ភ្នំពេញ៖ តារាចម្រៀងប្រុសពុំសូវល្បីឈ្មោះ របស់ផលិតកម្ម Diamon និងជាអ្នកចម្រៀងប្រចាំក្នុងក្លឹបរាត្រី ថោន លោក ជុំ សម្ផស្ស ហៅ ជេស្តា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញសម្រេច ឃុំខ្លួនដាក់ពន្ធ នាគារបណ្ដោះអាសន្ន កាលពីព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៤ ពាក់ព័ន្ធ នឹងករណីល្បួងក្មេងស្រី មិនទាន់គ្រប់អាយុ យកទៅរួមភេទ(អនិតិជន) ជាថ្នូរនឹងការសន្យា ឲ្យក្មេងស្រីនោះក្លាយជាតារាល្បីឈ្មោះ ក្នុងពិភពសិល្បៈ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ការសម្រេចឃុំខ្លួន តារាចម្រៀងប្រុសរូបនេះ គឺធ្វើឡើងតាមពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ដែលស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានទៅដាក់ពាក្យប្តឹង នៅនាយកដ្ឋាននគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ក្រសួងមហាផ្ទៃ ដោយអះអាង ថាឈ្មោះ ជុំ សម្ផស្ស ហៅ ជេស្តា ជាអ្នកចម្រៀង ប្រចាំផលិតកម្ម Diamon និងក្លិបកម្សាន្តថោន បាននាំកូនស្រីគាត់ ចេញពីផ្ទះបាត់១យប់ កាលពី រាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ជាថ្ងៃបុណ្យឆងឆ្នាំសកល ។

ប្រភពបានបន្តថា ពេលកូនស្រីរបស់គាត់ត្រឡប់មកផ្ទះវិញ គាត់ក៏បានសួរនាំទើបកូនស្រី ជាជនរងគ្រោះ បានប្រាប់គាត់ ជាឪពុកម្ដាយថា តារា ចម្រៀងឈ្មោះ ជេស្តា បានសន្យានាំនាងឲ្យ ចូលធ្វើជាតារាចម្រៀងរួចហើយ ក៏បានប្រើពាក្យសម្តីលួងលោមយកនាងទៅរួមភេទ បានសម្រេច រហូតបាន៤ លើក ទើបបែកធ្លាយរឿងនេះ។ ក្រោយមកទើបស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ តាមរយៈអង្គការសម្ព័ន្ធចាប់ដៃសម្រាប់ អនិតិជននៅកម្ពុជា បានប្តឹងពីឈ្មោះ ជុំ សម្ផស្ស ហៅ ជេស្តា តែម្ដង។

តារាចម្រៀង ជេស្តា មានអាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ក.រ.ម អាយុ១៤ឆ្នាំ មានទីលំនៅ ក្នុងបុរីពិភពថ្មី ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តារាចម្រៀង ជុំ សម្ផស្ស ហៅ ជេស្តា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងល្បីឈ្មោះគួរសម ប្រចាំផលិតកម្ម Diamon កាលពីមុននេះ។ ម្យ៉ាងទៀត តារាចម្រៀងប្រុសរូបនេះ ក៏ត្រូវបាន ផលិតកម្មធ្លាប់យកចិត្ត ទុក្ខតាម រយៈការចេញបទចម្រៀងស្ទើរគ្រប់វ៉ុល។ ប៉ុន្តែក្រោយពីមានរឿង ចាប់ខ្លួន នេះឡើង ត្រូវបានខាងផលិតកម្មបដិសេធន៍ថា រូបគេពុំមែនជាតារាពេញសិទ្ធិរបស់ក្នុងផលិតកម្ម នេះទេ។

ប្រភពពីខាងផលិតកម្ម Diamon លោក មុំ មុន្នីរិទ្ធ បានឲ្យគេហទំព័រ LookingTODAY ដឹងនៅ រសៀល ថ្ងៃទី៧ ខែមិនា នេះថា ចំពោះរឿងចាប់ខ្លួន តារាចម្រៀង ជេស្តា គឺជារឿងរបស់បុគ្គល ពុំមានអ្វីពាក់ព័ន្ធជាមួយផលិតកម្មទេ។ ម្យ៉ាងទៀត ជេស្តា ក៏មិនមែនតារាចម្រៀងពេញសិទ្ធិ ជាមួយផលិតកម្មដែរ ព្រោះតារារូបនេះគ្មានការចុះកុងត្រា។

លោក មុំ មន្នីរិទ្ធ បានបន្ថែមថា "រឿងនេះជាខ្ញុំគិតថា ជារឿងរបស់បុគ្គលផ្ទាល់ខ្លួន ប៉ុន្តែវាក៏មានផលអវិជ្ជមានខ្លះដែរ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ ឈ្មោះ ក្រុមហ៊ុន ព្រោះបណ្តាញសារព័ត៌មានជាច្រើន បានលើកឡើង និង ដឹងថាគេធ្លាប់មានឈ្មោះជាតារាចម្រៀង នៅក្នុងផលិតកម្ម Diamon៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល