ស្ទឹងត្រែង៖ រថយន្តសុំាយ៉ុងបុកជាមួយរថយន្តវិហ្គោលាន់ឮដូចរន្ទៈ បណ្តាលឲ្យអ្នកដំណើរ២នាក់ស្លាប់ និងជាង ១០នាក់ផ្សេងទៀតរងរបួស កាលពីម៉ោង២ និង២០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ស្ថិតត្រង់ចំណុច ដុងកាចែមតូច លើផ្លូវជាតិលេខ៧អា ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

តាមពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តទាំង២គ្រឿង ធ្វើដំណើរក្នុងទិសដៅបញ្រ្ជាស់ទិសគ្នា ដោយ រថយន្តវិហ្គោ ធ្វើដំណើរពីត្បូងទៅជើង រីឯរថយន្តសុំាយ៉ុង ធ្វើដំណើរផ្ទុយគ្នា។ លុះដល់ចំណុចកើតហេតុរថយន្ត សុំាយ៉ុងផ្ទុកមនុស្សជាង១០ ជាប្រភេទរថយន្តឈ្នួលដឹកអ្នកដំណើរ ១២កៅអី បានរេចង្កូតចូលផ្លូវរបស់រថយន្ត វិហ្គោ ក្នុងល្បឿនលឿនដូចគ្នា ក៏ពន្លះគ្នាពេញទំហឹង។

តាមសាក្សីបន្តក្រោយពេលបុកគ្នាហើយ រថយន្តវីហ្គោ មានមនុស្សក្នុងរថយន្តតែ ២នាក់នោះ បានក្រឡាប់ជា ច្រើនត្រឡប់ធ្លាក់ចូលប្រឡាយទឹក ធ្វើឱ្យអ្នកបើកបរបោកក្បាលទៅនឹងចង្កូតរថយន្តបាក់កស្លាប់នៅនឹងកន្លែង។ រីឯរថយន្តសុំាយ៉ុង ផ្ទុកមនុស្សពេញ ក្រោយពីបុកជាមួយរថយន្តវិហ្គោ បានធ្វើឲ្យរថយន្តវិលបត់ទៅក្រោយវិញ ព្រមទាំងដាច់កង់មុខ កំពិតរួញផ្នែកខាងក្បាល ធ្វើឲ្យអ្នកបើកបរកៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់។

នគរបាលចរាចរណ៍ បានឱ្យដឹងផងដែរថា រថយន្តម៉ាកសុំាយ៉ុង ១២កៅអី ជារថយន្តរត់ឈ្នួលពីស្រុកសៀមប៉ាង មកក្រុងស្ទឹងត្រែង ពាក់ស្លាក់លេខ ស្ទឹងត្រែង 2A-0216។ រីឯរថយន្តវិហ្គោ ពាក់ស្លាក់លេខ ភ្នំពេញ 2M-4658។

នគរបាលបន្តថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត ទី១. ឈ្មោះ ឡេង ប៊ុនឡុង អាយុ ៣១ឆ្នាំ រស់នៅភូមិ បឹងកាចូត ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងម្នាក់ទៀត ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យមានឈ្មោះ នូ ចាន់ មីន អាយុ ៦៥ឆ្នាំ រស់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងជាង១០នាក់ទៀតរងរបួសធ្ងន់ និងស្រាលក្នុងនោះមាន ស្រ្តី២នាក់របួសធ្ងន់។

ក្រោយកើតហេតុនគរបាលបានដឹកបញ្ជូនរថយន្តទាំង២គ្រឿង ទៅរក្សាទុកបណ្តោះអាសន្ន ហើយជនរងគ្រោះ ស្លាប់ទាំង ២នាក់ត្រូវក្រុមគ្រួសារដឹកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល