(ភ្នំពេញ)៖ សំណុំរឿងឃាតកម្មសម្លាប់ទារិកាអាយុ៦ខែ នៅខណ្ឌឬស្សីកែវ ត្រូវបានតុលាការសម្រេចបើកការស៊ើបអង្កេត ចំពោះមិត្តប្រុសរបស់ម្តាយទារិការងគ្រោះនេះ ដែលសង្ស័យថា ជាឃាតកសម្លាប់ទារិកា ហើយក៏បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនស្ត្រីជាម្ដាយទៅមណ្ឌលបន្សាបគ្រឿងញៀន ព្រោះនាងញៀនថ្នាំឡើងវង្វេងស្មារតីទៅហើយ។

មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា នៅម៉ោងប្រមាណ១៣៖៣០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខុនដូក្នុងបន្ទប់លេខ១០៩ ផ្លូវបេតុង ក្រុម១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ មានករណីទារិកាម្នាក់ស្លាប់។ តាមការរៀបរាប់របស់ម្តាយក្មេងរងគ្រោះឈ្មោះ ចាន់ រតនា អាយុ២៧ឆ្នាំ បានបំភ្លឺឲ្យសមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនបានមកធ្វើអត្តណសញ្ញាប័ណ្ណជាមួយឈ្មោះ ស្រី អូន នៅសង្កាត់ច្រាំងចំរេះ២ ដោយផ្ញើកូន ឲ្យមិត្តប្រុសឈ្មោះ កើ ហាំសះ អាយុ២៨ឆ្នាំ ដែលជាសង្សាជួយមើល។

ពេលនាងទៅធ្វើអត្តណសញ្ញាប័ណ្ណ ពុំបានធ្វើក៏ត្រឡប់មកវិញ មកដល់តាមផ្លូវក៏បានទូរស័ព្ទទៅឈ្មោះ កើ ហាំសេះ ដែលជាអ្នកមើលកូនថា «យ៉ាងមិចហើយកូនរបស់ខ្ញុំ? ពេលនោះ ឈ្មោះ កើ ហាំសេះ បាននិយាយថា កូនស្រីរបស់ឯងបានស្លាប់ហើយ»។

ម្តាយទារិការងគ្រោះឭដូច្នេះ ក៏បានឲ្យឈ្មោះ ស្រី អូន ជិះម៉ូតូឌុបទៅមុនដោយខ្លួននៅចាំរថយន្ត ដោយសាររថយន្តខូច។ ២០នាទីក្រោយមក ខ្លួនក៏មកដល់បានយកកូនពីដៃឈ្មោះ កើ ហាំសះ ទៅមន្ទីរពេទ្យកាល់ម៉ែត តែគ្រូពេទ្យបញ្ជាក់ថា ស្លាប់ហើយ និងបន្តយកទៅមន្ទីរពេទ្យគន្ធបុប្ផា ក៏គ្រូពេទ្របញ្ជាក់ថា ស្លាប់ដែរ រួចក៏បញ្ជូនទៅវត្តទួលសង្កែ បង្ខំឲ្យអាចារ្យភ្លុកដុតតែដោយសារមិនមានសំបុត្រស្នាមច្បាស់លាស់ អាចារ្យមិនហ៊ានដុតក៏យកទៅវត្តញាណរង្សីបង្ខំអាចារ្យដុតទៀត។

មន្ត្រីនគរបាលបានបន្តទៀតថា តាមការវិភាគរបស់គ្រូពេទ្យតុលាការ និងការិយាល័យបច្ចេទវិទ្យាសាស្ត្រ ទារិកាស្លាប់ដោយមានគេខ្ទប់ដង្ហើមបណ្តាលឲ្យថប់ដង្ហើមស្លាប់។
ក្រោយពីទទួលបានការបំភឺ្ល និងប្រមូលសាក្សីបឋមនៅន្លែងកើតហេតុ នគរបាលមូលដ្ឋាន បានស្មើសុំទៅលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សុំធ្វើការឃាត់ខ្លួនម្តាយទារិកា ដោយផ្អែកលើភស្តុតាង ទី១-ពេលបានទទួលព័ត៌មានថាកូនស្លាប់បែរជាខ្លួននៅចាំរថយន្តដោយឲ្យប្អូនជីជូនមួយឈ្មោះ ស្រី អូន ជិះម៉ូតូឌុបមកមុន ដើម្បីពិនិត្យមើលដោយខ្លួនពុំបានមក ទី២-ផ្អែកលើការសាកសួរម្តាយបានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនរាល់ថ្ងៃ តាំងពីប្ដីរបស់នាងមិនទាន់ជាប់គុកមកម្ល៉េះ ទី៣-នៅក្នុងបន្ទប់ខុនដូ មានឧបករណ៍ប្រើប្រាស់គ្រឿងញៀនជាច្រើន ទី៤-បង្ខំឲ្យលោកអាចារ្យភ្លុកបូរជាសពកូនទាំងប្រញាប់ ទី៥-បានណែនាំប្រាប់ប្រធានសន្តិសុខនៅខុនដូរថាពេលឃើញមិត្តប្រុសខ្ញុំមកកុំឲ្យចូលប្រយ័ត្នប៉ូលិសចាប់ និងទី៦ ផ្អែកលើការធ្វើតេស្តទឹក នោម របស់ការិយាល័យគ្រឿងញៀន បញ្ជាក់ថា ម្តាយទារិកាពិតជាប្រើប្រាស់គ្រឿងញៀន និងមានសារធាតុក្នុងខ្លួនពិតប្រាកដមែន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី