តាំងតែពីតូច ជនជាតិកូរ៉េខាងជើង ត្រូវបានបង្រៀនឱ្យមានការគោរពចំពោះមេដឹកនាំប្រទេសរបស់ខ្លួន ជាងគោរពពុកម្ដាយ ប្រសិនមិនអាចធ្វើបានល្អនូវប្រការនេះ ពួកគេប្រាកដជាត្រូវទទួលទោស។

យំ “មិនស្មោះត្រង់” ក៏ត្រូវនាំខ្លួនទៅរៀនសូត្រ?

ទំព័រ NBC News របស់អាមេរិក ធ្លាប់បានដកស្រង់ព័ត៌មាន ពី Daily NK ឱ្យដឹងថា ប្រជាជនកូរ៉េខាងជើង ប្រសិនមិនយំ ឬក៏យំមិនស្មោះត្រង់ ក្នុងអំឡុងពិធីបុណ្យសពអតីតមេដឹកនាំ Kim Jong Il គឺសុទ្ធតែត្រូវបានចាប់ខ្លួន និងបញ្ជូនទៅរៀនសូត្រ ធ្វើពលកម្ម នៅតំបន់ដាច់ស្រយាលនិងរស់នៅឆ្ងាយពីក្រុមគ្រួសារ។

ប្រភពព័ត៌មានពីខេត្រ Hamkyung ខាងត្បូង ឱ្យដឹងថា ៖ “ក្រុមសមត្ថកិច្ចបានចេញបញ្ជាឱ្យចាប់ខ្លួន និងដាក់ពិន័យឱ្យទៅពលកម្ម យ៉ាងតិច ៦ខែ ចំពោះអ្នកណាដែលមិនបានចូលរួមពិធីបុណ្យសពរបស់មេដឹកនាំជាតិ ឬបានចូលរួម ប៉ុន្ដែមិនយំ ឬមួយយំ តែយំមិនស្មោះត្រង់។

យ៉ាងនេះក្ដី កូរ៉េខាងជើង បានបញ្ចេញប្រតិកម្ម បដិសេធព័ត៌មាននេះ ហើយថា វាគ្រាន់តែជាល្បិចរបស់ក្រុមសារព័ត៌មានកំសាក ស្ថិតក្រោមការគ្រប់គ្រង់របស់ក្រុមក្បត់ ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដែលពេលនោះ គឺលោក Lee Myung Bak ។

លោក Hwang Jang Yop អតីតមន្ដ្រីម្នាក់របស់កូរ៉េខាងជើង បច្ចុប្បន្ន រស់នៅបរទេស បានបង្ហើបឱ្យដឹងថា ការដាក់ទោសប្រហាក់ប្រហែលនេះ បានកើតឡើងចំពោះប្រជាជនកូរ៉េខាងជើង កាលពីជំនាន់មេដឹកនាំ Kim Il Sung ទទួលមរណភាព ឆ្នាំ ១៩៩៤ ។ លោកបន្ដថា ៖ “បក្សនឹងធ្វើការស្រាវជ្រាវ រកឱ្យឃើញថា អ្នកណាមានទុក្ខព្រួយបំផុត ហើយថា នោះគឺជាគោលការណ៍សំខាន់ដើម្បីវាយតម្លៃលើការស្មោះត្រង់របស់បក្សជន។ ចំណែកអ្នកផឹកស្រា និងបង្ហាញអំពីការសប្បាយរីករាយ បន្ទាប់ពីបានឮដំណឹងមេដឹកនាំទទួលមរណភាព សុទ្ធតែត្រូវបានដាក់ទោស” ។

ត្រូវកាត់ទោសប្រហារជីវិត ព្រោះផឹកស្រាក្នុងអំឡុងពេលកាន់ទុក្ខមេដឹកនាំប្រទេស

អ្វីដែលលោក Hwang Jang Yop បាននិយាយ ប្រហែលជាមិនមែនបំផ្លើសនោះទេ។ កាលពីខែមករា ឆ្នាំ ២០១២ សារព័ត៌មានកូរ៉េខាងត្បូង និងអឺរ៉ុប បានរាយការណ៍ថា អនុរដ្ឋមន្ដ្រីនៃក្រសួងការពារជាតិកូរ៉េខាងជើង លោក Kim Chol ត្រូវបានប្រហារជីវិត ដោយសារតែផឹកស្រាក្នុងអំឡុងពេលកាន់ទុក្ខ ១០០ថ្ងៃ នៃសពលោក Kim Jong Il ។

សារព័ត៌មានកូរ៉េខាងត្បូង ក៏បានឱ្យដឹងថា ក្រៅពីលោក Kim Chol ក៏នៅមានមន្ដ្រីរដ្ឋាភិបាល និងយោធា ១៣រូបផ្សេងទៀត ត្រូវកាត់ទោសប្រហារជីវិត ទាក់ទិននឹងការផឹកស្រា ឬរឿងអាស្រូវផ្លូវភេទ ក្នុងអំឡុងពេល “ក្រហម” នេះ។

ក្នុងអំឡុងពេលកាន់ទុក្ខមរណភាពមេដឹកនាំនៅកូរ៉េខាងជើង នាពេលកន្លង មេដឹកនាំវ័យក្មេង លោក Kim Jong Un បានចេញបញ្ជា ហាមប្រជាជនទាំងអស់ មិនឱ្យផឹកស្រា រាំច្រៀង ជជែកគ្នា សើចសប្បាយ ប្រសិនបំពាន ពួកគេនឹងត្រូវទទួលទោស។

អតីតចារនារីរបស់កូរ៉េខាងជើង នាង Kim Huyn Hee ដែលធ្លាប់ធ្វើឱ្យមនុស្សជាង ១០០នាក់បាត់បង់ជីវិត ក្នុងករណីបំផ្ទុះគ្រាប់បែកលើយន្ដហោះស៊ីវិលរបស់កូរ៉េខាងត្បូង បច្ចុប្បន្នរស់នៅបរទេស ឱ្យដឹងថា ៖ “នៅកូរ៉េខាងជើង យើងខ្ញុំត្រូវបានបង្រៀនឱ្យចាត់ទុកមេដឹកនាំប្រទេសជាធំ ជាងពុកម្ដាយរបស់ខ្លួន។ អ្នកត្រូវរៀននិយាយតាំងពីក្មេងនូវឃ្លា ៖ “អរគុណមេដឹកនាំ ដែលបានប្រទានអ្វីៗទាំងអស់ដល់យើង។ នៅពេលអ្នកនិយាយអ្វីមួយខុស បើទោះជាគ្រាន់តែនិយាយលេង ក៏នឹងត្រូវនាំខ្លួនទៅកែប្រែ” ។

គោរពរូបថត ដូចគោរពមនុស្ស

មិនត្រឹមតែគោរពមេដឹកប្រទេសនោះទេ ជនជាតិកូរ៉េខាងជើង ក៏ត្រូវគោរពដល់រូបថត និងរូបសំណាករបស់មេដឹកនាំ ដូចទៅនឹងមនុស្សពិត។

គ្រួសារប្រជាជនទាំងអស់ នៅពេលមានតាំងរូបថត ឬរូបសំណាកអតីតមេដឹកនាំ Kim Il Sung និង Kim Jong Il គឺសុទ្ធតែមិនត្រូវបានអនុញ្ញាតឱ្យមានធូលីជាប់បីកលរួបទាំងនោះ។ ពិសេស ហាមមិនឱ្យហែក ឆេះ បណ្ដារូបនៅលើកាសែតដែលមានរូបភាពរបស់ Kim Il Sung និង Kim Jong Il ។ នៅពេលអ្នកណាបំពាន អ្នកនោះនឹងទទួលការដាក់ទោស។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ NBC/SH