iPad ថ្មីបានបង្ហាញវត្តមានឡើងជាមួយនឹងអេក្រង់ប្រភេទ Retina Display មាន resolution
កំរិតខ្ពស់បំផុត ដែលបច្ចុប្បន្ននេះមិនទាន់មានឧបករណ៍ tablet ណាមួយអាចធ្វើបានដូចនៅ
ឡើយ។ ហើយយើងទាំងអស់គ្នាក៏សុទ្ធតែស្រលាញ់ពេញចិត្ត ចង់បានគ្រប់ៗគ្នានិងទន្ទឹងរង់
ចាំវាជាយូរមកហើយដែរ។ ដោយឡែកតើយើងដឹងថាការបញ្ចូលចំនួនជាង ៣លាន pixel ចូលទៅក្នុងបន្ទះ panel អេក្រង់មួយដែលមានទំហំត្រឹមតែ ៩,៧ អ៊ីងនោះវាមានការពិបាក
យ៉ាងណាចំពោះ Apple ក៏ដូចជាបណ្តាដៃគូរផលិតបន្ទះ panel សំរាប់ iPad ថ្មីនេះដែររឺទេ?
ដើម្បីស្រាយចម្ងល់នេះ NPD DisplaySearch កាលពីពេលថ្មីៗនេះបានធ្វើការពន្យល់បក
ស្រាយអំពីអេក្រង់ Retina នេះក៏ដូចជារបកគំហើញបច្ចេកវិទ្យាដែល Apple កំពុងប្រតិបត្តិ។
ស្ថាប័នខាងលើនេះបានអោយដឹងថា iPad ថ្មីជាមួយអេក្រង់ដែលមាន resolution រហូតដល់
២០៤៨x ១៥៣៦ pixel គឺជារបកគំហើញថ្មីមួយទៀតផ្នែកវិស័យបច្ចេកវិទ្យា។ ប្រការនេះវាគឺ
ពិតជាអស្ចារ្យណាស់ មិនតែប៉ុណ្ណោះវាថែមទាំងមានកំរិតមួយខ្ពស់ជាងកំរិត resolution របស់
HDTV នៅលើទីផ្សារបច្ចុប្បន្ននេះទៅទៀត។
ចំពោះការបង្កើនកំរិត pixel ផ្ទុយគ្នានឹងកំរិត aperture ផលអវិជ្ជមានចំបងគឺកំរិតពន្លឺរបស់អេ
ក្រង់នឹងថយចុះ។ ហើយដើម្បីដោះស្រាយចំពោះបញ្ហានេះ Apple បានអនុវត្តន៍បច្ចេកវិទ្យាថ្មី
មួយមានឈ្មោះថា Super High Aperture ដើម្បីជួយបង្កើនកំរិតពន្លឺអោយ backlight ។ លើស
ពីនេះទៅទៀត iPad ថ្មីនេះក៏ត្រូវបានគេដឹងថាប្រើប្រាស់ LED backlight មានចំនួនច្រើនជាង
ពីរដងផងដែរធៀបជាមួយ LED backlight ដែលមានចំនួន ៣៦ អំពូលនៅក្នុង iPad 2។ NPD DisplaySearch ថែមទាំងបានលើកឡើងទៀតថា iPad ថ្មីនេះមានទំងន់ធ្ងន់ជាងនិងក្រាស់ជាង
បន្តិចធៀបជាមួយ iPad 2 នោះក៏ព្រោះតែថ្មនៅលើ iPad ថ្មីមានទំហំធំជាង គឺក្នុងទិសដៅ
ដើម្បីជាការឆ្លើយតបទៅនឹងតំរូវការថាមពលរបស់អំពូល LED backlight ដែលមានចំនួនទ្វេរ
ដងនេះឯង។
NPD DisplaySearch បានអោយដឹងថា Samsung, LG និង Sharp គឺជាដៃគូរសំខាន់ទាំងបី
ដែលមានភារកិច្ចទទួលខុសត្រូវក្នុងការផលិតបន្ទះ panel អេក្រង់សំរាប់ iPad ថ្មី។ ក្រុមហ៊ុន
ទាំងបីនេះគឺសុទ្ធតែជាក្រុមហ៊ុនមានឈ្មោះល្បីបំផុតនៅក្នុងវិស័យផលិតអេក្រង់ ប៉ុន្តែពួកគេ
ក៏សុទ្ធតែជួបនូវការលំបាកដូចគ្នាចំពោះអេក្រង់ iPad ថ្មីនេះ។ Samsung គឺជាដៃគូរផលិតដ៏
សំខាន់ជាងគេខណៈពេលដែល LG ទទួលស្គាល់ថាខ្លួនបានជួបនូវបញ្ហាមួយចំនួន និងបាន
និយាយថាខ្លួននឹងចាប់ផ្តើមផលិតនៅក្នុងពេលឆាប់បំផុត។ ប៉ុន្តែទោះជាយ៉ាងណាក្តីសា្ថន
ភាពរបស់ Sharp ហាក់ដូចជាមានសភាពធ្ងន់ធ្ងរជាងគេ ហើយបើតាម NPD DisplaySearch
បានអោយដឹងថាធ្ងន់ធ្ងរជាង LG យ៉ាងច្រើនទៀតផង។
ចំពោះសមិទ្ធិផលក៏ដូចជាតំរូវការទីផ្សារ Apple បានអោយដឹងថាពួកគេអាចឆ្លើយតបបាន
យ៉ាងល្អចំពោះតំរូវការពីសំណាក់អតិថិជនទូទៅ។ បើយោងតាមការព្យាករណ៍ដែល NPD
DisplaySearch បានលើកឡើង អោយដឹងថាសំរាប់ត្រីមាសទី ៣ នេះនឹងមាន iPad ថ្មីចំនួន
១៣,៦លានគ្រឿង និងត្រីមាសទី ៤ មានចំនួន ១៨,៧លានគ្រឿងត្រូវបានចេញធ្វើចរាចរ។
iPad នឹងចាប់ផ្តើមចេញលក់នៅថ្ងៃទី ១៦ ខែមីនាខាងមុខនេះហើយនៅលើទីផ្សារចំនួន
១០ ប្រទេសដែលក្នុងនោះមានទាំង ហុងកុង និងប្រទេសសិង្ហបុរីផងដែរ៕
ប្រភព៖ CNET, DisplaySearch Blog
ដោយ៖ រស្មី