អស្ថេរភាពនយោបាយនៅក្នុងអ៊ុយក្រែន បានចោទ ជាហានិភ័យដ៏ធំចំពោះសុវត្ថិភាព នៃឃ្លាំងអាវុធរបស់ប្រទេសនេះ និងអតីតសហភាពសូវៀត ហើយអាចបង្កជាគ្រោះគំរាមកំហែង ដ៏ធ្ងន់ធ្ងរសម្រាប់សុខសន្តិភាពរបស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ ក្រសួងមហាផ្ទៃ កម្ពុជា ដែល បានដកស្រង់ប្រភពពីបណ្តាញព័ត៌មានបរទេស។

អត្ថបទដែលចេញផ្សាយលើគេហទំព័ររបស់ក្រសួងមហាផ្ទៃកម្ពុជា គ្រាដែលស្ថានភាព នៅក្នុង ប្រទេសអ៊ុយក្រែន កំពុងស្ថិតក្នុងភាពតានទឹង អាចនឹងមានការអន្តរាគមន៍យោធាពីប្រទេសរុស្ស៊ីនោះ បានធ្វើការពណ៌នាបន្តថា អស្ថេរភាពនយោបាយនៅអ៊ុយក្រែន នៅតែមិនទាន់មានសញ្ញា នៃការ ថយកំដៅនោះទេ។ ការកើនឡើងជាប់ៗគ្នា នៅក្នុងអំពើហិង្សារវាងក្រុមអ្នកតវ៉ា និងប៉ូលីស។ អំពើ ហិង្សា ដែលកើនឡើងនៅក្នុងប្រទេសនេះ ដោយសារមួយ ផ្នែកបណ្តាល មកពីការបាត់ម្ចាស់ ការ ក្នុងការគ្រប់គ្រងឃ្លាំងអាវុធ ដែលរដ្ឋាភិបាលគ្រប់គ្រង។

លោក Oleksandr Yakimenko ប្រធាន នៃភ្នាក់ងារសន្តិសុខជាតិរបស់អ៊ុយក្រែន (SBU) បាននិយាយ ថាកាំភ្លើងជាង ១.៥០០ដើម និងគ្រាប់ចំនួន ១០០.០០០គ្រាប់បានធ្លាក់ចូលទៅក្នុងដៃរបស់ឧក្រិដ្ឋ ជន។

ព្រឹត្តិការណ៍នេះ គឺជាសញ្ញាប្រកាសអាសន្នចំពោះអសន្តិសុខឃ្លាំងអាវុធរបស់អ៊ុយក្រែន ពិសេស ប្រភេទអាវុធប្រកបដោយគ្រោះថ្នាក់។ ពួកឈ្មួញរត់ពន្ធអាវុធ នឹងក្តាប់ឱកាសនេះ ដើម្បីបញ្ចេញ អាវុធទាំងនេះ ទៅបរទេស ជាពិសេស គឺអាវុធមីស៊ីលឆ្លងទ្វីប, មីស៊ីលប្រឆាំងយន្តហោះ ជាដើម។

គួររំលឹកថា អ៊ុយក្រែន ជាផ្នែកមួយដ៏សំខាន់បំផុត នៃសហភាពសូវៀត ។ ពេលដែលសហភាព សូវៀត បានដួល រលំ, ឃ្លាំងអាវុធ ដ៏ធំជាច្រើនរបស់សូវៀត ស្ថិតនៅលើទឹកដីអ៊ុយក្រែន ក្នុងនោះ រួមមានទាំងអាវុធមហាប្រល័យផងដែរ។

ពេលដែលសហភាពសូវៀតដួលរលំនៅឆ្នាំ១៩៩១ អ៊ុយក្រែន បានប្រកាសឯករាជ្យភាព។ ក្នុងពេល នោះ ពួកគេបានក្លាយជាម្ចាស់កម្មសិទ្ធលើឃ្លាំងនុយក្លេអ៊ែរមួយដ៏ធំ គឺមានទំហំ ធំជាងឃ្លាំង នុយ ក្លេអ៊ែរ របស់ប្រទេសអង់គ្លេស, បារាំង និងប្រទេសចិនបូកបញ្ចូលគ្នា។ សរុបក្បាលគ្រាប់នុយក្លេអ៊ែរ មានចំនួន ៥.០០០គ្រាប់ ត្រូវបានរក្សាទុក នៅក្នុងឃ្លាំងលើទឹកដីអ៊ុយក្រែន នៅពេលពួកគេ បាន ប្រកាសឯករាជ្យ។

KH-55 ធ្លាប់លក់ជាសម្ងាត់ទៅអោយចិន និង អៀរ៉ង់

ក្រៅពីនេះ អ៊ុយក្រែននៅក្តាប់ចំនួនធំ នៃមីស៊ីលឆ្លងទ្វីប (ICBM), មីស៊ីលវាយប្រហារលើដី, មីស៊ីល យុទ្ធសាស្ត្រពី លើយន្តហោះ និងយន្តហោះទំលាក់គ្រាប់បែកជាយុទ្ធសាស្ត្រ ដែលបំពាក់ មីស៊ីល ១៣០ដើម ប្រភទ R-36 ICBM: SS-18 ដែលមានសមត្ថភាពបាញ់បានចម្ងាយ ១៦.០០០គីឡូម៉ែត្រ និង មីស៊ុល46 ICBM-23-SS-24Scalpel ដែលមានសមត្ថភាពបាញ់បានចម្ងាយ ១០.០០០គីឡូម៉ែត្រ។

ប្រសិនបើអាវុធ «មហាប្រល័យ» នេះធ្លាក់ចូលទៅក្នុងដៃ របស់ភេរវករ ឬប្រទេស «អមិត្ត» នោះ នឹងដាក់នូវការ គំរាមកំហែងជាច្រើនមួយដល់សន្តិសុខពិភពលោក។ នៅក្នុងបរិបទ នៃវិបត្តិ នយោ- បាយ និងកង្វះថវិកានោះ តើគេអាចធានាថា អាវុធទាំងនេះនឹងមានការរក្សាទុកដោយសុវត្ថិភាព ដែរឬ ទេ?៕

OTR-21 TOCHKA គឺជាប្រភេទមីស៊ីលអន្តរទ្វីប ដែលក្លាយជាគោលដៅរបស់ពួករត់ពន្ធអាវុធចង់បានបំផុត

ផ្តល់សិទ្ធិ ៖ ដើមអំពិល