ក្រសួងអប់រំ ប្រកាសមិនទទួលស្គាល់ចំពោះការជ្រើសរើសនិស្សិតអាហារូបករណ៍ ដែលលោក ឡី សុភាព ប្រើឈ្មោះ អាស៊ាន សម្រាប់ផ្តល់ឲ្យសិស្សចំនួន ៥០០០កន្លែង នៅតាមមហាវិទ្យាល័យចំនួន៤ក្នុងរាជធានីនិងខេត្តមួយ ចំនួន។

រូបថត ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ លោក ថោង បូរ៉ាន់ អគ្គនាយករដ្ឋបាល-ហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២នេះ បានឲ្យដឹងថា ក្រសួងមិនទទួលខុសត្រូវចំពោះអាហាររូបករណ៍អាស៊ានដែល ចេញដោយលោក ឡី សុភាព ប្រធានគណៈកម្មការអាហារូបករណ៏អាស៊ាន ហើយព្រមានដល់លោក ឡី សុភាព ឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា បើមានបាតុភាពជាយថាហេតុណាមួយកើតឡើង បណ្តាលមកពីអាហារូបករណ៍អាស៊ាននេះ លោក ឡី សុភាព ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានរកឃើញបាតុភាព ដែលបានកើតឡើង ដូចជា ការលក់ពាក្យសុំចូលរៀនមួយសន្លឹកតម្លៃ ១០.០០០រៀល និងការបង់ប្រាក់ថ្លៃសិក្សា ៥០% មុនពេលដែលមិនទាន់ដឹងអំពីលទ្ធផលនៃការប្រលងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រើប្រាស់ (Logo) និងនាមការណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន(ASEAN) ដោយមិនមានការអនុញ្ញាតពីសមាគមនេះ។

នៅព្រឹកនេះ VOD មិនអាចធ្វើការទំនាក់ទំនងលោក ថោង បូរ៉ាន់ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងអប់រំបានទេ ដើម្បីបញ្ជាក់បន្ថែមលើលិខិតបដិសេធនេះបានទេ។

ប៉ុន្តែមន្ត្រីក្រសួងអប់រំម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះ បានប្រាប់VOD នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហានេះ ថាក្រសួងកំពុងចាត់វិធានការស្រាវជ្រាវនិងទប់ស្កាត់ បញ្ហានេះ។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ថ្លែងថា ក្រសួងមិនត្រូវចេញតែសេចក្តីជូនព័ត៌មានប៉ុណ្ណោះទេ គឺត្រូវប្តឹងអ្នកប្រព្រឹត្តទៅកាន់តុលាការដើម្បីចាត់ការតាម ច្បាប់ ៖ “ក្រសួងមិនមែនត្រឹមតែចេញលិខិតបដិសេធទេ ត្រូវតែតាមរកជនដែលក្លែងបន្លំ បើសិនជាក្រសួងមិនបានផ្តល់អាជ្ញាប័ណ្ណឲ្យ យើងត្រូវតែរកម្ចាស់លិខិតហ្នឹងយកមកផ្តន្ទាទោសតាមច្បាប់ ហើយអារឿងហ្នឹងវានឹងប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ សិស្ស ដែលមានការភ័ន្តច្រលំ ជួនកាលគេនឹងយកលុយលើសពីព្រោះឥឡូវហ្នឹងក្នុងសង្គមកម្ពុជាយើង មានជនដើរធ្វើអញ្ចឹងច្រើន”។

លោកឡី សុភាព ជាប្រធានគណៈកម្មាការអាហាររូបករណ៍អាស៊ាននេះ ក៏មិនអាចសុំការអធិប្បាយបានដែរ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រោយពេលដែលសិស្សទើបប្រលងចប់បាក់ឌុប ពួកគេតែងស្វះស្វែងរកអាហាររូបករណ៍ ដើម្បីសុំចូលរៀនបន្តទៅមហាវិទ្យាល័យ ហើយការប្រកាសផ្តល់អាហាររូបករណ៏ដោយប្រើឈ្មោះអាស៊ាននេះ បានធ្វើឲ្យសិស្សមួយចំនួន យល់ច្រឡំ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VOD