ភ្នំពេញៈ ក្នុងមួយរយៈ ចុងក្រោយនេះ គេសង្កេតឃើញថា វត្តមានសិល្បការិនី ជាច្រើនដួង បានផ្តាច់ខ្លួន ចេញពីវិស័យ សិល្បៈ ទៅរៀបការ មានគ្រួសារ ជាមួយស្វាមី ដោយមិនខ្វល់ខ្វាយ និងអាឡោះអាល័យ សិល្បៈជាបន្តបន្ទាប់ ទៅតាមបេះដូង ដែលពួកគេ ស្រឡាញ់ពេញចិត្ត ។ ដោយឡែក តារាសម្តែងស្រីស្រស់សម្រស់ ស្រគត់ស្រគំ កញ្ញា ឆាយ ស្រីពេជ្រ ក៏ត្រូវត្រៀម ខ្លួនចូលរោងការ ជាមួយអាណិកជនខ្មែរ រស់នៅ អាម៉េរិក ទាំងបង្ខំចិត្ត ដោយសារតែ ចង់ផ្គាប់ចិត្តម្តាយ ខណៈដែលនាងបានបង្ហាញក្ដី សោកស្ដាយ ជាពន់ពេក ពេលអាជីពសិល្បៈ របស់នាង កំពុងតែកាក់កប ស្ទើររកពេលសម្រាកគ្មាន។

ដូចពាក្យចាស់ធ្លាប់ បានលើកឡើងថា “នំមិនធំជាងនាឡិ” ដែលទស្សនិកជនគិតថា ពាក្យមួយឃ្លានេះ ប្រើបានត្រឹមតែក្នុងសម័យ ទុំទាវ ប៉ុណ្ណោះ មិនអាចមានឥទ្ធិពល នៅក្នុងពេលបច្ចុប្បន្ននោះទេ ដោយសារតែម្តាយឪពុកគ្រប់រូប មានការផ្តល់សិទ្ធិ សេរីភាព ទៅឲ្យកូន ជាអ្នកជ្រើសរើស គូអនាគត ដើម្បីមើលចិត្តថ្លើមគ្នា សាងសុភមង្គលក្នុងគ្រួសារ ។ ប៉ុន្តែសម្រាប់តារាសម្តែង សម្ដីបង្កប់ដោយ មន្តស្នេហ៍រយពាន់ ស្រីស្រស់ទងវង ឆាយ ស្រីពេជ្រ ពេលនេះ ក៏កំពុងតែត្រូវម្តាយ ស្នើសុំឲ្យរៀបការ ជាមួយស្វាមី ដែល មានវ័យបងនាងដល់ ទៅជាង២០ឆ្នាំ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០១៤នេះ កញ្ញា ឆាយ ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា អនាគតស្វាមី ដែលនាងត្រៀម រៀបការជាមួយ គឺជាអាណិកជនខ្មែរ រស់នៅអាម៉េរិក មានវ័យ៤៤ឆ្នាំ ជាវេជ្ជបណ្ឌិត ។ បើទោះ ជានាង និងគ្រួសារបាន សម្រេចចិត្តថា រៀបការជាមួយគ្នា ក៏ពិតមែន តែនាង និងអនាគតស្វាមីនោះ មិនដែលបានជួបមុខគ្នា ផ្ទាល់ទេ តែដោយសារតែគ្រួសារ ជាពិសេសម្តាយ របស់នាង មានការពេញចិត្ត ពេញថ្លើមខ្លាំង លើសាមីខ្លួនខាងប្រុស និងសាច់ញាតិរបស់គេ ទើបម្តាយនាងសម្រេចចិត្ត ឲ្យនាងរៀបការជាមួយគ្នា ។

តារាស្រីវ័យ២១ឆ្នាំ ប្រៀបដូចផ្កាកំពុងក្រពុំ ឆាយ ស្រីពេជ្រ បានប្រាប់ទៀតថា ចាស់ទុំទាំងសងខាង បាននិយាយគ្នា គន់គូរកវេលារៀបការរួចហើយ បើសិនជាឆាប់រៀបការ អាចក្រោយបុណ្យចូលឆ្នាំខ្មែរ ឬក៏ពន្យារដល់ក្នុងអំឡុងខែ វិចិ្ឆកា ខាងមុខនេះ ក៏ថាបាន។សម្រាប់ការរៀបចំពិធីមង្គលការ គឺខាងប្រុសជាអ្នករៀបចំចាត់ចែង គ្រប់យ៉ាងទាំងអស់ សម្រាប់រឿងផ្សេងពីនេះ នាងក៏មិនបានដឹងច្បាស់ទេ ព្រោះថាចាស់ទុំ បាននិយាយគ្នាត្រៀមគ្រប់យ៉ាងអស់ហើយ ។

ទាក់ទងនឹងការលើកឡើង បែបនេះ ម្តាយរបស់ កញ្ញា ស្រីពេជ្រ ក៏បានប្រាប់ឲ្យដឹង ស្រដៀងគ្នាផងដែរថា “ខ្ញុំគិតថា ការៀបការ របស់កូនស្រីខ្ញុំ ជារឿងល្អ ទោះជារៀបការ ហើយចេញទៅរស់នៅឆ្ងាយ ពីភ្នែកពីច្រមុះខ្ញុំ ក៏ដោយ ក៏ខ្ញុំទុកចិត្ត នឹងជឿជាក់ ថាកូនខ្ញុំ នឹងទទួលបាន សុភមង្គល ព្រោះថាខ្ញុំស្គាល់ពី គ្រួសារ និងអនាគត កូនប្រសារច្បាស់ គេជាមនុស្សល្អ ដឹងខុសត្រូវ គ្រប់គ្រាន់ ចាស់ចិត្តចាស់គំនិត អាចធ្វើថែកូនខ្ញុំបានល្អ ” ។

ជាមួយគ្នានោះ តារាសម្តែងស្រីក្នុងរឿង “មីនុយធ្នាក់អន្ទាក់ស្នេហ៍” កញ្ញា ស្រីពេជ្រ ក៏បានបង្ហើបពី ពន្លកស្នេហ៍ថ្មី របស់ពួកនាង ថា “ខ្ញុំមិនធ្លាប់ បានជួបមុខ ជាមួយអនាគត ស្វាមីទេ កន្លងមកធ្លាប់ តែជួបគ្នាតាមប្រព័ន្ធ អ៊ីនធើណេត (Sky) និយាយទៅ ខ្ញុំសារភាពថា ការរៀបការលើកនេះ គឺម្តាយរបស់ខ្ញុំ ជាអ្នកគិតគូ និងចង់ឲ្យខ្ញុំរៀបការ ក៏ពិតមែន។ តែសម្រាប់ខ្ញុំ ក៏មានចិត្តស្រឡាញ់គាត់ (អនាគតស្វាមី) ដែរ ទើបសម្រេចចិត្តតាមម៉ាក់។ តែអ្វីដែលខ្ញុំនៅ សោកស្តាយ នៅមិនទាន់ដាច់ចិត្តនោះ គឺការងារសិល្បៈ ព្រោះថាពេលនេះ ខ្ញុំកំពុងតែមមាញឹក និងស្រវាបាន ប្រជាប្រិយភាព ខ្លាំងគួរសម ដោយមានផលិកម្ម និងស្ថានីយទូរទស្សន៍ ជាច្រើនទាក់ទង ថតរឿង ។ ស្រាប់តែសុខៗ បែរជា ត្រូវដកខ្លួនចេញពីសិល្បៈ ព្រោះក្រោយពី ខ្ញុំរៀបការ គឺ ខ្ញុំត្រូវចេញ ទៅរស់នៅក្រៅ ប្រទេសតាមប្ដី ខ្ញុំពិតជាស្ដាយអាជីព សិល្បៈណាស់..! ” ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល