ក្រុមហ៊ុនតូយ៉ូតា បានប្រមូលរថយន្តជាង ១០០គ្រឿងនៅ ក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃ ការប្រមូលនៅ ជុំវិញពិភពលោក ចំនួន ៦,៤លានគ្រឿង ដោយសារបញ្ហាបច្ចេកទេស។

លោក លី ប៊ុនហៃ ប្រធានគ្រប់គ្រង ក្រុមហ៊ុនតូយ៉ូតាប្រចាំ ប្រទេសកម្ពុជា បានថ្លែងឲ្យដឹងថា ចាប់តាំងពីក្រុមហ៊ុន បានចេញសេចក្ដីប្រកាស ប្រមូលរថយន្តចំនួន ៦,៤លានគ្រឿង នៅជុំវិញពិភពលោក ដោយសារបញ្ហា ពោងសុវត្ថិភាព ចង្កួត និងកៅអ៊ីមក នៅកម្ពុជាក៏ត្រូវ ប្រមូលរថយន្តជាង ១០០គ្រឿងទៅជួសជុលផងដែរ។

យោងតាមការឲ្យដឹងពីក្រុមហ៊ុន រថយន្តដែលត្រូវ ប្រមូលច្រើនជាងគេ គឺម៉ូដែល Toyota Hilux Pickup ដែលមានចាប់តាំងពីឆ្នាំ ២០០៦។ ការប្រមូលរថយន្តនេះ គេមិនបានដឹង ច្បាស់ពីតួលេខ និងផលប៉ះពាក់នោះទេ ព្រោះថា ការនាំចូលរថយន្តភាគច្រើន មិនត្រូវបានធ្វើឡើង ជាលក្ខណៈផ្លូវការ ។
"វាជាការលំបាក់ខ្លាំង ណាស់ក្នុងការកំណត់ និងតាមដានរថយន្ត នៅក្នុងប្រទេសកម្ពុជា ទៅលើម៉ាកដែលត្រូវប្រមូល ព្រោះថា ទាំងរថយន្តថ្មី និងចាស់ភាគច្រើន គឺមិនមានតួលេខ ច្បាស់លាស់"។ នេះជាការបញ្ជាក់ បន្ថែមរបស់លោក ប៊ុនហៃ។

លោកបានបន្ថែមទៀតថា ក្រុមហ៊ុនតូយ៉ូតាបាន កាន់កាប់ទីផ្សារ រថយន្តកម្ពុជា ៧០ភាគរយ ប៉ុន្តែនៅក្នុងនោះមាន តែ ១០ភាគរយប៉ុណ្ណោះ ដែលបានទិញពីតំណាង ចែកចាយរបស់ក្រុមហ៊ុន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល