ភ្នំពេញ ៖ យុវតីម្នាក់មានជំងឺប្រចាំកាយ តែងតែផឹកថ្នាំពេទ្យព្យាបាលរោគជាប្រចាំ ក្នុង១ថ្ងៃពីរពេល មិនដែលមានបញ្ហាអ្វីនោះទេ ប៉ុន្តែ១លើកនេះ បែរគ្រាប់ថ្នាំចូលទៅជាប់និងបំពង់ខ្យល់ បណ្តាលឲ្យស្ទះដង្ហើមស្លាប់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិខ្វែវ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា យុវតីរងគ្រោះមានឈ្មោះ ទន់ ស្រីលី អាយុ២១ឆ្នាំ ជាសិស្សថ្នាក់ទី១១ រស់នៅក្នុងភូមិ សង្កាត់កើតហេតុ ខាងលើ មានម្តាយឈ្មោះ ឃៀង សុគន្ធ អាយុ៤៨ឆ្នាំ និងឪពុកឈ្មោះ គឹម សុធី អាយុ ៥០ឆ្នាំ រស់នៅជាមួយគ្នា ។

ក្រុមគ្រួសារបានបន្តថា ជនរងគ្រោះមានជំងឺទឹកនោមប្រៃ តែងតែផឹកថ្នាំព្យាបាលរោគជាប្រចាំ ដោយក្នុង១ថ្ងៃផឹក២ដង មិនដែលខកខាននោះទេ ប៉ុន្តែមុនពេលកើតហេតុ ជនរងគ្រោះបានផឹកថ្នាំពេលល្ងាច ស្រាប់តែផឹករួចចេញមកខាងក្រៅបន្ទប់ បែរជានិយាយមិនចេញ ពេលនោះម្តាយមានការងឿងឆ្ងល់ សួរនាំកូនស្រី ទើបជនរងគ្រោះស្ទុះទៅទាញប៊ិចសៀវភៅ មកសរសេរប្រាប់ម្តាយថា កូនផឹកថ្នាំស្លាក់ ពេលនោះក្រុមគ្រួសារភ័យស្លន់ស្លោ ដឹកបញ្ជូនទៅគ្លីនិកឯកជនឡាំប៊ុនថង ប៉ុន្តែដោយសារស្ថានភាពជំងឺធ្ងន់ពេក ទើបគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យ លោកសង្ឃ ជាអកុសលពេលបញ្ជូនដល់ពាក់កណ្តាលផ្លូវ ក៏ដាច់ខ្យល់ស្លាប់តែម្តងទៅ រួចក៏ដឹកសាកសពមកកាន់លំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល