ភ្នំពេញៈ ស្រីស្រស់វ័យក្មេង សំឡេងស្រួយស្រែះ ដូចសារិកា និងទើបតែរៀបចំ ពិធីខួបកំណើត គម្រប់វ័យ១៩ឆ្នាំ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ កញ្ញា ហ៊ុយ ច័ន្ទរាជនី ដែលជា តារាសម្ដែង ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធី Freshy girl & boy ក្នុងឆ្នាំ២០១១ ជំនាន់ទី១០ រៀបចំឡើង ដោយ ក្រុមហ៊ុន BKA Entertainment បានថ្លែង ក្នុងជំនឿចិត្តថា ប្រសិនបើនាងមាន អ្នកស្រឡាញ់ពេញចិត្ត ចង់បានធ្វើជាគូគាប់ ទ្រនាប់ទ្រូង ទៅថ្ងៃអនាគត នាងមិនអាចសម្រេចចិត្ត ជ្រើសយកដោយខ្លួនឯង បានឡើយ ពោលគឺនាងផ្តល់សិទ្ធិ ឲ្យក្រុមគ្រួសារ ជាពិសេសអ្នកមានគុណទាំងពីរ ជាអ្នកសម្រេច ជោគវាសនា របស់នាង ព្រោះនាងជា មនុស្សស្រឡាញ់ ក្រុមគ្រួសារខ្លាំងណាស់។

ជាការពិត ការសម្រេចជ្រើសរើស យកគូអនាគត របស់មនុស្សម្នាក់ៗ គឺមិនមែនចេះតែជ្រើសរើស តាមការនឹកឃើញ តាមការសម្រេចចិត្ត ក្នុងរយៈពេលខ្លី ឬតាមតែចំណង់ចិត្ត ខ្លួនឯង ដែលកំពុងតែ ងប់ងល់ ក្នុងជម្រៅស្នេហា ដោយមិនចាំបាច់សិក្សា ឲ្យបានច្បាស់លាស់ ឬពិភាក្សាគ្នា នោះឡើយ ។ យ៉ាងណាមិញ តារាសម្ដែងវ័យក្មេង មានសម្រស់ស្រស់ស្អាត ប្រៀបបីដូចជាផ្កាក្រពុំ កំពុងចោលក្លិន បញ្ច្រាសខ្យល់ ប្រហើរឈ្ងុយឈ្ងប់ បង្អួតកន្លង់ទាំងពួង កញ្ញា ហ៊ុយ ច័ន្ទរាជនី ឯណេះវិញ នាងក៏មិន បណ្ដែតបណ្ដោយ ឲ្យជោគវាសនា ក្នុងការជ្រើសរើសគូស្រករ មានការខុសឆ្គង ដោយសារតែការ ជ្រើសរើស របស់នាងទេ ជាធម្មតា គឺនាងចង់ទុក ឲ្យខាងគ្រួសារ ជាអ្នកគិតគូរជំនួស ។

តារាស្រីវ័យ១៩ឆ្នាំ មានសម្រស់ផូរផង ញញឹមបង្កប់ដោយ មន្តស្នេហ៍រយពាន់ ហ៊ុយ ច័ន្ទរាជនី បានប្រាប់ឲ្យដឹងទៀតថា “ ខ្ញុំនៅមិនទាន់ដឹងទេថា ត្រូវគិតពីគូស្រករ នៅពេលណាទេ គឺសម្រេច លើគ្រួសារ ព្រោះថា ខ្ញុំទុកឲ្យអ្នកមានគុណ ជាអ្នកសម្រេច គឺមានភាគរយច្រើន សម្រាប់ខ្ញុំ គឺមិនសូវខ្វល់និង គិតពីរឿងនេះទេ ព្រោះ ថាកន្លងមកសិល្បករ មួយចំនួន គាត់មានការសម្រេចចិត្ត ជ្រើសរើសគូស្រករខ្លួនឯង តែខ្ញុំគឺអត់ចង់ ធ្វើបែបនេះទេ”។

បើទោះជាកញ្ញា ហ៊ុយ ច័ន្ទរាជនី បានអះអាងថា ខ្លួនមិនទាន់ មានម្ចាស់បេះដូង និងមិនខ្វល់ពីការចាប់អារម្មណ៍ពីកន្លង់ ដែលតាមសុំស្នេហ៍នាង ក៏ដោយ ក៏នៅក្នុងនោះនាង បានបង្ហើបពីលក្ខណៈសម្បត្តិ បុរសក្នុងក្តីស្រមៃនាងផងដែរ ដោយនាងពេញចិត្ត ទៅលើបុរស ណាដែលចេះទទួល ខុសត្រូវខ្ពស់ មានចំណេះវិជ្ជា ស្រឡាញ់នាងនិងគ្រួសារ ទើបជាការប្រសើរ ។ បង្កប់ដោយស្នាមញញឹម មិនដាច់ នាងថ្លែងបន្តថា “ខ្ញុំធ្លាប់គិតលេងៗ ថា ខ្ញុំចង់បានអ្នកស្រឡាញ់ខ្ញុំ ស្រឡាញ់គ្រួសារខ្ញុំ មានចំណេះដឹងចេះ គោរពខ្ញុំ និងគ្រួសារ ហើយចំណុចនេះ ខ្ញុំសង្កត់ធ្ងន់តែម្តង ព្រោះថា ខ្ញុំស្រឡាញ់គ្រួសារខ្ញុំខ្លាំងណាស់ ហើយសម្រាប់ រឿងទ្រព្យសម្បត្តិខ្ញុំ មិនសូវគិតទេ ” ។

ការបង្ហាញវត្តមាន របស់តារាសម្ដែងវ័យក្មេង រហូតទទួលបានការងារ សិល្បៈយ៉ាងមមាញឹក មកដល់បច្ចុប្បន្ននេះ មហាជនពិតជាមិនជឿទេថា ហ៊ុយ ច័ន្ទរាជនី គ្មានកន្លង់ណាម្នាក់ លួចស្រឡាញ់ ព្រោះនាងជាតារាសម្ដែង មានទេពកោសល្យ និងសម្រស់ស្រស់ស្អាត បែបនារីខ្មែរ គួរឲ្យចាប់ចិត្ត ប្រតិព័ទ្ធ ពីសំណាក់បុរសៗ ទាំងឡាយ ជាពិសេសក្រុមបុរស សម្បូរទ្រព្យ សក់ល្បាយអាចម៍ខ្លា ដែលចូលចិត្តយកលុយ ធ្វើជាធ្នាក់រាយអន្ទាក់ស្នេហ៍ ដាក់នារីៗវ័យក្មេង ដើម្បីបានក្រេបរសជាតិ លំអងផ្កាដែល ទើបតែពេញក្រពុំ និងយកធ្វើជាស្រី កំណាន់ចិត្ត ជាដើម។

យ៉ាងណាមិញ សម្រាប់ស្រីស្រស់ ផែនថ្ពាល់ក្រហមឆ្អិនឆ្អៅ ហ៊ុយ ច័ន្ទរាជនី កន្លងមក នាងក៏បានទទួលស្គាល់ដែរ ថា មានអ្នកធ្លាប់បង់ចិត្ត ដាក់ភាគហ៊ុន ស្រឡាញ់ មកលើរូបនាង ប៉ុន្តែដោយសារតែនាង មិនសូវចាប់អារម្មណ៍ ព្រោះតែវ័យនៅក្មេងពេក ស្ថិតក្នុងការសិក្សា ជាប់ភារកិច្ច ក្នុងការងារសិល្បៈ និងមើលការខុសត្រូវ លើហាងរកស៊ីរបស់នាង ទើបធ្វើឲ្យក្ដីស្នេហា បែបភ្លើងចំបើងនេះត្រូវរលាយ សាបសូន្យទៅវិញ ក្រោមអំណាច នៃពេលវេលា។ រហូតមកដល់ពេលនេះ ហ៊ុយ ច័ន្ទរាជនី បានបញ្ជាក់យ៉ាងខ្លីថា នាងគ្មានបុរសណាម្នាក់ ស្រឡាញ់នាងដែរ ពោលគឺជានារី មានបេះដូងទទេស្អាត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល