ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង នៅក្នុងខេត្តស្រះកែវ ប្រទេសថៃ មានពលករខ្មែរ ៥នាក់ បានរងរបួស នឹងបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យរួចរាល់អស់ហើយ។

អនុរដ្ឋលេខាធិការ និជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ថា បន្ទាប់ពីមានហេតុការណ៍ ដែលមានពលករ ខ្មែរ៦នាក់ស្លាប់ ខេត្តឆាក់ឈើងសៅនោះ ស្របពេលជាមួយគ្នានេះ ដែរ ពលករខ្មែរ៥នាក់នៅខេត្តស្រះកែវ ដែល ថៃបានបញ្ជូនមកនោះ ក៏បានជួបគ្រោះថ្នាក់ដូចគ្នាបានបណ្តាលឲ្យរងរបួស។

លោកថា បន្ទាប់ពីបានជួបហេតុការណ៍នេះរួចហើយ អាជ្ញាធរថៃ ក៏ដូចជាអាជ្ញាធរខ្មែរ បានសហការគ្នាយ៉ាងល្អ ដោយបានបញ្ជូនពួកគេមកព្យាបាលនៅមន្ទីរពេទ្យស្រុកមង្គលបុរី ហើយបានទំនាក់ទំនងទៅសាច់ញ្ញាតិ ពួកគេផងដែរ។

បើតាមសេចក្តីរាយការណ៍ ពីមន្រ្តីនៅតាមព្រំដែន កម្ពុជា-ថៃបានឲ្យដឹងថា អ្នករងរបួសបានបញ្ជូនមកដល់រង្វង់មូល ច្រកទ្វារព្រំដែនកម្ពុជា វេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ហើយអាជ្ញាធរ និងសមត្ថកិច្ចខ្មែរបានធ្វើ ការសង្គ្រោះនិងដឹកជញ្ជូនបន្តទៅកាន់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ចំណែកសពពលករមិនទាន់បញ្ជូន មកដល់ទឹកដីកម្ពុជាទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល