ភ្នំពេញៈ បន្ទាប់ពីគេហទំព័រកម្សាន្ត កំពុងតែមានប្រជាប្រិយភាព LookingTODAY បានចុះផ្សាយអត្ថបទមួយ មានចំណងជើងថា “ លីលី បែកធ្លាយដំណឹងស្នេហ៍ ជាមួយកូន ប្រុសមន្ត្រីធំ” កាលពីពេលថ្មីៗនេះរួចមក មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែម្ចាស់សាម៉ីខ្លួន កញ្ញា លីលី បានបញ្ចេញប្រតិកម្ម ដោយបដិសេធ ចំពោះព័ត៌មានលេចឮបែបនេះថា មិនមែនជារឿងពិតនោះទេ ហើយ នាងក៏មិនហ៊ានទទួលស្នេហ៍ ពីកូនអ្នកមានទ្រព្យ ឬក៏ជាកូនមន្ត្រីធំអ្វីឡើយ ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ នេះតារាសម្តែងស្រី ដែលកំពុងតែមានទីផ្សារការងារសិល្បៈ ស្ទើររកពេលសម្រាកគ្មាន កញ្ញា លីលី បានប្រាប់ឲ្យដឹងថា នាងមិនសប្បាយចិត្តទេ នៅពេលមានព័ត៌មានបែបនេះ លេចឮលើនាង ទាំងដែលរឿង មិនមែនជាការពិត។ នាងក៏ចង់ឆ្លៀតពេល ប្រកាសជាសាធារណៈដែរថា បេះដូងនាងនៅទំនេរគ្មាន ម្ចាស់បេះដូង ឬក៏កូនមន្ត្រីណាតាមស្រឡាញ់នោះទេ។

តារាចម្រៀង និងសម្តែងវ័យក្មេងសាច់ស ទ្រលុកទ្រលន់ កញ្ញា លីលី បានប្រាប់ឲ្យដឹងថា “ចំពោះការចុះផ្សាយបែបនេះ វាពិតជាធ្វើឲ្យកិត្តិយសខ្ញុំ ប៉ះពាល់ខ្លាំង ធ្វើឲ្យអ្នកគាំទ្រមានការយល់ច្រឡំ គិតថា ខ្ញុំមិនល្អ ។ម្យ៉ាងរឿងនេះក៏អាចធ្វើឲ្យបាត់ប្រជាប្រិយភាពខ្ញុំដូចគ្នា ព្រោះពេល នេះសន្ទុះកេរ្តិ៍ឈ្មោះខ្ញុំ កំពុងតែលេចធ្លោ ចាប់ផ្តើមមានជោគជ័យ ដូច្នេះហើយទើបខ្ញុំត្រូវប្រញាប់ ចេញ មុខបកស្រាយ ទាក់ទងរឿងបែបនេះ វិញភ្លាមៗ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំ ” ។

អតីតពិធីការិនីក្នុងកម្មវិធី "ដំណឹងហួសចិត្ត" របស់បណ្តាញស្ថានីយទូរទស្សន៍ CTN រូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “សម្រាប់រឿងមួយទៀត នៅក្នុងអត្ថបទដែលបានចុះផ្សាយ គឺគេបានសរសេរថា ខ្ញុំមានរថយន្តមកចាំទទួល ជាប្រចាំនោះ មិនមែនជារឿងពិតទេ ខ្ញុំមានរថយន្តផ្ទាល់ខ្លួន មិនចាំបាច់គេយករថយន្តមកទទួល ទៅញុំាអីដូចការចុះផ្សាយទេ។ ខ្ញុំក៏ចង់ប្រកាសផងដែរថា ខ្ញុំគ្មានសង្សារទេ ជាពិសេសជាកូនអ្នកមានទ្រព្យ ឬកូនមន្ត្រីនេះតែម្តង គឺខ្ញុំមិនហ៊ានមានទំនាក់ទំនងស្នេហ៍ ជាមួយកូនអ្នកធំទេ ” ។

ទន្ទឹមជាមួយគ្នានេះ កញ្ញា លីលី ក៏បានធ្វើការបញ្ជាក់ថា បើសិនជានាង មានម្ចាស់បេះដូង នាងនឹងប្រកាសជាចំហរ ប្រាប់ជាសាធារណៈ ពោលគឺមិនលាក់លៀមពីក្រសែភ្នែកមហាជនទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល