ភ្នំពេញ៖ វិស័យទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រសិទ្ធនាមថា «មាសបៃតង» នៅកម្ពុជា បានក្រសោបទាញយកចំណូល ជាប្រយោជន៍ជាតិ រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយជាវិស័យប្រកបដោយសក្តានុពល សម្រាប់បម្រើដល់សេដ្ឋកិច្ចជាតិកម្ពុជាមួយផងដែរ។

នៅក្នុងឆ្នាំ២០១៣ សម្រស់ធម្មជាតិជ្រោះជ្រងដងព្រៃភ្នំ ជ្រលងដងអូ សម្រស់ឆ្នេរខ្សាច់ មាត់សមុទ្រ ប្រាង្គប្រាសាទ ចម្លាក់ថ្មកេរ្តិ៍ដំណែលដូនតាខ្មែរ ដ៏ប្រណីតលើលោក បានទាក់ទាញភ្ញៀវទេសចរជាង ៤លាននាក់ និងទាញយកថវិកាចូលជាតិប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។ ឧស្សាហកម្មគ្មានផ្សែងមួយនេះ បានផ្តល់ការងារ ជូនពលរដ្ឋខ្មែរដោយផ្ទាល់ប្រមាណ ៤០ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ផ្សេងទៀត។

ក្រៅពីតំបន់ទេសចរណ៍នា តំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ និងខេត្តកែប ក៏ដូចជាតំបន់អេកូរទេសចរណ៍កម្សាន្តទឹកជ្រោះ ដងព្រៃភ្នំនាខេត្តរតនគិរី មណ្ឌលគិរី ខេត្តសៀមរាម ទឹកដីអង្គរចក្រភពដ៏រុងរឿងរបស់ខ្មែរ ក៏ជាតំបន់ទេសចរណ៍ប្រកបដោយការទាក់ទាញ និងមានសក្តានុពលមួយផងដែរ ព្រោះតែទឹកដីអាណាចក្រខ្មែរមួយនេះ សម្បូរទៅដោយប្រាង្គប្រាសាទ និងចម្លាក់ក្បូក្បាច់លើផ្ទាំងសិលា ដ៏សែនល្អឯក។

លើទឹកដីនៃខេត្តសៀមរាប ក្រៅពីការទស្សនាប្រាង្គប្រាសាទ ការទស្សនាលើផ្ទៃបឹងទន្លេសាប អមដោយការគយគន់ហ្វូងសត្វជាច្រើនប្រភេទ រួមនឹងសម្រស់ព្រៃលិចទឹកខៀវស្រងាត់ ដ៏សែនល្វឹងល្វើយ ក៏ជាផ្ទាំងទស្សនីយភាព អន្ទងដួងចិត្ត និងទាក់យកខ្សែចក្ខុរបស់ ភ្ញៀវទេសចរគួរឲ្យគត់សម្គាល់។ តំបន់ទេសចរណ៍លើផ្ទៃទឹកធម្មជាតិ «មេជ្រៃ» បាននិងកំពុងក្លាយជាតំបន់ទេសចរណ៍ ទទួលបានការចាប់អារម្មណ៍ពី ភ្ញៀវទេសចរច្រើនផងដែរ បន្ទាប់ពីតំបន់ចុងឃ្នៀស។

តំបន់ទេសចរណ៍លើផ្ទៃទឹកធម្មជាតិ «មេជ្រៃ» ស្ថិតនៅក្នុងឃុំកែវពណ៌ ស្រុកពួក មានចម្ងាយប្រមាណជា ១៥គីឡូ ម៉ែត្រពីទីរួមខេត្តសៀមរាប។ តំបន់ទេសចរណ៍មួយនេះ មានប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹក ជាមួយការប្រ កបរបរនេសាទប្រមាណជា ៥០០នាក់ តែមិនមានបងប្អូនជនជាតិវៀតណាម ដូចតំបន់ដទៃនោះទេ គឺសុទ្ធសឹងជា ខ្មែរម្ចាស់ស្រុកតាំងទីលំនៅរាប់សិបឆ្នាំមកហើយ។តំណាងសហគមន៍តំបន់ ទេសចរណ៍ធម្មជាតិមេជ្រៃ បានថ្លែងឲ្យដឹងថា តំបន់ទេសចរណ៍មេជ្រៃ កាលពីដើមឡើយ មិនសូវមានភ្ញៀវទេសចរចូលមកកម្សាន្តនោះទេ ដោយសារតំបន់នេះនៅឆ្ងាយពីទីរួមខេត្ត និងផ្លូវលំបាកធ្វើដំណើរ ។ លុះនៅឆ្នាំ២០១០ ទើបមានការវិនិយោគឈូសឆាយចាក់ដីធ្វើផ្លូវ និង ជីកព្រែកជម្រៅជាង ៣ម៉ែត្រ ដើម្បីដឹកភ្ញៀវចេញ-ចូល ទៅកាន់តំបន់មេជ្រៃ ដោយចំណាយថវិកាប្រមាណ ២លានដុល្លារ។
ក្រោយការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានខ្លះ ភ្ញៀវទេសចរក៏ចាប់ផ្តើមធ្វើដំណើរ ទៅកម្សាន្តនៅតំបន់ទេសចរណ៍មេជ្រៃជាបន្តបន្ទាប់ តែនៅមានចំនួនតិចតួចនៅឡើយ។

មុនឈានដល់តំបន់ទេសចរណ៍ធម្មជាតិ «មេជ្រៃ» ភ្ញៀវទេសចរត្រូវធ្វើដំណើរលើទូកម៉ាស៊ីន មានការច្នៃលំអរ ប្រកបដោយសុវត្ថិភាព ដែលអាចផ្ទុកចំណុះអ្នកកម្សាន្តប្រមាណពី ៣០-៦០នាក់ តាមដៃបឹងទន្លេសាប ជាមួយការគយ គន់សម្រស់ព្រៃលិចទឹក រំលេចដោយផ្ទៃទឹករលកចាំង ជាមួយពន្លឺព្រះសូរិយា ព្រិចៗជួយឲ្យរំសាយអស់ក្តីកង្វល់។ បន្ទាប់ពីការបណ្តែតអារម្មណ៍ជាមួយសម្រស់លើផ្ទៃបឹង ប្រមាណជា ២០នាទី យើងក៏ប្រទាក់ខ្សែនេត្រាជាមួយនឹង ផ្ទះ តូច ធំ បណ្តែតលើផ្ទៃទឹក ភ្ជាប់ជាមួយនិងទ្រុងចិញ្ចឹមត្រីជាប់ៗគ្នា។ ចូលមកដល់តំបន់ទេសចរ ណ៍ធម្មជាតិ «មេជ្រៃ» យើងនឹងបានគយគន់ និងស្វែងយល់ដោយផ្ទាល់ពីជីវិត លើផ្ទៃទឹករបស់អ្នកភូមិមេជ្រៃ ពួកគាត់មិនអាចប្រាស្រ័យទាក់ទងគ្នា បានដោយជើងជាន់ដីឡើយ ពោលការប្រាស្រ័យទាក់ទង និង ការបំលាស់ទី គ្រប់ទីកន្លែងត្រូវពឹងលើដៃកាន់ចង្វាអ៊ុំទូកយ៉ាងខ្វែងខ្វាត់។

លោក ស្រ៊ុន ស្រឿន វ័យប្រមាណ ៤០ឆ្នាំ ដែលបានប្រកបរបរបើកកាណូតដឹកភ្ញៀវទេសចរ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានរៀបរាប់ថា សហគមន៍ទេសចរណ៍ធម្មជាតិមេជ្រៃ មានកាណូតដឹកភ្ញៀវទេសចរប្រមាណ ៣០គ្រឿង ហើយចែកជា ៣០-៤០ក្រុមក្នុងមួយថ្ងៃ។
ដៃទាំងពីរបញ្ជាកាណូតបណ្តើ ឆ្លៀតបរិយាយប្រាប់អ្នកព័ត៌មានបណ្តើរ លោក ស្រ៊ុន ស្រឿន បានបញ្ជាក់ថា ភ្ញៀវ ទេសចរ ដែលទៅកម្សាន្តនៅតំបន់មេជ្រៃ ភាគច្រើនជាភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប ហើយក្នុងមួយថ្ងៃទទួលបាន ភ្ញៀវទេសចរប្រមាណពី ៥០-១០០នាក់។

តំបន់ទេសចរណ៍មេជ្រៃ ក៏បាននិងកំពុងចូលរួមចំណែក លើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានមួយចំណែកធំផងដែរ តាមរយៈការបើកកាណូត ជូនភ្ញៀវទេសចរដើរកម្សាន្ត ក៏ដូចជាលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត។ លោក ស្រ៊ុន ស្រឿន បានថ្លែងថា ក្នុងមួយខែរូបលោកអាច រកថវិកាបានប្រមាណពី ១០០-២០០ដុល្លារ ទាំងប្រាក់ ខែ និងប្រាក់លើកទឹកចិត្តរបស់ភ្ញៀវ។

ប្រធានសហគមន៍តំបន់ ទេសចរណ៍ធម្មជាតិបឹងជ្រៃ ក៏បានឲ្យដឹងដែរថា ភ្ញៀវទេសចរបរទេស ដែលទៅកាន់តំបន់ទេសចរណ៍មេជ្រៃ តែងបានបណ្តែតអារម្មណ៍ និងទស្សនាការរស់នៅលើផ្ទៃទឹក របស់ប្រជាពលរដ្ឋមេជ្រៃ ក៏ដូចជា ការទស្សនាការសិក្សា របស់កូនអ្នកស្រុកនៅតាម សាលាលើផ្ទៃទឹកផងដែរ។ ភ្ញៀវទេសចរ ក៏អាចបន្តដំណើរទៅទស្សនាកន្លែង ចិញ្ចឹមក្រពើ និងសត្វស្លាបជាច្រើនប្រភេទ នៅតំបន់ព្រែកទាល់។
តំបន់ទេសចរណ៍មេជ្រៃ ត្រូវបានគេមើលឃើញ និង រំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរបានច្រើនជាងតំបន់ចុង ឃ្នៀស ប្រសិនបើមានការកែច្នៃ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឲ្យបាន ល្អប្រសើរនោះ ព្រោះតំបន់នេះស្ថិតនៅជិតតំបន់ព្រែកទាល់ ជាងតំបន់ចុងឃ្នៀស។

លោក ងូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានថ្លែងថា តំបន់ទេសចរណ៍មេជ្រៃជាតំបន់ទេសចរណ៍ ពាក់កណ្តាលសហគមន៍ និងពាក់កណ្តាលវិនិយោគ បច្ចុប្បន្នក្រសួងបានផ្តល់សិទ្ធិឲ្យ សហគមន៍ជាអ្នកកែច្នៃ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ បើតាមលោក ងូវ សេងកាក់ មន្ទីរទេសចរណ៍ខេត្តសៀមរាប តែងបានផ្សព្វផ្សាយ ដើម្បីជួយទាក់ទាញភ្ញៀវទេសចរ ឲ្យទៅកាន់តំបន់ទេសចរណ៍មេជ្រៃ ឲ្យបាន់តែច្រើន។
តំណាងសហគមន៍ទេសចរណ៍ លើផ្ទៃបឹងធម្មជាតិមេជ្រៃ ក៏បានបង្ហាញពីគម្រោងរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍តំបន់នេះ ឲ្យកាន់តែមានសម្រស់ ទាក់ទាញថែមទៀត ដើម្បីស្រូបយកភ្ញៀវទេសចរទៅកម្សាន្ត ឲ្យបានកាន់តែច្រើន ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋ ជួយលើកកម្ពស់ជីវភាព ឲ្យបានធូរធារ។

តំណាងសហគមន៍ ក៏គ្រោងបង្កើតកន្លែងលក់ដូរវត្ថុអនុស្សាវរីយ៍ សម្រាប់ភ្ញៀវទេសចរផងដែរ ដែលអាចជួយបង្កើនការងារ និង បង្កើនប្រាក់ចំណូល ជូនប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។ ប្រជាពលរដ្ឋ ដែលធ្លាប់តែប្រកបរបរនេសាទត្រី និងមានជីវភាពខ្វះខាត បានសម្តែងការស្វាគមន៍ និងចង់ឲ្យ មានការអភិវឌ្ឍតំបន់ ទេសចរណ៍ផ្ទៃទឹកនេះ ឲ្យបានកាន់តែប្រសើរ និងឆាប់រហ័ស ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យបានច្រើនថែមទៀត ដែលអាចចូលរួមចំណែក ផ្តល់ការងារជូនពួកគាត់ឲ្យបានប្រសើរ ជាងពេលបច្ចុប្បន្ន៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល