តាកែវ៖ គូស្នេហ៍វ័យក្មេងជនជាតិវៀតណាមមួយគូ ដែលតួអង្គស្រីស្ថិតក្នុងវ័យអនីតិជននៅឡើយ យំឱបគ្នាយ៉ាង ស្អិតល្មួតបង្ហាញភក្តីស្នេហ៍ និងការស្រឡាញ់ណែនពេញបេះដូង នៅក្នុងអធិការ ដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ហើយបានគំរាមសម្លាប់ខ្លួនថែមទៀត គ្រាអាណាព្យាបាល ប៉ងបំបែកចំណងស្នេហ៍របស់ពួកគេ។ ទីបំផុតការជម្នះ ក្រោមទឹកចិត្តស្មោះសរបស់គូស្នេហ៍ វ័យ ក្មេងនេះ ត្រូវបានអាណាព្យាបាលទន់ចិត្ត និងព្រមផ្សំផ្គុំពួកគេឲ្យគ្នាជាគូ តាមផ្លូវច្បាប់។

បំណាច់ចិត្តស្រឡាញ់ដ៏សែនជាប់ចិត្ត គូស្នេហ៍វ័យក្មេងមួយគូនេះ ទោះបីអាណាព្យាបាលខាងស្រី ព្យាយាមបំបែក ពង្រាត់ខាងស្រីពីប្រទេសវៀតណាម មករស់នៅលើទឹកដីខ្មែរយ៉ាងណាក្តី តួអង្គ ខាងប្រុសបានស្កាត់ស្វែងរករហូត បានជួបគ្នានៅលើទឹកដីខេត្តតាកែវ។ បន្ទាប់ពីការស្វះស្វែង ស្កាត់ជួបគ្នា ភាពសុខសាន្តរបស់គូស្នេហ៍វ័យមួយគូមិន ទាន់ទាំងបានប៉ុន្មានផង ក៏ត្រូវឪពុកម្តាយ ខាងស្រីតាមទាន់ ប្តឹងកម្លាំងកងរាជអាវុធហត្ថក្រុងដូនកែវ ឃាត់ខ្លួននៅ យប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០ ១៤ នៅមុខសួនច្បារមាត់ទន្លេ ខណៈពួកគេកំពុងអង្គុយសារសងគ្នា។

មន្រ្តីកងរាជអាវុធហត្ថក្រុងដូនកែវបានថ្លែងឲ្យដឹងថា គូស្នេហ៍ ដែលត្រូវឃាត់ខ្លួននេះ ខាងប្រុស មានឈ្មោះ វ៉ាង យ៉ាងទុង អាយុ ២២ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅក្នុងឃុំយិនឡុង ស្រុកអាំងភូ ខេត្តអាងយ៉ាង និងមាន មុខរបបជាកម្មករចំណែកខាងស្រី ឈ្មោះ សាលី ហាស់ អាយុ ១៣ឆ្នាំ ជនជាតិឥស្លាម មានទីលំនៅក្នុងក្នុងឃុំឃិន ប៊ិន ស្រុកអាំងភូ ខេត្តអាងយ៉ាង ហើយការចាប់ ឃាត់ខ្លួននេះ គឺបន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីឪពុក ម្ដាយខាងស្រី ដោយចោទប្រកាន់ ភាគីខាងប្រុសថា បានចាប់ពង្រត់កូនប្រមុំរបស់គាត់។

សមត្ថកិច្ចបានបន្តថា គូស្នេហ៍មួយគូនេះ បានស្រលាញ់គ្នាតាំងពីនៅប្រទេសវៀតណាមមកម្ល៉េះ តែដោយភាគីខាង ស្រីនៅវ័យក្មេងពេក ឪពុកម្ដាយខាងស្រី បានយកកូនស្រីរបស់ខ្លួន មករស់នៅ ស្រុកខ្មែរ ដោយជួលផ្ទះឲ្យស្នាក់នៅ ក្នុងក្រុងដូនកែវ បំណងបំបែកគូស្នេហ៍នេះមិនឲ្យជួបគ្នា ក៏ ប៉ុន្តែខាងប្រុស បានតាមមករកដល់ស្រុកខ្មែរ ហើយបាន នាំសង្សាររបស់ខ្លួនមកសារសងនៅ មាត់ទន្លេ ក៏ត្រូវម្ដាយខាងស្រីប្ដឹងឲ្យចាប់ខ្លួនតែម្ដង។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា គូស្នេហ៍វ័យក្មេងនេះ ពេលបញ្ជូនមកកាន់ទីបញ្ជា ការដ្ឋានកងរាជ អាវុធហត្ថក្រុងដូនកែវ ពួកគេគិតតែពីយំឪបគ្នា ហើយបានស្បថស្បែសច្ចាថា ប្រសិនជាម៉ែឪពង្រាត់ពួកគេមិនឲ្យ ជួបគ្នានោះ ពួកគេសុខចិត្តសម្លាប់ខ្លួនទាំងពីរនាក់តែម្ដង។ ដោយសាតែការគំរាមបែបនេះ ទើបធ្វើឲ្យឪពុកម្ដាយ ខាងស្រីដកពាក្យបណ្ដឹង និងយល់ព្រម ឲ្យឪពុកម្ដាយខាងប្រុសនាំយកពួកគេទាំងពីរនាក់ ទៅរៀបការនៅផ្ទះខាង ប្រុស ដើម្បីបញ្ចប់ បញ្ហាតែម្ដងទៅ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល