ភ្នំពេញៈ បុរសជាប្តី ដែលសម្លាប់ប្រពន្ធ របស់ខ្លួនតាំងពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៤ ហើយប្រជាពលរដ្ឋ ប្រទះឃើញសព រហូតដល់ហើម ស្អុយរលួយ នៅផ្ទះជាន់ទី២ កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានកម្លាំងនគរបាល ការិយាល័យ កម្រិតធ្ងន់ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល ខណ្ឌទួលគោក ធ្វើការស្រាវ ជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួនបុរសជាប្តីរូបនេះ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤។

ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រីជួន ណារិន្ទ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ នេះ បុរសជាប្តីដែលពាក់ព័ន្ធ អំពើឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួននោះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំង នគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការឃាត់ខ្លួន ខណៈជនសង្ស័យរូបនេះ រត់ទៅពួនសំងំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោកឧត្តមសនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួន និងមានការសួរនាំ និងមានការ សារភាពពីទោសកំហុស របស់ខ្លួននោះ បច្ចុប្បន្នជនសង្ស័យរូបនេះ បានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការ តាមផ្លូវច្បាប់ ។

គូរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជា៩ និង៣០នាទី សពស្ត្រីម្នាក់ ដែលមានធំក្លិនស្អុយ ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។ភ្លាមៗនោះកម្លាំង នគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលមូលដ្ឋាន បាន ចុះទៅពិនិត្យសពស្ត្រីរងគ្រោះ ហើយបើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការ បញ្ជាផ្ទាល់ពីស្នងការនគរបាលលោកឧត្តមសេនីយ៍ជួន សុវណ្ណ និងលោកស្នងការរង ជួនណារិន្ទ រហូតទៅឈាន ទៅដល់ការឃាត់ខ្លួន បុរសជាប្តីដែលសម្លាប់ប្រពន្ធនេះតែម្តង ។

យ៉ាងណាក៏ដោយព័ត៌មានលម្អិត និងមូលេហេតុដែលនាំឲ្យប្តីសម្លាប់ប្រពន្ធយ៉ាងដូច្នេះ គឺមិនទាន់មានការ បញ្ជាក់កម្លាំងសមត្ថកិច្ច នៅឡើយទេ ដោយស្ថិតក្រោមការសួរនាំបន្តទៀត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល