ភ្នំពេញ ៖ ក្នុងពិធីបិទសិក្ខាសាលា បូកសរុបការងារ កំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ និង លើកទិសដៅ ៥ឆ្នាំបន្ត នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា ក្នុងតំបន់អាស៊ាន ក្នុងចំណោមប្រទេសទាំង១០ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ លើផ្នែកស្រ្តីក្នុងការបញ្ជូនទៅការពារសន្តិភាព នៅ បណ្តាប្រទេសមួយចំនួន នៅទូទាំងពិភពលោក ។

នាយករដមន្រ្តីសម្តេចតេជោ បានបញ្ជាក់ថា “ផ្នែកយេនឌ័រ គឺអាស៊ានរបស់យើងកម្ពុជាជាប់លេខ១ដោយសារតែយើង បានបញ្ជូនស្រ្តី ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពបានច្រើន”។

សម្តេចបន្តថា អគ្គលេខាធិការ អង្កការសហប្រជាជាតិ លោក បាន គីមូន បានស្នើសុំឲ្យកម្ពុជាបញ្ជូន កងកម្លាំងរក្សា សន្តិភាព ជាស្រ្តីឲ្យបានច្រើន ជាពិសេស កងរាជអាវុធហត្ថជាស្រ្តី ដើម្បីទៅកាន់បណ្តា ប្រទេសមួយចំនួន ក្នុងពិភព លោកតាមស្នើសុំរបស់លោក ។

នាយករដ្ឋមន្រ្តីបន្ថែមថា កម្ពុជាចំណាត់លេខ៣៦ ក្នុងចំណោមប្រទេស១២២ ដែលបានបញ្ជូន កងកម្លាំងការពារ សន្តិ ភាព ទៅកាន់ប្រទេសមួយចំនួនក្នុងពិភពលោក ។

សម្តេចបន្តថា ដោយឡែក នៅតំបន់អាស៊ានវិញកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីម៉ាឡេស៊ី ជាប់លេខ២ និង លេខ១ បានធ្លាក់ទៅឥណ្ឌូនេស៊ី ចំណែកលេខ៤ ប្រទេសថៃ លេខ៥ ហ្វីលីពីន លេខ៦ព្រុយណេ លេខ៧ វៀត ណាម ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល