ភ្នំពេញ៖ អតិថិជនដែលប្រើប្រាស់ សេវាកម្មអ៊ីធើណេតរបស់ក្រុមហ៊ុន Opennet ដែលគេស្គាល់ថា ជាការវិនិយោគរបស់ក្រុមហ៊ុន វៀតណាម បានរិះគន់ចំៗទៅលើក្រុមហ៊ុននេះថា មិនឲ្យតម្លៃរូបិយ ប័ណ្ណកម្ពុជា ជាប្រាក់រៀលនោះឡើយ ពោលគឺបង់ប្រាក់ខ្មែរ មានតម្លៃខ្ពស់ ជាងការដូរប្រាក់ ដុល្លារនៅលើទីផ្សារ ។

អតិថិជនរបស់ Opennet មួយរូប បានប្រាប់ Looking TODAY ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ខ្លួនខឹងចិត្តនឹងក្រុមហ៊ុនផ្តល់សេវាអ៊ីធើណេត Opennet មួយនេះណាស់ ក៏ព្រោះថា ក្រុមហ៊ុនហាក់ មិនឲ្យតម្លៃប្រាក់រៀលខ្មែរទាល់តែសោះ ពោលគឺលើកទឹកចិត្តឲ្យអតិថិជនរបស់ខ្លួន បង់សេវាតែ ប្រាក់ដុល្លារ។

អតិថិជនរូបនោះនិយាយទៀតថា ហេតុដែលខ្លួនហ៊ាននិយាយដូច្នេះ ព្រោះថាពេលដែលទៅបង់ ថ្លៃសេវាជារៀងរាល់ខែ ខាងក្រុមហ៊ុនបានសរសេរអក្សធំៗ នៅកន្លែងទទួលលុយថា «១ដុល្លារ = ៤២៥០រៀល» គឺតម្លៃ១ដុល្លារ នៅលើទីផ្សារថ្លៃមិនដល់ ៤១០០រៀលផង។

នៅពេលដែលបង់សេវាលុយរៀល ពួកគេតម្រូវឲ្យគិតអត្រាប្រាក់ ១ដុល្លារ ស្មើនឹង ៤២៥០រៀល ទើបយល់ព្រម។ នេះហើយបញ្ជាក់ថា ក្រុមហ៊ុនរបស់វៀតណាមមួយនេះ រើសអើងប្រាក់រៀលខ្មែរ និយមតែប្រាក់ដុល្លារប៉ុណ្ណោះ បើទោះបីគេកំពុងរកស៊ីលើទឹកដីខ្មែរក្តី។

ពាក់ព័ន្ធនឹងក្រុមហ៊ុនអ៊ីធើណេត Opennet នេះ ដែល មានអតិថជនមួយចំនួន អ្អូញត្អែរថា សេវា អ៊ីធើណេត របស់ក្រុមហ៊ុននេះ មានដំណើការរអាក់រអួល និង ដើរយឺតផងដែរ ដែលធ្វើឲ្យពួកគេ តឹងចិត្តយ៉ាងខ្លាំង។

អង្គភាពព័ត៌មានយើងខ្ញុំ មិនទាន់អាចសុំការអត្ថាធិប្បាយ ពីការរិះគន់របស់អតិថិជនលើ ក្រុមហ៊ុន Opennet បានទេ នារសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៣នេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល