ប្រធានមន្ទីររ៉ែ និងថាមពលខេត្ដអត់ ដឹង ឬដឹងហើយមិនចាត់ការ?

កំពត៖ មន្ដ្រីនៅក្នុងមន្ទីររ៉ែ និងថាមពល ខេត្ដកំពត បានធ្វើការអំពាវនាវសូមឱ្យលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ជួយបញ្ជូនក្រុមមន្ដ្រីចុះទៅធ្វើការត្រួតពិនិត្យសកម្មភាពជីក និងដឹកជញ្ជូនថ្មភ្នំប្រភេទថ្ម សំណង់ យក ទៅលក់យ៉ាងអនាធិបតេយ្យនៅតំបន់ភ្នំឃ្លៃផង។

មន្ដ្រីនៅក្នុងមន្ទីររ៉ែ និងថាមពលខេត្ដ កំពត បានធ្វើការអះអាងថា សកម្មភាពជីកយកថ្មភ្នំ ដែលជាប្រភេទថ្មសំណង់ នៅចំណុចភ្នំឃ្លៃ ស្ថិតក្នុងភូមិវត្ដពោធិ៍ ឃុំថ្មី ស្រុកទឹកឈូរ ខេត្ដកំពត នាពេលបច្ចុប្បន្ននេះគ្មានច្បាប់នោះទេ ព្រោះ យោងតាមច្បាប់ដែល ក្រសួងរ៉ែ និងថាមពលអនុញ្ញាតឱ្យអ្នកស្រី ទេព សុខា ធ្វើអាជីវកម្មតាមរយៈលិខិតលេខ ១៤៥ រថ.រស.អប ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៤ កន្លងមក គឺផុតកំណត់ត្រឹមថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៤ តែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ច្បាប់អនុញ្ញាត គឺហួសជាងមួយខែកន្លះទៅហើយ តែគេនៅតែឃើញគ្រឿង ចក្រ និងរថយន្ដរបស់អ្នក ស្រី ទេព សុខា ធ្វើអាជីវកម្មដឹកថ្មយកទៅ លក់រាល់ថ្ងៃមួយថ្ងៃៗរាប់រយជើងឯណោះ។ មន្ដ្រីខាងលើបានបន្ដថា បច្ចុប្បន្ននេះអ្នកស្រី ទេព សុខា មិនត្រឹមតែដឹកថ្មលក់អត់ច្បាប់ប៉ុណ្ណោះទេ គឺបន្ថែមម៉ាស៊ីន ខួងថ្មដែលពីមុន មានតែ ១គ្រឿង ឥឡូវឡើងដល់២គ្រឿង ឯណោះ ព្រោះតម្រូវការថ្មសំណង់ ថ្មក្រាល ផ្លូវមាន សន្ទុះកើនឡើង ។

ករណីធ្វើអាជីវកម្មវាយយកថ្មលក់អត់ ច្បាប់ខាងលើ ដែលធ្វើឱ្យបាត់បង់ចំណូលរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺទាល់តែខាង ក្រសួងរ៉ែ និងថាមពលចុះត្រួតពិនិត្យទើប មានប្រសិទ្ធិភាព បើសង្ឃឹមត្រឹមប្រធានមន្ទីរ រ៉ែ ឬមន្ដ្រី អាជ្ញាធរខេត្ដ គ្មានប្រសិទ្ធិភាពនោះទេ ព្រោះសុទ្ធតែមានផលប្រយោជន៍ ពីការធ្វើអាជីវកម្មអត់ច្បាប់ខាងលើនេះ។

សូមបញ្ជាក់ថា កន្លងមកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ធ្លាប់បានធ្វើការចុះ ផ្សាយពីសកម្មភាពអ្នកស្រី ទេព សុខា ធ្វើអាជីវកម្មជីកយកថ្មសំណង់ខុសទីតាំង និង សង្ស័យឃុបឃិតគ្នាបំបាត់ប្រាក់សួយសាររ៉ែ បង់ជូនរដ្ឋម្ដងរួច មកហើយ តែក្រោយការ ចេញផ្សាយលោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែ និងថាមពលខេត្ដបានធ្វើការបំភ្លឺថា អ្នក ស្រី ទេព សុខា ជីកខុសទីតាំងតែ ៥០ម៉ែត្រប៉ុណ្ណោះ មិនអាចចាត់ទុកជាការខុសនោះទេ ។ ចំណែកការចោទថា ឃុបឃិតគ្នា បំបាត់លុយសួយសារនោះ ត្រូវបានលោក សោម វិចិត្រ អះអាងថា ធ្វើត្រឹមត្រូវតាមច្បាប់មានគណៈ កម្មការចុះត្រួតពិនិត្យត្រឹមត្រូវ។ ចុះឥឡូវនៅពេលដែលគេដឹងថា អ្នក ស្រី ទេព សុខា នៅបន្ដធ្វើអាជីវកម្មដោយ ច្បាប់អនុញ្ញាតហួសរយៈពេលជាង១ខែទៅ ហើយនោះ ហេតុអ្វីក៏លោក សោម វិចិត្រ មិនចុះទៅត្រួតពិនិត្យមើល ផង ឬមួយលោកដឹងហើយ តែធ្វើមិនដឹង ព្រោះមានប្រយោជន៍?

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល