ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពលករខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ គ្មានបញ្ហាអ្វីកើតឡើងលើពួកគេឡើយ គឺពួកគេរស់នៅជាធម្មតា បន្ទាប់ពីថៃបានជួបបញ្ហាវវឹកវរ កើតឡើងនៅក្នុងប្រទេស ក្នុងគ្រាប្រទេស មួយនេះ បានប្រកាសប្រើច្បាប់អាជ្ញាសឹក។

លោកកុយ គួង បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំមួយ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ថា “ ស្ថានភាព ពលករខ្មែរយើង និងពលរដ្ឋខ្មែរយើងទាំងអស់ នៅថៃ អត់មានជួបបញ្ហាអ្វីទេ ម្យ៉ាងទៀតស្ថានទូត យើងនៅបាងកក និងអគ្គកុងស៊ុលខ្មែរនៅខេត្តស្រះកែវ បានយក ចិត្តទុកដាក់ ទៅលើពួកគេជាខ្លាំង”។

លោកបន្តថា ព្រមជាមួយគ្នានេះ ដែរ កាលពីថ្ងៃទី២៦ ខែឧសភា ស្ថានទូតកម្ពុជា នៅថៃ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ និងរកស៊ី ក្នុងប្រទេសថៃទាំងអស់ថា បើមានបញ្ហាអ្វី មួយ អាចទំនាក់ទំនងមកលេខទូរស័ព្ទ ចំនួន ៣ខ្សែ ដើម្បីសុំជួយអន្ដរាគមន៍ភ្លាមៗ ខណៈដែលប្រទេសថៃ បានចេញច្បាប់ រឹតបន្ដឹង ក្នុងការដើរហើរ ។ ទូរស័ព្ទ ប្រចាំកាទាំង៣ខ្សែនោះ រួមមាន ទី១-០៨១ ៤៤ ១៩ ៨៧២ ទី២- ០៩៨ ៤០ ៤១ ៥៥០ និងទី៣-០៨២ ៧៩ ៩០ ០០៧ ។

កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអំពាវ នាវ ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមាន បំណតធ្វើដំណើរ ទៅកាន់ប្រទេសថៃ រស់ នៅ និងរកស៊ីក្នុងប្រទេសថៃត្រូវរក្សាភាព ស្ងៀមស្ងាត់ ហើយបន្ដ ធ្វើការងារជាធម្មតា ព្រមទាំងគោរពឱ្យបាននូវច្បាប់ និងបទបញ្ជា ផ្សេងៗរបស់ប្រទេសថៃ ។

ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងនោះត្រូវជៀសឱ្យឆ្ងាយ និងកុំចូលរួម ការជួបជុំ ណាមួយនៅក្នុងប្រទេសថៃឱ្យសោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល