បាងកក៖ លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំចលនា ស៊ីវិលដើម្បី លទ្ធិប្រជាធិបតេយ្យ បានប្រកាសកាល ពីរាត្រី ថ្ងៃសុក្រថា នៅថ្ងៃសៅរ៍ ជាថ្ងៃដែលប្រជាជន ទទួលជ័យជំនះ នៅពេលដែលក្រុម បាតុករគ្រោងនឹង កាន់កាប់ ក្រសួងរដ្ឋាភិបាល សំខាន់ៗ ក្នុងនោះមានទំាងវិមាន រដ្ឋាភិបាលផងដែរ។

យោងតាមគេហទំព័រ ឌឹណេសិន បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយផ្អែកតាមការលើកឡើង របស់លោក ស៊ូថេប បា្រប់ទៅក្រុមបាតុករ រាប់ពាន់នាក់ថា ក្រសួងរដ្ឋទំាងអស់ដែល ស្ថិតនៅខេត្ត ណង់ថាបូរី គឺគួរតែបាន កាន់កាប់ពីយប់មិញ។ ជាមួយគ្នានោះដែរ លោកក៏បានអំពាវនាវ ទៅកាន់មន្រ្តីរដ្ឋាភិបាលទំាងអស់ ដែលនៅទីនោះ ត្រូវឈប់ធ្វើការរហូតដល់ មានការប្រកាសក្រោយទៀត។

លោក ស៊ូថេប បានបន្ថែមទៀតថា មានតែមន្រ្តីមកពីស្ថាប័នតុលាការ, តុលាការធម្មនុញ្ញ និងកងកម្លំាង ជើងគោក ថៃ ប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាត ឲ្យចូលទៅកាន់អគាររដ្ឋាភិបាល ទំាងនោះ។ លោកថា «កងកម្លំាងប្រជាជន នឹងចូលកាន់កាប់អគារនេះ ព្រមទំាងស្នាក់ការ ក្រុមហ៊ុន CAT Telecom និង TOT Plc ចំណែកអ្នកធ្វើការនៅ ក្រុមហ៊ុន ទូរគមនាគមន៍ទំាងពីរនោះ នឹងជួយប្រជាជន សម្រាប់ការចូលកាន់កាប់នេះ។

ប្រជាជននឹងចូលកាន់កាប់ វិមានរដ្ឋាភិបាល, ទីស្នាក់ការរដ្ឋាភិបាលប៉ូលីសថៃ, ស្នងការប៉ូលីសក្រុង, មន្ទីរអប់រំ, សួនសត្វ ឌូសិត, ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស នាយកដ្ឋានការងារ និងទំនាក់ទំនងសាធារណៈ ជាទីតំាង មជ្ឈមណ្ឌលរដ្ឋបាល សន្តិភាព និងសណ្តាប់ធ្នាប់របស់រដ្ឋាភិបាល ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល