បុរសម្នាក់នៅប្រទេសចិន បានធ្វើពិធីបុណ្យសពឱ្យរថយន្ដទំនើប ម៉ូដែល Porsche Cayenne ដែលខ្លួនទើបបានទិញ ក្រោយពីជួបគ្រោះថ្នាក់ដោយសារមានបញ្ហាម៉ាស៊ីន ប៉ុន្ដែក្រុមហ៊ុនចែកចាយរថយន្ដនេះ មិនសងការខូចខាត។

បន្ទាប់ពីការប៉ះទង្គិចរថយន្ដ ដែលបានកើតឡើងនៅក្រុង Changsha ខេត្រ Hunan ប្រទេសចិន លោក Hao Gang ដែលជាម្ចាស់រថយន្ដ បានសម្រេចចិត្តធ្វើពិធីបុណ្យសពឱ្យរថយន្ដទំនើប ម៉ាក់ Porsche របស់ខ្លួន។ មូលហេតុដែល Hao Gang ធ្វើបែបនេះ គឺដើម្បីទាមទារសំណងខូចខាតពីក្រុមហ៊ុនចែកចាយ ក្រោយពីគាត់បានទិញរថយន្ដ ម៉ូដែល Porsche Cayenne ប៉ុន្ដែត្រូវជួបគ្រោះថ្នាក់ ដោយសារតែម៉ាស៊ីនមានបញ្ហាបច្ចេកទេស។

Hao Gang កំពុងធ្វើពិធីបុណ្យសពឱ្យរថយន្ដរបស់ខ្លួន

Hao Gang ដែលជាម្ចាស់រថយន្ដនេះ ឱ្យដឹងថា ៖ “ខ្ញុំពិតជាមានការរីករាយណាស់ នៅពេលបានក្លាយជាម្ចាស់រថយន្ដ Porsche Cayenne។ ប៉ុន្ដែ បញ្ហាគួរឱ្យសោកស្ដាយបានកើតឡើង នៅពេលខ្ញុំ និងភរិយា កំពុងធ្វើដំណើរទៅទេសចរណ៍ ហើយបានជួបនឹងគ្រោះថ្នាក់។ រថយន្ដខ្ញុំ បានបុករថយន្ដមួយផ្សេងទៀត តែសំណាងល្អ យើងនៅមានជីវិត។ ក្រុមនគរបាលជំនាញផ្នែកចរាចរណ៍ បានធ្វើការត្រួតពិនិត្យរថយន្ដរបស់ខ្ញុំ ហើយបានប្រាប់ថា ហ្វ្រាំងរថយន្ដ មានបញ្ហា ដោយសារតែម៉ាស៊ីន ត្រូវបានតម្លើង មិនត្រឹមត្រូវ” ។

Hao Gang ថ្លែងបន្ដដោយមិនសប្បាយចិត្តថា ៖ “បើទោះជាយ៉ាងនេះក្ដី ខាងក្រុមហ៊ុនចែកចាយរថយន្ដ បានបដិសេធ និងមិនយល់ព្រមសងការខូចខាតដល់ខ្ញុំ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តធ្វើពិធីបុណ្យសពឱ្យរថយន្ដរបស់ខ្ញុំ ហើយព្រមានដល់អតិថិជនផ្សេងទៀតដែលប្រើរថយន្ដប្រភេទនេះ អំពីគ្រោះថ្នាក់ដែលអាចនឹងកើតឡើង” ។

មិនត្រឹមតែធ្វើពិធីបុណ្យសពឱ្យរថយន្ដ Porsche Cayenne របស់ខ្លួននោះទេ ប៉ុន្ដែ Hao Gang ថែមទាំងមានគម្រោងនឹងទុករថយន្ដនេះ នៅក្នុងចំណត់រថយន្ដរបស់ក្រុមហ៊ុនចែកចាយរថយន្ដ រហូតដល់ទទួលបានសំណងសមរម្យ។

ដោយ ៖ តារា
ប្រភព ៖ orange