បុគ្គលិករបស់ Youtube មានមោទនភាពយ៉ាងខ្លាំងដោយសារតែការិយាល័យកណ្ដាលរបស់
ពួកគេមានសម្ភារៈច្រើន និងមានលក្ខណៈប្លែកពីគេ ដូចជា អាងហែលទឹក និងស្ពានរអិល
ជាដើមដែលក្រុមហ៊ុនភាគច្រើនមិនមាន។
កាលពីពេលថ្មីៗនេះ Youtube បានបើកអោយប្រើប្រាស់ស្ពានរអិលនៅក្នុងការិយាល័យ
កណ្ដាលរបស់ពួកគេ។ ស្ពាននេះភ្ជាប់ពីជាន់ទី ៣ មកជាន់ទី ១ ដែលត្រូវបានបង្កើតឡើង
បន្ទាប់ពី ការិយាល័យនេះត្រូវបានជួសជុល និងកែលំអរួច។
ការិយាល័យកណ្ដាលរបស់ Youtube ស្ថិតនៅក្នុងអគាររបស់ហាងសំលៀកបំពាក់ល្បីល្បាញ
មួយដែលមានឈ្មោះថា Gap នៅក្នុងក្រុង San Bruno រដ្ឋ California ប្រទេស អាមេរិក។ ក្រៅ
ពីនេះ បុគ្គលិកធ្វើការនៅ Youtube អាចនឹងមានមោទនភាពច្រើនដោយសារការិយាល័យ
របស់ខ្លួនមានអាងហែលទឹកធំ ដែលក្រុមហ៊ុនភាគច្រើនមិនមាន។
កាលពីរដូវក្ដៅឆ្នាំទៅ Youtube បានពង្រីកការិយាល័យរបស់ខ្លួន ទន្ទឹមនឹងនោះដែរ ក៏បាន
ដំឡើងស្ពាន់រអិលដែលមានកំពស់ ៣ជាន់ ដើម្បីនាំមកនូវភាពសប្បាយរីករាយសម្រាប់
បុគ្គលិក។ ក្រៅពីនេះ Youtube ថែមទាំងបង្កើតកន្លែងកំសាន្ដ ហាត់ប្រាណ បន្ទប់អាហារ
ដែលមានអាហារ និងភេសជ្ជៈគ្រប់ប្រភេទ រួមទាំងមានទីលានវាយកូនហ្គូលផងដែរ។
គួររំឮកថា Youtube គឺជាគេហទំព័រសង្គមសម្រាប់ចែករំលែកវីដេអូ ដែលត្រូវបានបង្កើតឡើង
ដោយអតីតបុគ្គលិក Pay-Pal ៣រូប កាលពីឆ្នាំ ២០០៥។ រហូតមកទល់នឹងឆ្នាំ ២០០៦ Google
បានធ្វើអោយពិភពលោកភ្ញាក់ផ្អើល ដោយក្រុមហ៊ុននេះបានចំណាយប្រាក់ ១,៦៥ពាន់លាន
ដុល្លារ ទិញយក Youtube ដែលនៅពេលនោះគេហទំព័រនេះមានអាយុត្រឹមតែជាង ១ឆ្នាំ
ប៉ុណ្ណោះ។ បច្ចុប្បន្ន Youtube គឺជាផ្នែកមួយរបស់ Google ។ គេមិនទាន់ដឹងច្បាស់អំពីដំណើរ
ការរបស់ Youtube ប៉ុន្ដែយោងតាមការគន់គូររបស់ក្រុមអ្នកជំនាញការមកពី Citigroup ប្រាក់
ចំណូលសរុបរបស់ Youtube ក្នុងឆ្នាំ ២០១២ អាចនឹងកើនឡើងលើសពី ១ ពាន់លានដុល្លារ
អាមេរិក៕