ភ្នំពេញៈ ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ នាំទៅរៀបការជាបុរសជនជាតិចិន នៅខេត្តជាងស៊ី ប្រទេសចិន ចំនួន៥នាក់ នឹងត្រូវបញ្ជូន ត្រឡប់មកដល់កម្ពុជាវិញនៅម៉ោង៣រសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានប្រកាសឲ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥នេះថា ស្ត្រីខ្មែរទាំង៥រូប ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ សហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះ បានកាលពីពេលថ្មីៗនេះ។

លោកបានបញ្ជាក់ឲ្យដឹងថា ស្រ្តីដែលរងគ្រោះនោះរួមមាន៖ ១ ឈ្មោះ ស្រ៊ុន ស៊ាម មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ២ ឈ្មោះ ធឿន ស៊ីនេត មានស្រុកកំណើតនៅភូមិសាឡុង ឃុំថ្មី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ៣ ឈ្មោះ ជិន ចិន្តា មានស្រុកកំណើតនៅភូមិត្រពាំងខ្លា ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ៤ ឈ្មោះ ណា ស៊ីណា មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល និងទី៥ ឈ្មោះ សុខ លីដា មានស្រុកកំណើតស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិបានអំពាវ នាវដល់ពលរដ្ឋខ្មែរ ជាពិសេសនារីខ្មែរ ដែលជាជនងាយរងគ្រោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យចាញ់បោកតាម ការអូសទាញ បញ្ចុះបញ្ជូលពីសំណាក់មេខ្យល់ ដែលប៉ុនប៉ង នាំទៅធ្វើការ ឬទៅរៀបការជាមួយបុរសជនជាតិនៅប្រទេសចិន ជាមួយការសន្យាកុហក ឬជាថ្នូរនិងលាភសក្ការៈផ្សេងៗ។

លោកកុយ គួង បានបញ្ជាក់ថា កន្លងមកក្រសួង ក៏ដូចជាស្ថានទូត និងស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំបរទេស ជាពិសេសប្រទេសចិន បានទទួលពាក្យបណ្តឹងយ៉ាងច្រើនពីជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ហើយក្រសួង រួមជាមួយស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា បាននឹងកំពុងជួយសង្គ្រោះនារីខ្មែររងគ្រោះ ទាំងនោះមកកម្ពុជា វិញជាបន្តបន្ទាប់។

ជាការកត់សម្គាល់ នារីខ្មែរជាច្រើននាក់ តែងតែបានរងគ្រោះដោយចាញ់បោកមេខ្យល់នាំទៅ រៀបការនៅប្រទេសចិន ក៏ដូចជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីជាដើម ទោះបីមានការ ផ្សព្វផ្សាយ និងការចាប់ជនល្មើស ជាច្រើនករណី យ៉ាងណាក្តី តែករណីជួញដូរនេះ គេនៅតែសង្កេតឃើញកើតមានច្រើនករណីដដែល៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល