កាលពីកំឡុង ២ឆ្នាំមុន គេហទំព័រ TechCrunch ធ្លាប់បានចុះផ្សាយដំណឹងជាលើកដំបូងស្តី
ពីការបង្ហាញវត្តមាននៃប៊ូតុង
"Like" (ចូលចិត្ត) ដែលក្រោយមកវាបានក្លាយជាផ្នែក
ដ៏សំខាន់មួយដែលមិនអាចខ្វះបាននៅលើ Facebook។ ដោយឡែកពេលថ្មីៗនេះគេហទំព័រ
TechCrunch ដដែលទើបតែទទួលបានពត៌មានថ្មីមួយទៀតស្តីអំពី Facebook នេះ ដោយ
បានលើកឡើងថាគេហទំព័រកំសាន្តដ៏ល្បីបំផុតនេះអាចនឹងដាក់បន្ថែមប៊ូតុង
"Hate" (ស្អប់)
នៅក្បែរគ្នានឹងប៊ូតុង "Like" ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
យោងតាមខ្លឹមសារក្នុងសំណុំឯកសារចុះឈ្មោះ S-1 របស់ Facebook ដែលបានផ្ញើទៅកាន់
គណៈកម្មការមូលប័ត្រនិងរូបិយប័ណ្ណសហរដ្ឋអាមេរិក បានអោយដឹងថាអ្នកប្រើប្រាស់បាន
ចុច Like រហូតដល់ ២,៧ ពាន់លានដងក្នុងមួយថ្ងៃនិងមានទាំង Comment បញ្ចេញមតិផង
ដែរ។ ជាមួយប៊ូតុង Hate វិញ Facebook បានធ្វើការព្យាករណ៍ថាតួលេខនេះនឹងមានការ
កើនឡើងទ្វេរដងឯណោះ។ ក្នុងសំណុំលិខិត S-1 បានបញ្ជាក់យ៉ាងច្បាស់ថា " រាល់ទំព័រ
ឯកជនទាំងឡាយដែលទទួលបានការពេញនិយមបំផុតនៅលើ Facebook ដែលក្នុងនោះរួម
មានដូចជា Lady Gaga, Disney និង Manchester United ជាដើមនោះ ដែលក្នុងមួយទំព័រៗ
សុទ្ធសឹងតែមានអ្នកចុច Like មានចំនួនជាង ២០ លានដង", ខណៈពេលដែលមានក្រុមហ៊ុន
ជាច្រើនបានលើកឡើងថាប៊ូតុង Hate នឹងត្រូវបានគេចុចច្រើនជាងប៊ូតុង "Like" លើបណ្តា
ទំព័រឯកជនទាំងនោះនៅពេលដែលវាត្រូវបានបង្ហាញវត្តមានមែននោះ។
យោងតាមប្រភពពត៌មានខាងក្នុងមួយចេញពី Facebook បានអោយដឹងថានៅពេលដែល
ប៊ូតុង Like ត្រូវបានដាក់ប្រកាសបង្ហាញជាលើកដំបូង លោក Mark Zuckerberg បានធ្វើការ
ព្យាករណ៍ថានឹងមានចំនួនអ្នកប្រើប្រាស់ចុចប៊ូតុង Like នៅលើទំព័រ Facebook មានចំនួន
រហូតដល់ ១ ពាន់លានដង ត្រឹមតែក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ ដូចគ្នា,ចំពោះប៊ូតុង
Hate វិញ លោក Mark Zuckerberg បានព្យាករណ៍ថានឹងមានចំនួនរហូតដល់ ២ ពាន់លាន
ដងនៅក្នុងថ្ងៃដែលប៊ូតុងនេះត្រូវបានដាក់អោយប្រើប្រាស់ជាលើកដំបូង។ ដែលទាំងនេះឆ្លុះ
បង្ហាញអោយឃើញយ៉ាងច្បាស់ថាអ្នកប្រើប្រាស់ទូទៅគឺមានការស្អប់ច្រើនជាងការចូលចិត្ត
ទៅលើអ្វីៗទាំងអស់នៅលើប្រព័ន្ធអ៊ីនធើណែត។ ដោយឡែកនៅឯ Facebook កំពុងតែធ្វើ
កិច្ចប្រជាមតិមួយក្នុងការដាក់ឈ្មោះអោយប៊ូតុងថ្មីនេះថា "ស្អប់" (Hate) រឺក៏ "មិនចូលចិត្ត"
(Dislike) ទៀតផង។
គិតចាប់តាំងពីពេលដែលប៊ូតុង Like ត្រូវបានបង្ហាញវត្តមានឡើង ប៊ូតុងដ៏តូចមួយនេះបាន
ក្លាយជាផ្នែកដ៏សំខាន់បំផុតមួយនៃប្រាក់ចំណូលរបស់ Facebook ។ ដោយឡែកចំពោះការ
ប្រកាសបង្ហាញវត្តមានប៊ូតុង Hate វិញ នោះតំលៃរបស់ Facebook នឹងមានការកើនឡើង
ក្នុងកំរិតមួយខ្ពស់បន្ថែមទៀតនៅមុនពេលដែលគេហទំព័រមួយនេះចាប់ផ្តើមធ្វើការចែកចាយ
ប័ណ្ណភាគហ៊ុនរបស់ខ្លួននាពេលខាងមុខនេះ។ ក្រៅពីប៊ូតុង Hate នេះ, Facebook ក៏កំពុងតែ
ធ្វើយុទ្ធនាការសាកល្បងនូវប៊ូតុងមួយផ្សេងទៀតមានឈ្មោះថា "Fax" ដើម្បីផ្ញើរូបភាពរឺក៏
ទិន្នន័យតាមរយៈអាស័យដ្ឋាន Fax ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក្តី បើយោងតាមប្រភពពត៌មានមួយចំនួនបានអោយដឹងថាចំពោះការ
ដែល Facebook នឹងដាក់បន្ថែមនូវប៊ូតុង Hate នេះនៅមិនទាន់ច្បាស់លាស់ពិតប្រាកដនៅ
ឡើយទេ។ ម្យ៉ាងវិញទៀតប៊ូតុង Hate កំពុងតែស្ថិតនៅក្នុងកិច្ចពិគ្រោះពិភាក្សាគ្នានៅឡើយ
នៅឯទីស្នាក់ការរបស់ Facebook ,ហើយចំពោះប៊ូតុង Hate នេះផងដែរ អាចនិយាយបានថា
Facebook នឹងអាចអនុវត្តបាននូវភារកិច្ចរបស់ខ្លួនមួយទៀតគឺ "បង្កើតកម្មវិធីដើម្បីជួយអោយ
អ្នកប្រើប្រាស់ទូទៅអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នា ក៏ដូចជាធ្វើការចែករំលែករាល់ខ្លឹមសារជា
មួយគ្នាបានដោយងាយតាមដែលខ្លួនចង់ បើទោះបីជាពួកគេស្អប់រឺចូលចិត្តក៏ដោយ។ ស្រប
ពេលជាមួយគ្នាដែលក្រុមអ្នកផលិត និងក្រុមអ្នកពាណិជ្ជកម្មរបស់ Facebook មួយចំនួនមាន
ការពេញចិត្តជាខ្លាំងចំពោះផ្នត់គំនិតស្តីអំពីប៊ូតុង Hate នេះ។ ចំពោះ Facebook ផ្ទាល់មិន
ទាន់មានប្រតិកម្មរឺមតិណាមួយដើម្បីធ្វើការបកស្រាយបំភ្លឺជុំវិញដំណឹងដែលបានលើកឡើង
ខាងលើនេះនៅឡើយ៕
ប្រភព៖ TechCrunch
ដោយ៖ រស្មី