ភ្នំពេញ ៖ ក្នុងករណីដែលស្រ្តីម្នាក់ បានបើករថយន្តម៉ាក់ទំនើប BMW ក្នុងស្ថានភាពស្រវឹង ជោគជាំហើយ ជ្រុលទៅបុកដើមឈើ និងអង្គរក្ស ចំនួន២នាក់ នៅមុខភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា កាលពីពេលថ្មីនេះ គឺសម្តេចបានលើកឡើងថា សម្តេចមិនប្រកាន់ ទោសពៃអ្វីឡើយ ប៉ុន្តែបើនៅអាម៉េរិកវិញ ត្រូវបាញ់សម្លាប់ចោលហើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “គេបើកឡានបុករបងផ្ទះនាយករដ្ឋមន្រ្តី តើអ្នកបើកបរ ខុស ឬខ្ញុំធ្វើផ្ទះខុស …ហួសចិត្តតែម្តង ហើយមកសុទ្ធតែស្រីស្អាត២នាក់ បើករថយន្ត BMWសំណាងហើយក្មួយ។ ខ្ញុំក៏អត់ដឹងដែរ។ មកពីស្ទឹងត្រែងវិញទើបបានដឹង។ ខ្ញុំបានទូរស័ព្ទទៅ ប្រធានតុលាការអំពីករណីនេះ ថា អាចនៅក្រៅឃុំបានទេ។ គាត់ប្រាប់ មកវិញថា បាន។ ស្រវឹងមកបុកផ្ទះនាយករដ្ឋមន្រ្តី ព្រោះវាជានីតិវិធី ធម្មតាបង់ប្រាក់។ ហើយជារឿងផ្ទាល់ខ្លួនមិនពាក់ព័ន្ធនឹងផ្លូវច្បាប់កុំឲ្យគេថា អាងជានាយករដ្ឋ មន្រ្តីយកកូន គេទៅឃុំ”។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា សំណាងហើយដែលអង្គរក្សមិនបាញ់សម្លាប់ព្រោះមាន រឿងខ្លះដាក់គ្រាប់បែកអត្តឃាតជាច្រើនករណី។សម្តេចថា ពាក់ព័ន្ធនឹងករណីនេះដែរ មានស្រ្តីម្នាក់ជិះរថយន្តជិតសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ប៉ារ៉ាក់ អូប៉ាម៉ា ប៉ូលីសបាន ហៅឲ្យឈប់ប៉ុន្តែមិនព្រមឈប់បាញ់ក៏សម្លាប់ចោលតែម្តង។

សម្តេចបន្តថា អង្គរក្សទាំងពីរនាក់ដែលត្រូវរងរបួសដោយ សាររថយន្តនោះ បានបែកប្រអប់ជើង ហើយបច្ចុប្បន្នកំពុងសម្រាក់ ព្យាបាលនៅមន្ទីរ ពេទ្យកាល់ម៉ែត្រ។

សូមបញ្ជាក់ថា កាលពីម៉ោង ២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ កន្លងទៅ នេះ នារីស្រស់សោភា អ៊ុង កុលហ្សានិច អាយុ២៦ឆ្នាំ រួមនិងមិត្តភក្តិ២ រូបផ្សេងទៀត ដែលផឹកស៊ីស្រវឹងជោកជាំ បានបើករថយន្ត BMW ស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-1113 យ៉ាងលឿន តាមបណ្តោយ ផ្លូវលេខ២៦៨ ក្នុងទិសដៅ ពីកើតទៅលិច បណ្តាលឱ្យរ៉េពេញផ្លូវ ហើយជ្រុលទៅបុកអង្គរក្ស ដែលឈរយាមនៅ ខាងមុខភូមិគ្រឹះសម្តេចនាយករដ្ឋមន្រ្តី បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់ ក្នុងនោះមានថ្នាក់ផ្កាយ ២នាក់ ព្រមទាំង ជ្រុលទៅបុកដើមឈើបាក់អស់មួយដើម និង បន្តជ្រុលបុករះម៉ូតូចំនួន ៤គ្រឿងទៀតផង។

នារី អ៊ុង កុលហ្សានិច គឺជាអ្នករកស៊ីលក់រថយន្ត BMW ត្រូវបានសមត្ថកិច្ចចោទប្រកាន់ ៣ករណី រួមមាន បើកបរ ក្នុងស្ថានភាពស្រវឹង ធ្វើឱ្យខូចខាត ទ្រព្យសម្បត្តិសាធារណៈ និង បង្ករបួសស្នាម៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល