ព្រះសីហនុ៖ លោកតាម្នាក់ ត្រូវបានកូនប្រុសអប្រិយ វាយនឹងតំបងជ្រុង បណ្តាលឲ្យស្លាប់ភ្លាមៗ ក្នុងផ្ទះ និងលោកយាយជាម្តាយរងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២៣ និង៣០ យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលវាយសម្លាប់ឪពុករបស់ខ្លួនឈ្មោះ ណុប ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ(នៅលីវ) មុខរបរ កម្មករលីសែង នៅផ្សារវាលរេញ និងហៅម៉ូយដាក់រថយន្ត តាក់ស៊ី ចំណែកជនរងគ្រោះមាន ឈ្មោះ ណុប បុល ភេទប្រុស អាយុ៨០ឆ្នាំ ស្លាប់នៅនឹងកន្លែង និង ឈ្មោះ សៅ យ៉ាន ភេទស្រី អាយុ៧០ឆ្នាំ ត្រូវជាម្តាយ រងរបួសស្រាល (វៃត្រូវមុខ) ទាំង៣នាក់ ខាងលើ ស្នាក់នៅផ្ទះជាមួយគ្នា ក្នុងភូមិកើតហេតុខាងលើ ។

ប្រភពពីម្តាយជនសង្ស័យបានឲ្យដឹងថា នៅយប់កើតហេតុ កូនប្រុសរបស់គាត់ បានដេកនៅខាងក្រោម ផ្ទះជាមួយឪពុករបស់ខ្លួន លុះដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យក៏ឡើងខាងលើផ្ទះ ស្រែកហៅ រូបគាត់ឲ្យបើកទ្វារ បន្ទាប់ពីបើកទ្វារភ្លាម ក៏ត្រូវកូនប្រុសរបស់គាត់វាយចំមុខ ភ្លាមនោះ គាត់ក៏ខំគេចខ្លួន ចុះមកក្រោម ដោយពរចៅមកជាមួយ ដើម្បីស្រែកហៅញាតិជិតខាងឲ្យមកជួយ ដោយមិននឹកស្មានថា កូនប្រុសរបស់គាត់ យកដំបងជ្រុងប្រវែងជាង ១ម៉ែត្រ ទៅវាយចំក្បាលឪពុករបស់ខ្លួន បណ្តាលឲ្យស្លាប់ ឡើយ ។ ក្រោយមកគាត់ក៏បានឡើងទៅលើផ្ទះវិញ ក៏ឃើញប្តីរបស់គាត់ បានដេកស្លាប់នៅនឹងកន្ទេល ដោយមានកើយខ្នើយត្រឹមត្រូវបាត់ទៅហើយ ។ ជុំវិញករណីឃាតកម្មនេះ អ្នកស្រុកបាននិយាយថា ជន សង្ស័យនេះអាចប្រើប្រាស់ថ្នាំញៀនជ្រុល ទើបបណ្តាលឲ្យកើតជំងឺសសៃប្រសាទ ។ អ្នកស្រុកក៏បាន សំណូមពរឲ្យសមត្ថកិច្ចជួយត្រួតពិនិត្យមើលការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនយ៉ាងពេញបន្ទុក នៅស្រុកព្រៃនប់ផង ។ បច្ចុប្បន្នជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំង នគរបាលស្រុកព្រៃនប់ បញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល