ភ្នំពេញ៖ បុរសជាប់ចោទ ជនជាតិវៀតណាមម្នាក់ កាលពីព្រឹកថ្ងៃច័ន្ទទី១៨ ខែសីហា ២០១៤នេះ ត្រូវបានចៅក្រម សាលាដំបូង រាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ និង កាត់ទោស ជាប់ពាក់ព័ន្ធនឹង ករណីកាន់ កាំបិតប៉័ងតោ និងខ្វែវ ចូលទៅអុកឡុក ក្នុងពិធីមង្គលការ កូនគេ ដែលកំពុងតែក្រាបសំពះផ្ទឹម នៅ ចំពោះមុខមេបា ដែលមាន ភ្ញៀវ ប្រុសស្រីចូលរួមយ៉ាងកុះករ បណ្តាលមានការភ្ញាក់ផ្អើល ស្រឡាំងកាំង និង មានមនុស្សរត់ចែក ផ្លូវគ្នា ភ្នែកនៅលើកញ្ចឹងក ស្ទើរគ្រប់ៗគ្នា ដោយសារតែភ័យខ្លាចបុរសរូបនោះ កាប់នឹងអាវុធកាំបិតទាំងនោះ។

ហេតុការណ៍ដ៏ភ័យរន្ធត់នេះ បានកើតមានឡើង នៅក្នុងពិធីមង្គលលការកូនមួយ ដែលមានទីតាំងស្ថិត នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃ ទី ២០ ខែ កុម្ភៈ ២០១៤ វេលាម៉ោងប្រមាណ១០ និង ៣០នាទីព្រឹក។

សវនាការនោះត្រូវបានធ្វើ និង ដឹកនាំជំនុំជម្រះដោយ លោក ម៉េង តូនី ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ និង មានលោក ខៀវ ផល្លា ព្រះរាជ អាជ្ញារង អមសាលាដំបូងរាជភ្នំពេញ ជាតំណាងអយ្យការ។

លោកចៅក្រមជំនុំជម្រះ ម៉េង តូនី បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ផាំ យ៉ាំងទៀង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម និង មានមុខរបរជា ជាកម្មករ ។ ជនជាប់ចោទត្រូវបាន ចោទប្រកាន់ពីតំណាង អយ្យការពីបទ «ប្រើប្រាស់អាវុធ ខុសច្បាប់» (ពីព្រោះមានកំាំបិត ប៉័ងតោ និង ខ្វែវ នៅជាប់នឹងខ្លួន)។ លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទត្រូវចាប់ខ្លួន ដោយសមត្ថកិច្ច នគរបាល បន្ទាប់ពីបានចូលទៅអុកឡុក ក្នុងពិធីមង្គលការកូនគេ ដែលកំពុង តែក្រាបសំពះផ្ទឹម នៅ ចំពោះមុខមេបា ដែលមាន ភ្ញៀវ ប្រុសស្រីចូលរួម យ៉ាងកុះករ ដូចទីតាំងកើតហេតុខាង លើ កាលពីថ្ងៃ ទី ២០ ខែ កុម្ភៈ ២០១៤។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូត បានកាំបិតប៉័ងតោ ១ និង ខ្វែវ ១ ពីគាត់។ តុលាការនឹងប្រកាសសាលក្រម នៃ សំណុំរឿងនេះ នៅថ្ងៃ ទី ២៧ ខែ សីហា ២០១៤ ខាងមុខនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល