ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដី បើកបុកក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ដែលបណ្តាលឲ្យ មនុស្សរងរបួសធ្ងន់ និងស្រាលចំនួន ៦នាក់ និងខូចខាតរថយន្តអស់ចំនួន ៣គ្រឿង រហូតមកដល់ពេលនេះសម្តេច ក្រុមព្រះបានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ ដោយប្តឹងអ្នកបើកបរបង្ក ពីបទ ប៉ុនប៉ងមនុស្សឃាតហើយ នេះបើ យោងតាមអ្នកនាំពាក្យ ដែលថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ។

នៅព្រលប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥នេះ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សម្តេចក្រុមព្រះបានប្រាប់ទៅ មេធាវីរបស់លោក ឈ្មោះ កៅ សំរេច ឲ្យរៀបចំឯកសារ ដើម្បីដាក់ពាក្យបណ្តឹងទៅតុលាការហើយ ។ លោក ញ៉េប ប៊ុនជិត បានឲ្យដឹងបន្ថែមថា សម្តេចក្រុមព្រះលោកនឹងប្តឹងអ្នកបើកបររថយន្តបង្ក ពីបទ ប៉ុនប៉ងមនុស្សឃាត ។

នៅមុនការសម្រេចដាក់ពាក្យបណ្តឹង ក្នុងបទប៉ុនប៉ងមនុស្សឃាត និងក្រោយកើតឧប្បត្តិហេតុគ្រោះ ថ្នាក់ចរាចរណ៍ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គឺជាអំពើភេរវកម្មនយោបាយ ដែលមានន័យថា គេមានបំណងប៉ុនប៉ងធ្វើមនុស្សឃាតទៅលើព្រះអង្គ ដែលជាប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច ។

លោក ញ៉េប ប៊ុនជិន បានរៀបរាប់ហេតុការណ៍ម្សិលមិញថា «វាមិនជារឿងចៃដន្យនោះទេ ហេតុអីរថយន្តដឹកដីនេះ គ្រាន់តែផុតរថយន្តសារ៉ែនក្នុងក្បួនភ្លាម ស្រាប់តែកាច់ចង្កូតសំដៅមកបុកព្រះទីនាំងរបស់ សម្តេចក្រុមព្រះ ដែល នៅ ពីក្រោយរថយន្តសារ៉ែនតែម្តង។ ខ្ញុំសូមឲ្យសមត្ថកិច្ចចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើរឿងនេះ ខ្ញុំគិតថា ជាចេតនាក្នុងការធ្វើគត់សម្តេចក្រុមព្រះ»។

ក្រៅពីការអះអាងខាងលើ លោក ញ៉េប ប៊ុនជិន ក៏បានថ្លែងឲ្យដឹងផងដែរថា អ្នកម្នាង អ៊ុក ផល្លា បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅធ្វើការសង្រ្គោះនៅប្រទេសថៃ ដែលតាមព័ត៌មានចុង ក្រោយបានឲ្យដឹងថា អ្នកម្នាងបានរង របួសប៉ះទង្គិចលើក្បាល ស្រាំលលាដ៍ ហើយត្រូវធ្វើការវះកាត់ជាបន្ទាន់ផងដែរ។ ទោះបីជាយ៉ាងណា រហូតដល់ល្ងាច ថ្ងៃចន្ទ ទី២៧ ខែមេសា អាការៈរបស់អ្នកម្នាងបានធូរស្រាលហើយ ។

កាលពីម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ រថយន្ដដឹកដីមួយគ្រឿង បានបើកបុកចូល ក្បួន ព្រះទីនាំងរបស់សម្ដេចក្រុមព្រះ ដែលកំពុងធ្វើដំណើរត្រឡប់មកពីជួបសំណេះសំណាលជាមួយអ្នកគាំទ្រ របស់ព្រះ អង្គនៅក្នុងខេត្តកំពង់ចាម ឆ្ពោះមករាជធានីភ្នំពេញ។

រថយន្តដឹកដីបានបើកកៀរព្រះទីនាំងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ម៉ាក BMW យ៉ាងធ្ងន់ធ្ងរ និងបន្តបុករះ រថយន្តក្នុងក្បួនដទៃទៀត បណ្ដាលឱ្យអ្នកម្នាង អ៊ុក ផល្លា រងរបួសត្រង់ក្បាល សម្តេចក្រុមព្រះរងរបួសបន្តិចបន្តួច រីឯ អ្នករួមដំណើរក្នុងក្បួន ៤នាក់ផ្សេងទៀត ក៏រងរបួសធ្ងន់-ស្រាលផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរ នេះ កើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។

អធិការនគរបាលស្រុកព្រៃឈ លោក កែវ សៀងហ៊ន បានបញ្ជាក់ថា ខណៈដែលក្បួនរថយន្ដរបស់សម្ដេចក្រុម ព្រះ ដែលមានរថយន្ដស៊ីរ៉ែននាំមុខ កំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញនោះ ស្រាប់តែរថយន្ដដឹកដីមួយគ្រឿង ពាក់ ស្លាកលេខ ភ្នំពេញ 3B-4495 ធ្វើដំណើរបញ្ច្រាសទិសក្បួន ហើយពេលផុតរថយន្ដស៊ីរ៉ែន រថយន្ដដឹកដីបាន បើកចូល ក្បួនទៅកៀរព្រះទីនាំងរបស់ព្រះអង្គ រួចបន្ដទៅបុកគល់ឈើ។

ទោះបីជាយ៉ាងក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តដឹកដីឈ្មោះ លី សុផាត អាយុ ៤៨ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ក៏បានចូលបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ច និងប្រាប់អត្តសញ្ញាណអ្នកបើកបរបង្គ្រោះថ្នាក់ដែល កំពុងរត់គេចខ្លួនផងដែរ ។

អ្នកបើកបរបង្កគ្រោះថ្នាក់ខាងលើ មានឈ្មោះ ឈឿន រ៉ុន រស់នៅភូមិភ្នំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម អាយុ ២៥ឆ្នាំ។ អ្នកស៊ីឈ្នួលបើករថយន្តដឹកដីរូបនេះ ទទួលបានប្រាក់កម្រៃថ្លៃបាយ ២៥០០០រៀល ក្នុង១ថ្ងៃ និង ទទួល បានប្រាក់ខែ ១៧០ដុល្លារ ក្នុង១ខែ រូបគេបានបើករថយន្តដឹកដីតាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ដោយ យកទៅ ចាក់នៅការដ្ឋានទឹកឆា។

ស្នងការខេត្តកំពង់ចាម លោក ប៉ែន រ័ត្ន បានបញ្ជាក់ថា តាមការសន្និដ្ឋានជាជំហានដំបូង គ្រោះថ្នាក់ចរាចរនេះ បាន កើតឡើង ដោយសារតែអ្នកបើករថយន្តដឹកដី ប្រជែងគេប្រជែងឯង ដែលអ្នកផ្សេងទៀតអែបខាងឲ្យក្បួនទៅស្រាប់ តែរេចង្កូតបើកបុកចូលក្បួនតែម្តង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល