ភ្នំពេញ៖ សាលាក្រុងភ្នំពេញត្រៀមចាត់វិធានការ តាមផ្លូវច្បាប់ ប្រសិនបើកន្លែងផ្ញើកង់-ម៉ូតូ មិនអនុវត្ត តាមបញ្ជារបស់ខ្លួន ដែលតំរូវឲ្យយកតំលៃ តាមការកំណត់របស់រដ្ឋ ដោយយកតម្លៃ ត្រឹមតែ៣០០រៀល ប៉ុណ្ណោះ ក្នុងតំលៃផ្ញើម្ដង។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានអម្ពិលថា ក្នុងករណីដែលកន្លែងផ្ញើម៉ូតូទាំងនោះ នៅមិនអនុវត្តតាមការបញ្ជាពី សាលាក្រុងជាជំហានដំបូង ពួកគេ នឹងទទួលរងការពិន័យ។ ក្នុងករណីនេះនៅតែមិនរាងចាលទៀតនោះ សាលាក្រុងភ្នំពេញ នឹងឈានទៅដល់ការលុបកិច្ចសន្យា។

លោកបន្តថា" ប្រសិនបើប្រជាពលរដ្ឋ បានឃើញនូវទិដ្ឋភាពជាក់ស្ដែង អំពីការយកលុយលើកំណត់ របស់រដ្ឋ ប្រជាពលរដ្ឋអាចរាយការណ៍ទៅ គណៈគ្រប់គ្រងផ្សារដើម្បីធ្វើការណែនាំ ជូនពួកគាត់ (ម្ចាស់កន្លែងផ្ញើកង់ ម៉ូតូ)"។

កន្លងមកបញ្ហានេះបានអូសបន្លាយជាយូរណាស់មកហើយ នៅតែគ្មានដំណោះស្រាយ ពីភាគីពាក់ព័ន្ធ ហើយទម្លាប់យកលុយលើសកំណត់នេះ ជាងនេះទៀតពួកម្ចាស់កន្លែងផ្ញើកង់ម៉ូតូ ក៏បានឆ្លៀតឡើងថ្លៃ តាមអំពើចិត្តផងដែរ ក្នុងពេលមានពិធីបុណ្យផ្សេងៗដំឡើងថ្លៃរហូត១៥០០រៀល ទៅ២០០០រៀល ក្នុង តម្លៃម៉ូតូមួយគ្រឿង រីឯកង់មានតំលៃចាប់ពី៥០០រៀល ទៅ១០០០រៀល។

សូមបញ្ជាក់ថា បញ្ជាផ្ទាល់ពីសាលាក្រុងតំលៃផ្ញើកង់-ម៉ូតូត្រូវតែអនុវត្តក្នុងតំលៃ៣០០រៀលសម្រាប់ការ ផ្ញើម្ដង។តម្លៃនេះត្រូវបានកំណត់ដោយ មន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សេចក្តីថ្លែងការរបស់អង្គការ ឃ្លាំមើលអភិបាលកិច្ចកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួល បាន នៅ ថ្ងៃទី២៨ ខែវិច្ឆិកាបង្ហាញនូវភស្តុតាងជាក់ស្តែង ដូចជាតម្លៃដែលមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានកំនត់ ត្រឹមតែ ៣០០ រៀលប៉ុណ្ណោះ ក្នុងការផ្ញើម្តងតែ អាជីវករទាំងនោះ បែរជាទារយកពីម្ចាស់ កង់ ម៉ូតូ ក្នុង ទឹក ប្រាក់ ចំនួនចាប់ពី ៥០០ ទៅ ១០០០ រៀល និង ពេលខ្លះឡើងដល់ ២០០០ រៀល ទៅ វិញ។

បន្ថែមពីលើនេះ កន្លែងផ្ញើកង់ ម៉ូតូមួយចំនួន បានឈប់ប្រើប្រាស់សន្លឹកប័ណ្ណផ្ញើ កង់ម៉ូតូ ដែល ចេញ ដោយមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទៅហើយ ដោយជំនួសមកនូវសន្លឹកប័ណ្ណផ្ញើ កង់ម៉ូតូ ផលិត ផ្ទាល់ ខ្លួនទៅវិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល