ក្រុមហ៊ុនរបស់ណវ៉េស ឈ្មោះថា one2TOUCH កាលពីពេលថ្មីៗនេះទើបតែបានដាក់បង្ហាញ
វត្តមាន Keyboard silicon សំរាប់ប្រើប្រាស់ជាមួយបណ្តាទូរស័ព្ទ Smartphone និងឧបករណ៍
Tablet។ ចំណុចពិសេសរបស់ប្រភេទ Keyboard នេះសំខាន់គឺការតភ្ជាប់រវាង Keyboard ជា
មួយឧបករណ៍ចល័តទាំងអស់នោះគឺធ្វើឡើងតាមរយៈបច្ចេកវិទ្យា NFC ដែលមិនមែនតាម
រយៈ Bluetooth រឺក៏ប្រើខ្សែដូចសព្វដងនោះឡើយ។ ហើយកាន់តែពិសេសជាងនេះទៅទៀត
នោះគឺ Keyboard នេះមានសមត្ថភាពមិនជ្រាបទឹកនិងអាចដំណើរការបានដោយមិនចាំបាច់
សាកថ្មទៀតផង។
Keyboard នេះមានមុខងារ "Touch & Type" ដែលមានន័យថាអាចប្រើប្រាស់ទាំងមុខងារជា
Touch Screen និងទាំងប៊ូតុងរឹងផងដែរ។ ហើយដោយយោងតាមកំណែនីមួយៗ នឹងមាន
ចន្លោះទំនេរដែលនោះគឺជាកន្លែងដែលបច្ចេកវិទ្យា NFC ត្រូវបានរចនាឡើងសំរាប់បំពាក់លើ
ឧបករណ៍នេះឯង។ នៅពេលដែលអ្នកប្រើប្រាស់ដាក់ឧបករណ៍ចល័តលើ នោះឧបករណ៍
នឹងធ្វើការតភ្ជាប់ជាមួយ Keyboard តាមរយៈបច្ចេកវិទ្យា NFC ។ ដោយឡែកដើម្បីអាចភា្ជប់
ឧបករណ៍ចល័តជាមួយនឹង Keyboard នោះបានគឺតំរូវអោយអ្នកប្រើប្រាស់ត្រូវធ្វើការដំឡើង
នូវកម្មវិធីបញ្ជារមួយនៅលើឧបករណ៍ចល័តរបស់ខ្លួន។ ក្រុមហ៊ុនផលិតបានអោយដឹងថា
កម្មវិធីបញ្ជារនេះគឺមានរួចជាស្រេចនៅក្នុង Android Market ក៏ដូចជា App Store ផងដែរ។
ម្យ៉ាងវិញទៀត Keyboard នេះត្រូវបានផលិតឡើងពីសារធាតុ silicon ដែលជួយការពារបាន
ពីការជ្រាបទឹកបានយ៉ាងល្អ និងបត់បានទៀតផងដែរ។
បច្ចុប្បន្ន one2TOUCH នេះមានដៃគូរចែកចាយតែមួយប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុន និង
កំពុងតែស្ថិតក្នុងដំណាក់កាលស្វែងរកដៃគូរចែកចាយនៅក្នុងប្រទេសអាមេរិក និងទ្វីបអឺរ៉ុប
បន្ថែមទៀត។ ចំពោះតំលៃរបស់សមិទ្ធិផលនេះក៏នៅមិនទាន់ដឹងនៅឡើយដែរ៕
ប្រភព៖ Gizmag
ដោយ៖ រស្មី