កោះកុង ៖ អ្វីដែលគួរឱ្យមានការភ្ញាក់ផ្អើល ដល់មហាជនដែលរស់នៅខេត្ដកោះកុង ហើយក៏មានគ្រាំទ្រពីសំណាក់មហាជន ដែលបានដឹងសាច់រឿង ដោយលោកឧត្ដមសេនីយ៍ត្រី យន្ដ មីន មេបញ្ជការតំបន់ប្រតិបត្ដិការសឹក រៀបការឱ្យកូនចៅរបស់លោក ដែលមានជីវភាពក្រក្រី នៅក្នុងគ្រួសារដែល គ្មានលទ្ធភាព រៀបការឱ្យកូនចៅរបស់ខ្លួន ហើយលេចឮព័ត៌មាន ដល់លោកមេបញ្ជាការ លោកក៏បានសម្រេចចិត្ដរៀបការឱ្យ ដោយមានការ ឯកភាពពីឳពុកម្ដាយ ទាំងសងខាង ទាំង៣គូ ទើបរៀបចំពិធីនេះរួមគ្នា នៅក្នុងថ្ងៃតែ១ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៤ នៅក្នុង ទីបញ្ជាការតំបន់ប្រតិបត្ដិការសឹកកោះកុង ដោយមានភ្ញៀវចូលរួម នៅក្នុងពិធីនេះយ៉ាងគគ្រឹកគគ្រេង ហើយធ្វើឲ្យអ្នកដំណើរមានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ ទៅលើគូស្រករទាំង៣គូ ហើយគូសា្វមីទាំង៣គូនេះ គឺសុទ្ធតែពលទាហានទាំងអស់។

ជាពិសេសការរៀបអាពាហ៍ពិពាហ៍នេះ គឺលោកឧត្ដមសេនីយ៍ បានចេញថ្លៃបណ្ដាការទាំងអស់ មិនឱ្យគ្រួសារណាមួយចេញឡើយ ហើយចំពោះ ចំណងដៃវិញ លោកចែកឱ្យសាមីទាំង៣គូនេះស្មើៗគ្នា ហើយការរៀបអាពាហ៍ពិពាហ៍នេះ មានលោកអាចារ្យ មេបាត្រឹមត្រូវទៅតាមប្រពៃណី។ កូនកំលោះក្រមុំទាំង៣គូនេះ មានឈ្មោះដូចខាងក្រោម គូទី១ មានឈ្មោះសូត្រ សភ័ណ្ឌ ពលបាលត្រី ជាគូជាមួយឈ្មោះ ពិន សុធិតា ជាពលបាលឯក។ គូទី២ ឈ្មោះ ស៊ុម សំណាង ជាពលបាលទោ ជាគូជាមួយឈ្មោះ ហាន់ នយ ជាពលបាលទោ។ គូទី៣ ឈ្មោះគង់ គាត ជាពលបាលទោ ជាគូជាមួយឈ្មោះ ទូច វិចិត្រយ៉ាដា ជាពលបាលត្រី។ នៅក្នុងពិធីពិសាភោជនាហារ គូស្វាមីភរិយាទាំង៣គូនេះ លោក យន្ដ មីន មេបញ្ជាការសឹកកោះកុង បានមានប្រសាសន៍ ដើម្បីឱ្យភ្ញៀវដែលមកចូលរួមដឹងពីព័ត៌មានពិត ក្នុងការរៀបចំការពលទាហានទាំង៣គូ ក្នុងថ្ងៃតែមួយ នេះថា ឳពុកម្ដាយណាមិនស្រឡាញ់កូន មេណាមិនស្រឡាញ់កូនចៅ បើឃើញភាពជាក់ស្ដែងហើយ ដែលគ្នាទាំង៣គូស្រឡាញ់គ្នា ហើយស្ថិតនៅ ក្នុងអង្គភាពយោធិន តែខាងក្រុមគ្រួសារនីមួយៗ គ្មានលទ្ធភាពរៀបការឱ្យកូនចៅទៅថ្ងៃអនាគត ទើបលោកសម្រេចរៀបការឱ្យពួកគេទាំង៣គូនេះ ហើយប្រព្រឹត្ដទៅ ក្នុងថ្ងៃតែ១ គឺថ្ងៃទី១០ ខែកក្កដានេះតែម្ដង។ ហើយការរៀបការនេះ ក៏មានការយល់ព្រមពីអាណាព្យាបាល ទាំងភាគីខាងសងទើបលោកហ៊ានធ្វើ និងក៏មានការឯកភាព ពីសំណាក់លើរបស់លោកដែរ និងអាជ្ញាធរដែនដី ទើបលោករៀបចំពិធីនេះឡើង ហើយនេះជាសក្ខីភាព មួយរបស់អង្គភាពលោក ដែលមានការគ្រាំទ្រពីសំណាក់មហាជន ពុំដែលមានទាល់តែសោះក្នុងសម័យនេះ តែបើរៀបការច្រើនគូ មានតែសម័យរបប ខ្មែរក្រហមនោះទេ ទើបរៀបការច្រើនគូ ហើយស្ថិតនៅក្នុងការបង្ខិតបង្ខំ។ កូនកំលោះកូនក្រមុំទាំង៣គូ បាននិយាយឱ្យក្រុមសារព័ត៌មានដឹង នៅពេលធ្វើបទសម្ភាស៍ថា ពួកខ្ញុំទាំង៣គូមានការសប្បាយចិត្ដណាស់ ដោយមានឳពុកម្ដាយទី២ បានរៀបចំការឱ្យ ហើយឳពុកម្ដាយទី២នេះ ជាមេបញ្ជាការ និងលោកជំទាវជាភរិយាតែម្ដង នេះមោទនភាពមួយរបស់ខ្ញុំ ហើយពួកខ្ញុំទាំង៣គូនេះ គឺស្រឡាញ់គ្នាដោយស្មោះស្ម័គ្រ គ្មានអ្នកណា បង្ខំអ្នកណានោះទេ។ ហើយនៅពិធីនេះចប់ យើងខ្ញុំនិងនាំគ្នាទៅចុះអេតាស៊ីវិល ហើយស្រឡាញ់គ្នាលុះអវសាន មិនឱ្យឳពុកម្ដាយទី២ខ្ញុំខកបំណង
ឡើយ ហើយធ្វើជាគំរូល្អជានិច្ច ក្នុងការបំពេញកាតព្វកិច្ចជាយោធិន។

ឳពុកម្ដាយកូនក្រមុំទាំង៣គូ បាននិយាយទាំងទឹកភ្នែករលីងលោង ទាំងក្ដីរំភើបដល់ក្រុមអ្នកយកព័ត៌មានថា គ្មានអ្វីសប្បាយចិត្ដ ដោយឃើញ មេបញ្ជាការ និងលោកជំទាវ លោករៀបការឱ្យកូនរបស់ពួកគាត់នោះទេ ដោយអ្វីៗគឺគាត់ជាអ្នកចំណាយទាំងស្រុក គឺកូនគាត់ទាំង៣គូ មានតែខ្លួន តែប៉ុណោ្ណះក្នុងពិធីការ ហើយជាពិសេសចំណងដៃ លោកបានចែកឱ្យទៀត ដោយគ្មានយក១រៀលសោះឡើយ ហើយចំណងដៃនេះហើយ គឺប្រៀបដូចជាមេបញ្ជាការ ចែកទ្រព្យសម្បត្ដិឱ្យកូនគាត់អីចឹង។

ក្រុមឳពុកម្ដាយបានបន្ដថា តែចំពោះរូបពួកគាត់ ពុំមានលទ្ធភាពរៀបការឱ្យកូនចៅ យ៉ាងគគ្រឹកគគ្រេងដូចនេះទេ។ ពួកលោករកអ្វីប្រៀបផ្ទឹមពំុបាន នូវទឹកចិត្ដមេបញ្ជាការ និងកូនចៅ ហេីយធ្វើឱ្យមានភ្ញាក់ផ្អើលពេញខេត្ដកោះកុង និងមានការគ្រាំទ្រពីសំណាក់មហាជន ដែលកូនគាត់សំណាង ណាស់ បានមេបញ្ជាការរៀបការឱ្យ ហើយចែកចំណងដៃឱ្យទៀត គាត់សប្បាយចិត្ដគ្មានអ្វីផ្ទឹមទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល