡើង បង្កដោយអ្នកលក់ផ្កាពីរនាក់ ដែលមានបងប្រុស ជាមន្ត្រីនគរបាលមាន អំណាចមួយរូប ។ ដើមហេតុ បន្ទាប់ពីឈ្លោះប្រកែកគ្នា ដោយអ្នកលក់ផ្កាទាំងពីរនាក់ បានព្រួតវាយ ដោយវត្ថុរឹងមួយចំនួន ទៅលើនារីលក់ផ្លែឈើ យ៉ាងចាស់ដៃ នារីលក់ផ្លែឈើ បានទាញជញ្ជីងក្រវាត់ ទៅមក ដោយស្រែកថា កុំចូល ភ្លាមនោះ ក៏ត្រូវមុខអ្នកលក់ផ្កាឈូក ឈាមហូរយ៉ាងច្រើន ។

ភ្លាមនោះ អ្នកលក់ផ្កាបានទូរស័ព្ទហៅបងប្រុសរបស់ខ្លួន ដែលជាមន្ត្រីនគរបាល ការមកដល់របស់មន្ត្រីនគរបាល ម្នាក់នេះ បានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ដែលឈរមើល ដោយសារលោក នោះ ស្រែកថា ពួកអាហ្អែងចង់ងាប់ បាននាំគ្នាឈរមើល ។ បន្ទាប់មក មន្ត្រីនគរបាលម្នាក់នេះ ក៏ចាប់អ្នកលក់ផ្លែឈើទៅការិយាល័យ របស់នគរបាល មិនបានពីរម៉ោង ក៏បញ្ជូននាងទៅដាក់គុក នៅខេត្តកំពង់ចាម ដោយចាំរត់ឯកសារតាមក្រោយ ថែមទាំងមិនឲ្យគ្រួសារនារីលក់ផ្លែឈើ ចូលមើលឡើយ ។

ម្ចាស់អាខោនហ្វេសប៊ុករូបនេះ បានបន្ដថា “ទង្វើនេះផ្ទុយពីច្បាប់ទាំងស្រុង ទាំងព្រះរាជអាជ្ញា និងនគរ បាលបិទភ្នែកអស់ហើយ... ៣ថ្ងៃកន្លងមក ទើបគេអនុញ្ញាតឱ្យក្រុមគ្រួសារ ចូលមើលនាងនៅក្នុងគុក ។ តាមសំដីសាច់ញាតិដែលចូលទៅមើលនាង ក្នុងគុកបានប្រាប់ថា នាងក្រមុំព្រហ្មចារីយរូបនេះ ត្រូវបាន បុរសមានអំណាច ៣នាក់រំលោភនាងជាច្រើនដងមកហើយ... នាងព្យាយាមសម្លាប់ខ្លួនជាច្រើនលើក តែត្រូវបានអ្នកជាប់គុកដូចគ្នាជួយ ។ រហូតមកដល់ពេលនេះ រឿងរ៉ាវខាងលើ មិនទាន់ត្រូវបានដោះ ស្រាយនោះឡើយ ហើយនាងរងគ្រោះ កំពុងមានជំងឺផ្លូវកាយ និងផ្លូវចិត្ដយ៉ាងខ្លាំង” ។

អ្នកស្រី ផេង ផារ៉ាត់ បានឲ្យដឹងទៀតថា រឿងហេតុដែលបានបង្ហោះ តាមបណ្តាញសង្គមហ្វេសបុក ខាង លើនេះ គឺជារឿងពុំពិតនោះឡើយ ។ ក្នុងពាក្យបណ្តឹងនោះ អ្នកស្រី បានសំណូមពរ សុំឲ្យលោក ព្រះរាជអាជ្ញា ជួយរកយុត្តិធម៌ឲ្យគាត់ និងសុំឲ្យផ្តន្ទាទោស ជនល្មើសតាមផ្លូវច្បាប់ និងសូមទារសំណង ជំងឺចិត្តនូវការខូចខាតកិត្តិយស សេចក្តីថ្លៃថ្នូរ និងកូនស្រីរបស់គាត់ ជាប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល