ភ្នំពេញ ៖ យុវជនវ័យ ៣០ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលា ការ យោងតាមពាក្យបណ្តឹង របស់ម្តាយស្រ្តីវ័យក្មេងម្នាក់ ដែលបានប្តឹងយុវជនខាងលើនេះ ពីបទ ចាប់ពង្រត់ និង បង្ខាំងកូនស្រីរបស់គាត់ មិនឲ្យចេញមកជួបឪពុក-ម្តាយ តែភាគីខាងប្រុសបានធ្វើការអះអាងថា ករណីខាងលើវាមិន មែនជារឿងបង្ខាំង និងចាប់ពង្រត់អ្វីនោះឡើយ តាមពិតរវាងខ្លួន និងកូនស្រីរបស់ស្រ្តីដែលជាម្ចាស់ដើមបណ្តឹង គឺបាន ស្រឡាញ់ និងរួមរស់នៅជាមួយគ្នា រហូតដល់ទៅដាក់ពាក្យឲ្យអាជ្ញាធរសង្កាត់ដឹងលឺថែមទៀតផង ។

ករណីការចោទប្រកាន់ ពីបទ ពង្រត់ និងបង្ខាំងស្រ្តីវ័យក្មេងពីយុវជនខាងលើនេះ បានផ្ទុះឡើងប្រមាណ ២-៣ថ្ងៃមក ហើយ ខណៈម្តាយខាងស្រីប្តឹងទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ហើយកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជន ខាងលើ ដើម្បីបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ យោងទៅតាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយ ។

យុវជនដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ត្រូវបានគេស្គាល់ឈ្មោះ រ៉ែម ឧសភា ហៅ នុត អាយុ ៣០ឆ្នាំ មានទីលំនៅ ផ្ទះលេខ ១៨២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកស្រ្តីវ័យក្មេង ដែលម្តាយអះអាងថា ត្រូវយុវជនខាងលើ ចាប់ពង្រត់ និងបង្ខាំងនោះ ត្រូវបានគេស្គាល់ឈ្មោះ នៅ សុខឡែន អាយុ ២៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកដូចគ្នា ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួន ឈ្មោះ រ៉ែម ឧសភា នៅម្តុំផ្សារទួលទំពូង ដោយការឃាត់ខ្លួនខាងលើ គឺយោងតាមបណ្តឹងរបស់ ស្រ្តីឈ្មោះ ចាន់ មន្ថា អាយុ ៥១ឆ្នាំ ដែលត្រូវជាម្តាយរបស់ស្រ្តីវ័យក្មេង ឈ្មោះ នៅ សុខឡែន ហើយក៏បានការឯកភាព ឲ្យធ្វើការឃាត់ខ្លួន ពីព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ផងដែរ ។ លុះនៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនយុវជនខាងលើនេះ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចោទប្រកាន់ ។

យោងតាមពាក្យបណ្តឹង របស់ស្រ្តីឈ្មោះ ចាន់ មន្ថា បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ កូនស្រីរបស់គាត់ឈ្មោះ នៅ សុខឡែន បានបាត់ពីផ្ទះមិនដឹងជាទៅទីណា ដោយភ្ជាប់ទៅជាមួយទ្រព្យសម្បត្តិមួយ ចំនួនរួមមាន រថយន្ត ១គ្រឿង ប្រាក់ ៤ពាន់ដុល្លារ គ្រឿងអលង្ការនាឡិកាដៃ គិតជាប្រាក់ប្រមាណ ៨ពាន់ដុល្លារ ។ ក្រោយបាត់កូនស្រី ក្រុមគ្រួសារបានតាមរក ក្រោយមកទើបដឹងថា ឈ្មោះ រ៉ែម ឧសភា បាននាំចេញពីផ្ទះ ហើយបញ្ជា ឲ្យបិទទូរស័ព្ទ ដើម្បីកុំឲ្យក្រុមគ្រួសារធ្វើការទាក់ទងបាន ហើយក៏នាំគ្នាទៅជួលផ្ទះស្នាក់នៅខាងក្រៅ ដើរស៊ីចាយ បំផ្លាញលុយកាក់គ្មានសល់ ទើបក្រុមគ្រួសារសម្រេចដាក់ពាក្យបណ្តឹង ប្តឹងយុវជនខាងលើនេះ ។ ប៉ុន្តែ ជាការឆ្លើយតប ទៅនឹងបណ្តឹងចោទប្រកាន់ យុវជន រ៉ែម ឧសភា បានធ្វើការអះអាងប្រាប់អ្នកកាសែត នៅក្នុងបរិវេណតុលាការថា រវាងរូបគេ និងស្រ្តីឈ្មោះ នៅ សុខឡែន បានស្គាល់ និងស្រឡាញ់គ្នាតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ រហូតដល់រួមរស់នៅជាមួយគ្នា ដូចជាប្តី-ប្រពន្ធ ប៉ុន្តែ មិនបានរៀប ការនោះទេ ។ ការស្រឡាញ់គ្នានេះ ម្តាយទាំងសង្ខាង ព្រមទាំងបងប្អូន ក៏ មានការដឹងលឺផងដែរ ជាពិសេសម្តាយរបស់នារី នៅ សុខឡែន តែម្តង ក៏យល់ព្រមឯកភាពឲ្យខ្លួន និងឈ្មោះ នៅ សុខឡែន រួមរស់ជាមួយគ្នារហូតបានជួលផ្ទះ នៅខាងក្រោយអធិការដ្ឋាននគរបាលខណ្ឌទួលគោករស់នៅ និងបើក ហាងលក់ដូរថែមទៀត តែដោយមុខរបរដំណើរការមិនល្អ ទើបធ្វើឲ្យពួកគេក្ស័យធន ដោយវាមិនមែនជារឿងពង្រត់ បង្ខាំងមនុស្ស ដូចការចោទប្រកាន់នោះទេ ។

លុះដល់ថ្ងៃខែធ្នូ ឆ្នាំ២០១៤ ម្តាយរបស់ឈ្មោះ នៅ សុខឡែន ចេះតែរករឿងបំបែកបំបាក់ខ្លួន និង នៅ សុខឡែន មិន ឲ្យស្រឡាញ់ និងរស់នៅជាមួយគ្នា ។ ដោយមានការបំបែកបំពាក់ដូច្នេះ ពួកគេទាំង ២នាក់ ក៏ឈប់នៅផ្ទះជួលខាងលើ ទុកឲ្យម្តាយឈ្មោះ នៅ សុខឡែន ស្នាក់នៅជាមួយ និងក្រុមគ្រួសារគាត់ ហើយខ្លួន និង នៅ សុខឡែន ជាអ្នកចេញថ្លៃ ជួលផ្ទះឲ្យ ហើយបាននាំគ្នាចេញមុខជួលផ្ទះនៅកន្លែងផ្សេង ។ លុះដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ ខ្លួន និង នៅ សុខឡែន ក៏បាននាំគ្នាទៅលេងស្រុកកំណើត នៅឯខេត្តបាត់ដំបង ដោយជិះរថយន្តម៉ាក តូយូតា ប្រ៊ូស ពាក់ស្លាក លេខ ភ្នំពេញ 2AA-0724 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ នៅ សុខឡែន ។ ពេលទៅដល់ខេត្តបាត់ដំបង ក៏បន្តស្នាក់នៅ ស្រុកកំណើត រហូតដល់ថ្ងៃទី០៩ ខែមករា ខ្លួន និង នៅ សុខឡែន ក៏បាននាំគ្នាទៅសាលាសង្កាត់ស្វាយប៉ោ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ដើម្បីឲ្យលោកចៅសង្កាត់ធ្វើកំណត់ហេតុ និងធ្វើជាសាក្សីដឹងលឺថា ពួកខ្លួនស្ម័គ្រចិត្តរួមរស់ជា មួយគ្នា ធ្វើជាប្តី-ប្រពន្ធស្របច្បាប់ ទោះបីមានឧបសគ្គ ឬឪពុក-ម្តាយបំបែកបំបាក់យ៉ាងណាក៏ដោយ ពេលនោះលោក ចៅសង្កាត់ស្វាយប៉ោ ឈ្មោះ អ៊ុក គីម បានធ្វើកំណត់ហេតុចុះហត្ថលេខា និងបោះត្រាធ្វើជាសាក្សីជួយដឹងលឺថែមទៀត លុះនៅថ្ងៃទី១១ ខែមករា ពួកខ្លួនក៏បាននាំគ្នាធ្វើដំណើរត្រឡប់មកភ្នំពេញវិញ តែមិនបានចូលផ្ទះនោះទេ គឺនាំគ្នាទៅ ជួលផ្ទះសំណាក់ស្នាក់នៅជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្ម ទណ្ឌ កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺ ហើយក៏ធ្វើការឃាត់ខ្លួនតែម្តងទៅ ។

ពាក់ព័ន្ធករណីខាងលើនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាចធ្វើការទាក់ទង ដើម្បីសុំការបំភ្លឺពីភាគីខាងស្រីឈ្មោះ នៅ សុខឡែន បានឡើយ ។ ប៉ុន្តែ បើយោងតាមប្រភពព័ត៌មានពីភាគីខាងម្តាយរបស់នាង នៅ សុខឡែន បានអះអាងថា មូលហេតុដែលខ្លួនប្តឹងដោយសារតែឈ្មោះ រ៉ែម ឧសភា គឺជា មនុស្សប្រើប្រាស់ថ្នាំញៀន ហើយពេលឃើញនាំកូនស្រីរបស់ខ្លួនរត់ចេញពីផ្ទះ ខ្លាចនាំទៅបង្ខាំង ប្រើប្រាស់គ្រឿង ញៀន ឬក៏វាយធ្វើបាបជាដើម ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងតែម្តងទៅ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល