-មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ចាប់ផ្តើមបាញ់ថ្នាំ សម្លាប់មូស គ្រប់ទីកន្លែង

ភ្នំពេញ៖ មួយរយៈពេល ចុងក្រោយនេះ នៅរាជធានីភ្នំពេញមូស បានចាប់ផ្តើម បង្កការអុកឡុក និងរំខាន ទៅដល់ប្រជាពលរដ្ឋ នៅទូទាំងរាជធានី ដែលបានធ្វើឲ្យ ពួកគាត់រអ៊ូរទាំជា ខ្លាំង ចំពោះបញ្ហានេះ ប៉ុន្តែទោះ បីជាយ៉ាងណា មន្ទីរសុខាភិបាល រាជធានីភ្នំពេញ មិនបានព្រងើយ កន្តើយ ពីករណីទាំងអស់នោះទេ គឺ ខាងមន្ទីរ បានយកចិត្តទុក ដាក់ជាខ្លាំង ដោយបាន អនុវត្ត បាញ់ថ្នាំសម្លាប់ មូសគ្រប់ទីកន្លែង ដើម្បីសុខ ភាពប្រជាពលរដ្ឋ។

អ្នកស្រី គឹម យាង ជាពលរដ្ឋម្នាក់រស់នៅ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានឲ្យដឹងថា ប្រហែល ជាមួយខែមកនេះ នៅក្នុងផ្ទះរបស់អ្នកស្រី មូសមាន ច្រើនខុសពីធម្មតា ដែលបានបង្ក ការ រំខានទៅដល់រូប គាត់ ក៏ដូចជាកូនតូចផងដែរ ដោយមូសទាំងនោះ បានមកខាំកូន របស់មិន ឲ្យបាន ដេកស្កប់ស្កល ទោះបី ជាដាក់មុងការពារ មិនឲ្យមូសខាំ ក៏ដោយ ប៉ុន្តែសំឡេងមូស នៅតែបង្កភាពរញ៉េរញ៉ៃដដែល។

លោកស្នា ជាប្រជាពលរដ្ឋរស់ នៅខណ្ឌដង្កោ ក៏បានឲ្យដឹងដែរថា ជារៀងរាល់យប់គាត់តែង តែបាញ់ថ្នាំមូស និងអុជធូកមូស ដើម្បីកំចាត់ពួកវាកុំមករំខាន ប៉ុន្តែមូសនៅតែ មានច្រើនដដែល ដោយពួកវា បានបង្កការរំខានដល់ ក្រុមគ្រួសារគាត់ជានិច្ច។

អ្នកស្រី ជឹម ចាន់ធី ជាប្រជាពលរដ្ឋរស់នៅ សង្កាត់ទួលសង្កែ ក៏បានថ្លែងថា មួយពេលថ្មីៗនេះ សត្វមូស បានកើតឡើងច្រើន ធ្វើឲ្យអ្នកស្រីព្រួយបារម្ភ ពីសុវត្ថិភាព កូនរបស់អ្នកស្រី ដែលអាច កើតមានជំងឺ ដែល បណ្តាលមកពីសត្វមូសខាំ ។

អ្នកស្រីបានបញ្ជាក់ថា គាត់បានបាញ់ថ្នាំសម្លាប់សត្វមូស គឺបាញ់ជារៀងរាល់ថ្ងៃរាល់យប់ ប៉ុន្តែ សត្វមូល កាន់តែកើតច្រើនថែមទៀត។

ប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ បានមានប្រសាសន៍ ប្រាប់មជ្ឈ មណ្ឌល ព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៤នេះថា ខាងមន្ទីរបានបាញ់ ថ្នាំសម្លាប់មូសជារៀងរាល់យប់នៅគ្រប់ទីកន្លែងទាំងអស់ ធ្វើយ៉ាងណាកុំឲ្យមូស ទៅបំផ្លាញ សុខភាពប្រជាពលរដ្ឋ ព្រោះរាល់ថ្ងៃនេះ មូសមានស្ទើរនៅគ្រប់ ទីកន្លែងទៅហើយ។

លោកបន្តថា នៅរាត្រីនេះ ខាងមន្ទីរ នឹងបន្តសកម្មភាពរបស់ខ្លួន ទៅបាញ់ថ្នាំ មូសនៅសង្កាត់ បឹងកេងកង ហើយនៅតែបន្តសកម្មភាពបែបនេះ ទៀតរហូតទាល់តែអស់មូស ។

លោក៏បានឲ្យដឹងទៀតថា សព្វថ្ងៃខាងមន្ទីរសុខាភិបាល រាជធានី មានតែម៉ាស៊ីន បាញ់សម្លាប់មូស តែមួយទេ ទើបមិនអាចបំពេញ តំរូវការរបស់ប្រជាពលរដ្ឋ ឲ្យបាន ទាន់ពេលវេលា។

លោកបានបញ្ជាក់ថា “ថ្នាំនេះលាយជា មួយប្រេងម៉ាស៊ូត មិនមែនលាយជាមួយទឹកទេ ហើយក៏ ចំណាយ ថវិកាច្រើនណាស់ ហើយមូសទាំងនេះ ជាមូសអង្កាម វាគ្រាន់តែ ខាំឲ្យរមាស់ទេមិនបាន បង្កឲ្យទៅជាមាន ជំងឺគ្រុនចាញ់ និងគ្រុនឈាមទេ ដូចរដូវវស្សាទេ”។

លោកថា មូសទាំងនេះ ចេញពីរុនមូស ហើយទឹកលូស្ទះវាមិនហូរក៏ បានបង្កឲ្យ ទៅជាមូសតែម្តង ហើយខាងមន្ទីរក៏មិនអាចបាញ់ថ្នាំគ្រប់ទីកន្លែងនោះទេ ប៉ុន្តែខាងមន្ទីរនឹងព្យាយាម បាញ់សម្លាប់ មូលគ្រប់ទីកន្លែងទាំងអស់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល