ភ្នំពេញ៖ ប្រជាពលរដ្ឋ ៩០នាក់មកពី៣ភូមិ ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានពិនិត្យរកឃើញមានផ្ទុក ជំងឺអេដស៍ទាំងមិនដឹងខ្លួន មិនដឹងពីមូលហេតុ និងប្រភពចម្លងនោះឡើយ។ ការរកឃើញនូវការផ្ទុកមេរោគអេដស៍ លើប្រជាពលរដ្ឋក្នុងភូមិទាំងមិនដឹងខ្លួននេះ បង្កឲ្យមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង ទាំងអ្នកផ្ទុកមេរោគអេដ ស៍ ក្រុមគ្រសារ ប្រជាពលរដ្ឋក្នុងភូមិ លោកអភិបាលខេត្ត និងអាជ្ញាធរក្នុងខេត្តបាត់ដំបងទាំងមូល។

លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនាព្រលប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះថា ប្រជាពលរដ្ឋនៅ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍ ៩០នាក់ហើយ ក្នុងចំណោមពលរដ្ឋ ៦៦៣នាក់ ដែលបានមកធ្វើតេស្តឈាម រកមេរោគ អេដស៍ នៅមន្ទីរពេទ្យខេត្តបាត់ដំបង គិតត្រឹមថ្ងៃអង្គារ នេះ ។

លោកបានបន្តថា “ខ្ញុំមានការតក់ស្លុតខ្លាំងណាស់ ពេលដែលទទួលដំណឹងនេះ ហើយខ្ញុំបានរាយការណ៍ទៅ ឯក ឧត្តមឧប ស ខេង ហើយគាត់ចាប់អារម្មណ៍ និង តក់ស្លុត ហើយបានបញ្ជូន ឯកឧត្តម ឡោក ហួ តំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង ចុះទៅប្រមូលព័ត៌មានផ្ទាល់ កាលពីព្រឹកមិញ”។

លោកថា ប្រជាពលរដ្ឋ បានផ្អើលទៅធ្វើតេស្តឈាម ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ ហើយអាជ្ញាធរខេត្ត គ្រោងនឹង បញ្ជូនលទ្ធផលធ្វើតេស្តឈាមទាំងនោះ ទៅពិនិត្យម្តងទៀត នៅក្រសួងសុខាភិបាល។

ការទៅធ្វើតេស្តឈាម រកមេរោគអេដស៍ របស់ពលរដ្ឋរស់នៅឃុំរកា បានចាប់ផ្តើមតាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ មកម្ល៉េះ ហើយទើបនឹងភ្ញាក់ផ្អើលខ្លាំង នៅរយៈពេល ៣ថ្ងៃចុងក្រោយនេះ បន្ទាប់ពីលទ្ធផលតេស្តឈាមបង្ហាញថា ពួកគេមានផ្ទុកមេរោគអេដស៍។

លោកស្រី ស៊ឹម ពៅ មេឃុំរកា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា រយៈពេលជាង ១សប្តាហ៍មកនេះ មានប្រជាពលរដ្ឋមកពី ៣ភូមិ ភូមិរកា ភូមិអំបែងថ្ងែ និង ភូមិតាហែន១ បានមកពិនិត្យឈាមនៅមណ្ឌលសុខភាព ឃុំរកា។

ប្រជាពលរដ្ឋម្នាក់ ដែលត្រូវពិនិត្យឃើញថា ខ្លួនបានផ្ទុកមេរោគអេដស៍ បានឱ្យដឹងថា ពួកគេមិនដឹងខ្លួន ទាល់តែ សោះថា មានផ្ទុកមេរោគអេដស៍ ដោយសារតែពុំដែល បានប្រព្រឹត្តអ្វីមួយ ដែលជាសញ្ញានាំឱ្យមានការឆ្លងមេរោគ អេដស៍នោះទេ។

បុរស ដែលមានការភ្ញាក់ផ្អើល និងរន្ធត់ក្រោយដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍នេះ បានបន្តបញ្ជាក់ថា កាលពី ប៉ុន្មានខែមុន រូបគេ បានទទួលការចាក់ថ្នាំ ពីគ្រូពេទ្យ ម្នាក់ ប្រចាំនៅក្នុងឃុំរកា ដែលអ្នកភូមិតែងតែពឹងពាក់ទៅ ចាក់ថ្នាំដល់អ្នកជំងឺនៅក្នុងភូមិគ្រប់ៗគ្នា។

បុរសរូបនេះ បានដាក់ការសង្ស័យថា ខ្លួនឆ្លងមេរោគអេដស៍ក្រោយពីការចាក់ថ្នាំនេះ ខណៈប្រជាពលរដ្ឋផ្សេងទៀត ដែលទទួលការចាក់ថ្នាំពីគ្រូពេទ្យម្នាក់នេះ ក៏ត្រូវបានពិនិត្យឃើញថា បានឆ្លងមេរោគអេដស៍ក្នុងខ្លួនផងដែរ។

ចំពោះព័ត៌មាននេះ លោក ច័ន្ទ សុផល បានឱ្យដឹងថា លោកបានទាក់ទងទៅ លោក យ៉ែម ជ្រិន អាយុ៤៨ឆ្នាំ ជា គ្រូពេទ្យ ប្រចាំភូមិ ដែលអ្នកស្រុកកំពុងសង្ស័យ ហើយដឹងថា ពេលនេះ គាត់បានរស់នៅខេត្តតាកែវ ។ លោកអភិបាលខេត្តបាត់ដំបង បន្តថា គ្រូពេទ្យសល់ពីសម័យជំរុំនេះ បានរត់ចេញពីឃុំ ព្រោះតែព្រួយបារម្ភពីសុវត្ថិ ភាពផ្ទាល់ខ្លួនរបស់គាត់។

យ៉ាងណាក៏ដោយ អភិបាលខេត្តបាត់ដំបង បានបញ្ជូនមន្រ្តី ទៅអញ្ជើញគ្រូពេទ្យ យ៉ែម ជ្រិន ហើយ ដើម្បីសួរព័ត៌ មានអំពើវិធីចាក់ថ្នាំ និងព្យាបាលជំងឺរបស់គាត់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល