ភ្នំពេញៈ តារាសម្តែងជើងចាស់ ក្នុងទស្សវត្សន៍៩០អ្នកស្រី ឌឿ ដារ៉ាស៊ី បានទទួលមរណៈភាព កាលពីម៉ោង៧យប់ ថ្ងៃអាទិត្យទី២០ ខែមេសា កន្លងទៅ ដោយសារជំងឺពុកឆ្អឹងធ្ងន់ធ្ងរ។ សាកសព ត្រូវបានក្រុមគ្រួសារ តម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ម្តុំសង្កាត់ភ្នំពេញថ្មី ។

សម្រាប់អ្នកស្រី ឌឿ ដារ៉ា ស៊ីត្រូវបានមហាជន និងអ្នកសិល្បៈជំនាន់ក្រោយ ចាត់ទុកថា ជាតារាសម្តែងស្រីមួយរូប ដែល មានទេពកោសល្យ ក្នុងការសម្តែង ជាតួកាចឆ្នាស់ឆ្នើម បានយ៉ាងល្អ ហើយក៏ជាតារាគំរូមួយដួង ដែលតារាសម្តែងស្រករ គោរពរាប់អាន។ អ្នកស្រីបានទទួលមរណៈភាព កាលពីយប់ ថ្ងៃ អាទិត្យ ទី២០ ខែមេសា ក្នុងជន្មាយុ៦៧ឆ្នាំ ដោយសារ ជម្ងឺពុកឆ្អឹង ដំណាក់កាលចុងក្រោយ។

ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានបង្ហាញពីភាពសោកសៅ ស្តាយស្រណោះ ប្រាប់ LookingTODAY ឲ្យដឹងថា លោកពិតជាមានអារម្មណ៍ទុក្ខសោកណាស់ ដែលបានទទួលដំណឹងថា អ្នកសិល្បៈជើងចាស់ អ្នកស្រី ឌឿ ដារ៉ាស៊ី ទទួលមរណភាព។ ក្នុងនាមលោកជា ប្រធានសមាគម និងតំណាងឲ្យ សិល្បករ-សិល្បការិនី ទាំងអស់ សូមចូល រួម សោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព និងសូមបួងសួង ឲ្យវិញ្ញាណក្ខន្ធរបស់ គាត់បានដល់ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

លោក សុះ ម៉ាច បានប្រាប់ទៀតថា “ខ្ញុំក៏សូមអំពាវនាវ ទៅដល់អ្នកសិល្បៈទាំងអស់ ទៅចូលរួមក្នុងពិធីបុណ្យសព តារា ជើងចាស់រូបនេះផង ចុះ ហើយសម្រាប់ព័ត៌មាន បន្ថែមអាចទាក់ទង ទៅក្រុមគ្រួសារបាន ។ ការទទួលមរណភាព របស់ អ្នកស្រី ដារ៉ាស៊ី ខ្ញុំជឿជាក់ថា អ្នកសិល្បៈទាំងអស់ ប្រាកដជា មានការសោកស្តាយ និងមានទុក្ខមិនចាញ់គ្នាទេ ហើ។ បើទោះជា គាត់ (ដារ៉ាស៊ី) មិនមែនជាសមាជិកក្នុង សមាគមរបស់ខ្ញុំក្តី តែខ្ញុំក៏ត្រូវតែចេញមុខជួយ និងចែករំលែកការជួយ ទុក្ខធុរពីគ្រួសារសពតាមដែលអាចជួយ ទៅបាន”។

សម្រាប់សពអតីតតារាសម្ដែង ជើងចាស់ មានឈ្មោះបោះសំឡេង អ្នកស្រី ឌឿ ដារ៉ាស៊ី បានតម្កល់ក្នុងគេហដ្ឋាន នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងក្រោយផ្សារដីហុយ និងមានគម្រោងត្រៀមធ្វើបុណ្យ៧ថ្ងៃ នៅក្នុង ពេលដ៏ខ្លីខាងមុខនេះ ។ អាស្រ័យហេតុនេះអ្នកសិល្បៈ ដែលមានបំណងចង់ទៅចូលរួម ពិធីបុណ្យក៏ដូចជាគោរព វិញ្ញាណក្ខន្ឌ របស់អ្នកស្រី អាចអញ្ជើញទៅបាន ។ គេហទំព័រ LookingTODAY សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព និងសូមឲ្យដួងវិញ្ញាណក្ខន្ធ អ្នកស្រី ឌឿ ដារ៉ាស៊ី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល