ភ្នំពេញៈ ពិធីការិនីស្រីវ័យក្មេង ឈរជើងនៅក្នុងស្ថានីយ ទូរទស្សន៍ ស៊ីធីអិន កញ្ញា គង់ វង្សយ៉ាទី នៅពេលថ្មីៗនេះ នាងបានបង្អួតសារមួយ ក្នុងគោលបំណងរិះគន់ ទៅលើបុគ្គលមួយចំនួន ដែលចាំតែចាប់កំហុសនាងគ្រប់ពេលវេលា គ្រប់ដង្ហើមរហូតធ្វើឲ្យនាង មានអារម្មណ៍ធុញទ្រាន់ និងបញ្ចេញសារនេះឡើង ស្តែងឲ្យឃើញពីអារម្មណ៍ផ្ទាល់ខ្លួន របស់នាងជាសាធារណៈ ។

តាមរយៈពាក្យសម្តីមួយចំនួន ដែល កញ្ញា គង់ វង្សយ៉ាទី រំលេចនៅលើបណ្តាញ ទំនាក់ទំនងសង្គមរបស់នាងនោះ គឺនាងបាន សរសេរជាភាសាខ្មែរយ៉ាងខ្លីថា "មានពួកនៅមិនសុខខ្លះ វាដើរចាំចាប់កំហុសគេ ព្រោះពួកវាមានចរិត នៅមិនស្ងៀម ខ្ញុំចង់សើចក្នុងខ្លួន វាចេះតាម៉េច!! បើពួកអែងទំនេរ យកពេលទៅរៀនសូត្រទៅ... កុំអត់បានការចឹង (យកពេលធ្វើរឿងមិនល្អ).."។

ជាមួយគ្នានេះ លោក គង់ ចំរ៉ុង ដែលត្រូវបានគេស្គាល់ថា ជាតារាសម្ដែងល្បីឈ្មោះបង្គួរ មួយដួងផងនោះ បានបញ្ចេញមតិ (Comment) បន្ទរ ហាក់បីដូចជាមិនសមឈ្មោះ ជាតារាល្បីថា " កុំទៅខ្វល់ជាមួយមនុស្ស សណ្ដានឆ្កែចឹងអូន..វាដើរចាប់កំហុសគេ ទាំងខ្លួនឯង លាងក្ដិតខ្លួនឯងមិនទាន់ជ្រះផង មនុស្សបែបនេះ បងធ្លាប់ជួបហើយ ហៅវាទៅកសាង១ដង ទៅ២ដង វារាងហើយ!!!"។

នៅក្នុងសារនោះ ពិធីការិនីប្រចាំកម្មវិធី “រាត្រីកម្សាន្ត” គង់ វង្សយ៉ាទី មិនបានបញ្ជាក់ច្បាស់ ទៅលើបុគ្គលណាម្នាក់ទេ នាងគ្រាន់តែប្រើសម្តី ដោយប្រយោល ក្នុងគោលបំណងរិះគន់ វាយប្រហារ ទៅលើអ្នកដែលគិតមិនល្អ ចំពោះនាង ហើយគេក៏ មិនដឹងថា នាងមានអីជាអាថ៌កំបាំង ឬបញ្ហាអ្វី ត្រូវឲ្យគេរិះគន់ស្ថាបនានោះទេ ទើបនាងបញ្ចេញមតិ ហាក់ដូចជាខឹងសម្បារខ្លាំង អមដោយការបន្ទរធ្ងន់ៗពីលោក គង់ ចំរ៉ុង បែបនេះ ។

LookingTODAY មិនអាចទាក់ទងដើម្បីឲ្យ កញ្ញា គង់ វង្សយ៉ាទី បកស្រាយ និងបញ្ជាក់ពីរឿងនេះច្បាស់ទេ នៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។នេះមិនមែនជាលើកទី១ទេ ដែលមានអ្នកសិល្បៈ សម្ញែងសារ រិះគន់ និងបញ្ចេញប្រតិកម្ម ទៅលើបុគ្គលដែលព្យាយាម តាមចាប់កំហុស ឬធ្វើការរិះគន់ទៅលើពួកគេ ជាសាធារណៈ ដោយជារឿយៗពួកគេតែងតែ យកបណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើការប្រតិកម្ម និងបកស្រាយ ច្រានចោល ចំពោះការវាយប្រហារ ធ្វើឲ្យពួកគេ ខូចកេរ្តិ៍ឈ្មោះប៉ះពាល់ កិត្តិយសរបស់ពួកនាង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល