ឡូស អេងជែលឡេស៖ អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់ប្រហារនៅអាកាសយានដ្ឋានអន្តរជាតិ ឡូស អេងជែលឡេស សហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា បណ្តាលឲ្យស្លាប់យ៉ាងហោចណាស់ម្នាក់ និង០៧នាក់ទៀត រងរបួស។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយផ្អែកតាមការលើកឡើង របស់ប្រធាននាយកដ្ឋានប៉ូលីសនៅ អាកាសយានដ្ឋាន ឡូស អេងជែលឡេស លោក ផាទ្រិក ហ្គាន់ណុង ក្នុងសន្និសីទសារព័ត៌មានថា «ជនសង្ស័យបានដើរលបៗ ទៅកាន់កន្លែងត្រួតពិនិត្យសន្តិសុខ នៅច្រកចូលទី៣ បន្ទាប់មកក៏ទាញកាំភ្លើងពីក្នុងកាបូប និងចាប់ផ្តើមបាញ់ប្រហារតែម្តង កាលពីវេលាម៉ោងប្រហែល ០៩ និង២០នាទីព្រឹក ម៉ោងក្នុងតំបន់។

លោក ហ្គាន់ណុង បានបន្តថា បន្ទាប់មកជនសង្ស័យរូបនោះ បានបន្តទៅកន្លែងពិនិត្យរបស់ រដ្ឋបាលសន្តិសុខសម្រាប់ការដឹកជញ្ជូន (TSA) និងបានបន្តបាញ់ប្រហារបន្តទៀត នៅពេលត្រឡប់មកកន្លែងត្រួតពិនិត្យជាថ្មីទៀត។

បន្ទាប់មកជនសង្ស័យត្រូវបាន ប៉ូលីសបានតបតវិញ ក្រោយមកក៏បានចាប់ខ្លួនបញ្ជូន ទៅមន្ទីរឃុំឃំាង។

បុគ្គលិកម្នាក់របស់ TSA បានស្លាប់ និង ០៦នាក់ទៀតដែលរងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈម្នាក់ទៀតរងរបួសធ្ងន់ធ្ងរជាងគេ ត្រូវបានគេបញ្ជូនទៅកាន់ មជ្ឈមណ្ឌល រ៉ូណាស់ រីហ្គែន។

សារព័ត៌មានក្នុងសុ្រកបានផ្សាយថា ជនសង្ស័យរូបនោះ ពេលក្រោយមកត្រូវបានគេបញ្ជាក់ថា ឈ្មោះ ភូល សៀនសៀ អាយុ ២៣ឆ្នាំ ដោយអាជ្ញាធរបានរកឃើញ កំណត់ហេតុមួយ ដែលបានប្រឆំាងនឹងរដ្ឋាភិបាល។

សៀនសៀ បានសរសេរនៅក្នុងសៀវភៅ កំណត់ហេតុនោះថា លោកមានការអាក់អន់ចិត្ត នឹងរដ្ឋាភិបាល ហើយលោកគ្មានចេតនា នឹងធ្វើបាបប្រជាជនស្លូតត្រង់ឡើយ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល